ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់បានបើករថយន្តកាមរីហើម ពណ៌សរមួយគ្រឿងចូលទៅលួចជ័រកៅស៊ូនៅក្រុមហ៊ុនម៉ាងយ៉ាង ហើយចតទុកចោលរត់គេចខ្លួនបាត់ ខណៈដែលកម្មករជិះម៉ូតូដេញតាមស្ទាក់ ។
ករណីចោរកម្មលួចដឹកជ័រកៅស៊ូតាមរថយន្តនោះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំនុចក្រុមហ៊ុនម៉ាងយ៉ាង ក្នុងស្រុកវើនសៃ ខេត្តរតនគិរី ។
ប្រភពបានឱ្យដឹងថា ខណៈពេលដែលរថយន្តនោះចូលទៅលួចដឹកជ័រកៅស៊ូនោះចេញកម្មករបានឃើញហើយក៏ជិះម៉ូតូដេញតាម ។ លុះចេញដល់ផ្លូវធំ ស្ថិតក្នុងឃុំកាឡៃ ស្រុកអូរជុំ កម្មករក៏បានទាក់ទងទៅនាយប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីឱ្យជួយស្ទាក់រថយន្តដឹកជ័រកៅស៊ូនោះផង ។ តែលុះតាមដល់ចំការចន្ទីមួយកន្លែង ក៏ស្រាប់តែបានប្រទះឃើញរថយន្ត ពណ៌សមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ 2D- 9736 ចតទុកចោលនៅទីនោះ ឯជនសង្ស័យអ្នកបើកបរបានរត់គេចខ្លួនបាត់ទៅហើយ ។
នៅពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំកាឡៃ ក៏បានយករថយន្តនោះទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំកាឡៃបណ្តោះអាសន្ន ។ រហូតដល់វេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាន ស្រុកវើនសៃ បានទៅទទួលយករថយន្តមួយគ្រឿងនោះនិងជ័រកៅស៊ូ១១ការ៉ុង ស្មើនឹង៧៦៣kg ពីប៉ុស្តិ៍រដ្ឋបាលឃុំកាឡៃយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ៕
ចែករំលែកព័តមាននេះ