ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បង្ហាញ​ពី​ហានិភ័យ​នៃ​វិស័យ​សំណង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កំណើន​ខ្ពស់ និង​អូស​បន្លាយ​យូរ​ឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​ចាប់តាំងពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០០៨​មក វិស័យ​នេះ​មាន​សន្ទុះ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ ដោយ​មិន​មានការ​ថមថយ​ឡើយ ។ ទោះ​យ៉ាងនេះ​ក្ដី…

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កំណើន​ខ្ពស់ និង​អូស​បន្លាយ​យូរ​ឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​ចាប់តាំងពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០០៨​មក វិស័យ​នេះ​មាន​សន្ទុះ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ ដោយ​មិន​មានការ​ថមថយ​ឡើយ ។

ទោះ​យ៉ាងនេះ​ក្ដី ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា ការ​កើនឡើង​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​លឿន​ពេក អាច​ធ្វើ​ឲ្យ​តម្លៃ​អចលន​ព្រ​ទ្យ​កើនឡើង​ហួស​ពី​តម្រូវការ​ជាក់ស្ដែង ដែល​អាច​ជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ និង​ជំនឿ​ទុកចិត្ត​ពី​វិនិយោគិន ខណៈ​កំណើន​ឥណទាន​ក្នុង​វិស័យ​នេះ​មាន​កម្រិត​ខ្ពស់ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា កំណើន​វិស័យ​សំណង់​បាន​រួមចំណែក​ប្រមាណ​១​ភាគ​៥​ក្នុង​កំណើនសេដ្ឋកិច្ច ដែល​បង្ហាញ​ពី​ការ​ពឹងផ្អែក​កាន់តែ​ខ្លាំង​នៃ​កំណើនសេដ្ឋកិច្ច​លើ​វិស័យ​នេះ ដែល​ជា​ទូទៅ​វិស័យ​សំណង់​មាន​វដ្ដ​នៃ​ការ​អភិវឌ្ឍ ធ្វើ​ឲ្យ​វិស័យ​នេះ​អាច​កើនឡើង និង​ថយ​មក​វិញ នៅ​ពេល​ដែល​មាន​គម្រោង​សំណង់​ធំ​ៗ​ត្រូវ​បាន​បញ្ចប់ ។
សេចក្ដី​ប្រកាស​ដដែល​បាន​សង្កត់ធ្ងន់​ថា កំណើន​ឥណទាន​ទៅ​កាន់​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​តែ​បន្ត​មាន​កម្រិត​ខ្ពស់​នៅឡើយ ក្នុង​អត្រា​ប្រមាណ​៣១​ភាគរយ ហើយ​ការ​កើនឡើង​ល្បឿន​នៃ​វិស័យ​សំណង់​និង​អចលនទ្រព្យ អាច​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ហួស​ពី​តម្រូវការ​ជាក់ស្ដែង និង​អាច​ជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ និង​ជំនឿ​ទុកចិត្ត​វិនិយោគិន​ផង​ដែរ ។

ដោយឡែក សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា លោក លី សូ​ដេ​ត ក៏​បាន​លើក​ឡើង​កាលពី​ខែ​មុន​នេះ​ថា​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​លើ​ពិភពលោក តែងតែមាន​វដ្ដ​របស់​វា ហើយ​វិស័យ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​បាន​កើន​ឡើងជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដូច្នេះ វា​នឹង​មាន​វដ្ដ​ពេល​ណា​នោះ គ្មាន​អ្នក​ណា​អាច​ដឹង​បាន​ឡើយ តែ​យ៉ាងណា វិនិយោគិន និង​រាជរដ្ឋាភិបាល ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ធ្ងន់​ដល់​សេដ្ឋកិច្ច​កម្ពុជា ។

លោក​បាន​ថ្លែង​ថា ៖« ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក វិស័យ​សំណង់​និង​អចលនទ្រព្យ បាន​កើនឡើង​រហូត ដូច្នេះ​កំណើន​នេះ​មិន​ប្រាកដ​ថា វា​នឹង​កើនឡើង​បន្ត​ទៀត​រហូត​នោះ​ទេ ព្រោះ​វិស័យ​សំណង់ និង​អចលនទ្រព្យ តែងតែ​ឆ្លងកាត់​នូវ​ខួប​របស់​វា មាន​ន័យ​ថា នៅ​ពេល​វា​ឡើង​ដល់​ចំណុចកំពូល វា​នឹង​ធ្លាក់​ចុះ​មក​វិញ តែ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា វា​ដល់​កំពូល​នៅ​ពេល​ណា​នោះ​ទេ ហើយ​សម្រាប់​បច្ចុប្បន្ន​នេះ តម្លៃ​អចលនទ្រព្យ និង​សំណង់​ក៏​កំពុង​តែ​មាន​កំណើន​ខ្លាំង ដែល​ធ្វើ​ឲ្យ​ការ​ទទួល​កម្ចី​ពី​ធនាគារ កាន់តែ​ច្រើន និង​អាច​មាន​ហានិភ័យ​កាន់តែ​ខ្ពស់ ដូច្នេះ​ត្រូវ​ការពារ​ឲ្យ​បាន​នូវ​សុខភាព​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ការពារ​បញ្ហា​សេដ្ឋ កិច្ច » ។ ទោះបីជា​មានការ​លើក​ឡើង​បែប នេះ​ក្ដី តែ​អ្នក​ប្រតិបត្តិ​ផ្ទាល់​ក្នុង​វិស័យ​នេះ មាន​សុទិដ្ឋិនិយម​ថា វា​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន និង​កំពុង​តែ​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ ពិសេស​នៅ​រាជធានី ភ្នំពេញ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៤ មក​រា ម្សិលមិញ​ថា ក្នុង​ឆ្នាំ​២០១៩ វិស័យ​អចលនទ្រព្យ​នៅ​តែ​ជា​សញ្ញាណ​ល្អ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ លោក​ថា ៖« បើ​និយាយ​ពី​សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ប្រទេស​កម្ពុជា​កម្ពុជា ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រទេស​មួយ​ដែល​មានការ​អភិវឌ្ឍ​លឿន ក្នុង​នោះ​យើង​ឃើញ​ថា​សន្ទុះ​កំណើនសេដ្ឋកិច្ច​បាន​រក្សា​ក្នុង​រង្វង់​មួយ​ថេរ ហើយ​មួយ​ភាគ​ក៏​បាន​មក​ពី​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដែរ »​។
ដូច​គ្នា​នេះ​ដែរ លោក ហ៊ឹ​ម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Vtrust Appraisal បាន​ឲ្យ​ដឹង​កាលពី​ចុងខែ​ធ្នូ កន្លង​មក​ថា ៖« គេ​ថា​វិស័យ​អចលនទ្រព្យ នឹង​មាន​បញ្ហា តែបើ​មើល​ទិដ្ឋិ​ភាព​ជាក់ស្ដែង​វិញ វា​ដូច​ជា​គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ ពោល​គឺ​វិស័យ​នេះ​នៅ​តែ​ដំណើរការ​ល្អ និង​មានការ​បណ្ដាក់ទុន​វិនិយោគ​ជា​បន្តបន្ទាប់​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក ដូច្នេះ​ខ្ញុំ​គិត​ថា វា​នៅ​តែ​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ »​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ឆ្នាំ​២០១៨ ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ មាន​ចំនួន​៥.២២៩​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន​១១.៤២៧.១៩០​ម៉ែត្រក្រឡា និង​ទទួល​បាន​គម្រោង​សាងសង់​ចំនួន​២.៨៦៧​គម្រោង បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មានការ​ថយ​ចុះ​ប្រមាណ​១៨,៦៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ