ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ថ្មី តម្លៃ​ភ្លើង​តាម​ផ្សារ​របស់​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ចុះថ្លៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​អាជីវករ​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​អាជ្ញាធរ​អគ្គិសនី​(EDC) បាន​កោះ​អញ្ជើញ​សេវាករ​ដែល​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន មក​ប្រជុំ និង​កំណត់​តម្លៃ​ជា​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ សម្រាប់​តម្លៃ​អគ្គិសនី​នៅ​តាម​ផ្សារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ក្នុង​ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​អាជីវករ​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​អាជ្ញាធរ​អគ្គិសនី​(EDC) បាន​កោះ​អញ្ជើញ​សេវាករ​ដែល​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន មក​ប្រជុំ និង​កំណត់​តម្លៃ​ជា​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

សម្រាប់​តម្លៃ​អគ្គិសនី​នៅ​តាម​ផ្សារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ក្នុង​ឆ្នាំ​២០១៩​នេះ ពោល​គឺ​ចាប់ពី​ខែមករា​នេះ​តទៅ តម្លៃ​អគ្គិសនី នឹង​កំណត់​ត្រឹមតែ​៧៤០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូវ៉ាត់ម៉ោង ហើយ​ក៏​មានការ​ឯកភាព​ពី​សេវាករ​អគ្គិសនី​ទាំងអស់​ផង​ដែរ ។

លោក យឹ​ម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី បាន​ថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មក​រា ម្សិលមិញ នៅ​អាជ្ញាធរ​អគ្គិសនី ថា ជំហាន​ដំបូង​របស់​អាជ្ញាធរ​អគ្គិសនី គឺ​កំណត់​តម្លៃ​អគ្គិសនី​នៅ​តាម​ផ្សារ​សាធារណៈ​របស់​រដ្ឋ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ និង​បាន​ត​ភ្ជាប់​អគ្គិសនី​ពី​ប្រភព​របស់​អគ្គិសនី ហើយ​នៅ​ជំហាន​បន្តបន្ទាប់ នឹង​អនុវត្ត​នៅ​តាម​ផ្សារ​ឯកជន​នានា​នៅ​រាជធានី​ភ្នំពេញ និង​ឈាន​ទៅ​អនុវត្ត​នៅ​ផ្សារ​នានា​តាម​បណ្ដា​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ៖« វិធានការ​តម្លៃ​អគ្គិសនី​នៅ​តាម​ផ្សារ​សម្រាប់​ឆ្នាំ​ថ្មី​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ដើម​ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ មាន​ន័យ​ថា វិក្កយបត្រ​ដែល​នឹង​ចេញ​នៅ​ចុង​ខែមករា គឺ​តម្លៃ​ត្រូវ​តែ​ថ្មី និង​ស្រប​ទៅ​តាម​ការ​កំណត់​របស់​អគ្គិសនី​កម្ពុជា ហើយ​បើសិនជា​មាន​ករណី​មិន​ប្រក្រតី ឬ​តម្លៃលើស​ពី​អ្វី​ដែល​យើង​បាន​កំណត់ យើង​នឹង​ហៅ​សេវាករ អ្នក​រកស៊ី​ខាង​អគ្គិសនី​មក​សួរ និង​អាច​ឈាន​ទៅ​រក​ការ​ពិន័យ​ផង​ដែរ »​។

លោក​បន្ត​ថា តម្លៃ​ថ្មី​ដែល​អាជ្ញាធរ​អគ្គិសនី បាន​កំណត់​និង​ដាក់​ឲ្យ​អនុវត្ត​នេះ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ខាតបង់​របស់​សេវាករ អ្នក​ផ្គត់ផ្គង់​អគ្គិសនី​បន្ត​ទៅ​អាជីវករ​ឡើយ ព្រោះ​អាជ្ញាធរ​បាន​គិតគូរ​លម្អិត និង​បាន​ផ្ដល់​ប្រយោជន៍​ដល់​សេវាករ​នូវ​ប្រាក់​ចំណេញ​មួយ​ដែល​អាច​ទទួលយក​បាន ។ ម្យ៉ាងទៀត ការ​កំណត់​តម្លៃ​ថ្មី​នេះ​ដែរ​ក៏​នឹង​ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ពេញចិត្ត​នូវ​អ្វី​ដែល​កាដូ​ឆ្នាំ​ថ្មី​ពី​រាជរដ្ឋាភិបាល ។

លោក​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​ចាស់​កន្លង​ទៅ តម្លៃ​អគ្គិសនី​នៅ​តាម​ផ្សារ​សាធារណៈ​នានា​នៅ​រាជធានី​ភ្នំពេញ ពុំ​មាន​តម្លៃ​ស្តង់ដា​ណាមួយ​នោះ​ឡើយ ពោល​គឺ​អាស្រ័យ​ទៅ​លើ​សេវាករ ជា​អ្នក​កំណត់ ដោយ​ក្នុង​នោះ​មាន​ផ្សារ​ខ្លះ​តម្លៃ​សមរម្យ​ទាប​ជាង​១.០០០​រៀល តែ​មាន​ផ្សារ​ខ្លះ​ទៀត អាជីវករ​ត្រូវ​បង់ថ្លៃ​ភ្លើង​ដល់​ទៅ​ជិត​២.០០០​រៀល​ឯណោះ​ក្នុង​១​គីឡូវ៉ាត់ម៉ោង ដែល​ធ្វើ​ឲ្យ​អាជីវករ​មិន​ពេញចិត្ត និង​មានការ​រអ៊ូរទាំ​ច្រើន ពី​បញ្ហា​នេះ ។ លោក​ថា ៖« កន្លង​មក​ស្ទើរតែ​គ្រប់​ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ថ្លៃ​មួយ​ដែល​មិន​មាន​គោលការណ៍​ច្បាស់លាស់​និង​កំណត់​ពី​អាជ្ញាធរ​នោះ​ទេ ។ តាម​ការ​ស្រង់​មតិ​របស់​យើង​ឃើញ​ថា មាន​ផ្សារ​ខ្លះ​យក​ថ្លៃ​ខ្ពស់​ពេក​រហូត​ដល់​ជិត​២.០០០​រៀល ដូច្នេះ​ហើយ ចាប់ពី​ខែ​នេះ​តទៅ នឹង​មាន​តម្លៃ​តែ​មួយ​គឺ ៧៤០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង » ។

យោង​តាម​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​វា​រី​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង កាលពី​ពេល​ថ្មី​ៗ​នេះ តម្លៃ​អគ្គិសនី​នៅ​តាម​គេហដ្ឋាន​នានា​ទូ​ទាំង​ប្រទេស​ដែល​ត​ភ្ជាប់​អគ្គិសនី​ពី​ប្រភព​បណ្ដាញ​ជាតិ បើ​ប្រើ​ចាប់ពី​១​គីឡូវ៉ាត់ម៉ោង​ដល់​១០​គីឡូវ៉ាត់ម៉ោង នឹង​បញ្ចុះ​នៅ​ត្រឹម​៣៨០​រៀល​, ចាប់ពី​១១​គីឡូវ៉ាតម៉ោង​ដល់​៥០​គីឡូវ៉ាត់ម៉ោង តម្លៃ​៤៨០​រៀល​, ពី​៥១​ទៅ​២០០​គីឡូវ៉ាត់ម៉ោង តម្លៃ​៦១០​រៀល និង​ប្រើ​លើស​ពី​២០០​គីឡូវ៉ាត់ម៉ោង​ឡើង​ទៅ​នឹង​មាន​តម្លៃ​៧៤០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ តម្លៃ​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្តន៍​ចាប់ពី​ខែមករា ឆ្នាំ ២០១៩​នេះ​តទៅ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​អាជ្ញា​អគ្គិសនី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ពី​ប្រភព​ផ្សេង​ៗ​ដូច​ជា វា​រី​អគ្គិសនី រោងចក្រ​ក​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ (​សូ​ឡា​), ប្រភព​អគ្គិសនី​ពី​រោងចក្រ​ជីវម៉ាស់​, ប្រេង​ខ្មៅ និង​ប្រភព​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មួយ​ចំនួន​តូច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ