ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​28​ម៉ឺន​នាក់​រីករាយ​ឆ្លង​ឆ្នាំ​នៅ​សៀម​រាប ឯ​ខេត្តកំពង់ឆ្នាំង​វិញ​អាជ្ញាធរ​ឈឺក្បាល​​រឿង​សំរាម

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖​បើ​យោង​តាម​របាយ ការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សាកល ឆ្នាំ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​២៩ ដល់​ថ្ងៃ​៣១ ខែ​ធ្នាំ ២០១៨​នៅ​ខេត្តសៀមរាប​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​កម្សាន្ត​សប្បាយ…

ខេត្តសៀមរាប ៖​បើ​យោង​តាម​របាយ ការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សាកល ឆ្នាំ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​២៩ ដល់​ថ្ងៃ​៣១ ខែ​ធ្នាំ ២០១៨​នៅ​ខេត្តសៀមរាប​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​កម្សាន្ត​សប្បាយ ប្រមាណ​២៨៤​ពាន់​៣១​នាក់ កើនឡើង​៧,៩៦% បើ​ធៀប​ទៅ​នឹង​កាលពី​ឆ្នាំ​២០១៧ ។ ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៣៤​ពាន់​៣១​នាក់​កើនឡើង​២,៨៦%​ភ្ញៀវ ទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​២៥​ម៉ឺន​នាក់​កើនឡើង​៨,៧០% ​។

លោក ​ទៀ សីហា អភិបាលខេត្ត​សៀមរាប​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០១៨​ចូល​២០១៩​នេះ​អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន នៅ​តាម​សណ្ឋាគារ នៅ​សួនច្បារ​មុខ​ព្រះរាជ​ដំណាក់ និង​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី តំបន់​អង្គរ​-​ឃ្យុ​ង​យូ នៅ​ផ្សារ​កុងតឺន័រ ។

កន្លែង​ដែល​ភ្ញៀវ​សម្រុក​ទៅ​សប្បាយ​ច្រើន​ជាងគេ​គឺ​នៅ​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី ជា​ពិសេស នៅ​សួនច្បារ​ខាងជើង​ព្រះរាជ​ដំណាក់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត ។ ចំណែក​សន្តិសុខ​វិញ អាជ្ញាធរ បាន​ដាក់​ពង្រាយ​សមត្ថកិច្ច​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ។

លោក ​ទៀ សីហា ថ្លែង​ថា ដោយសារ​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​បាន​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ និង​ខួប​២០​ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដូច្នេះ​អាជ្ញាធរ​ខេត្តសៀម​រាប​បាន​រៀប​ពិធី​អបអរសាទរ​នេះ​ក្នុង​ឱកាស​រាត្រី​ឆ្លង​ឆ្នាំ​នេះ​ដែរ ដោយ​មានការ​រៀបចំ​ឱ្យ​មាន​រាំ​លេង​កម្សាន្ត​សប្បាយ​នៅ​សួរ​ច្បា​មុខ​ព្រះរាជ​ដំណាក់ ។ រីឯ​តម្លៃផ្សេង​ៗ​ដូច​ជា​សណ្ឋាគារ ម្ហូប អាហារ ក៏​មិន​មានការ​ឡើងថ្លៃ​ហួសហេតុ​ដែរ ពីព្រោះ​ក្រុម​មន្ត្រី​ជំនាញ​បាន​ទៅ​ផ្សព្វផ្សាយ ណែ នាំ​អាជីវករ ។

ដោយឡែក​នៅ​ខេត្តកំពង់ឆ្នាំង​ឯណោះ​វិញ​ប្រជាពលរដ្ឋ ចូលរួម​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ក្នុង​ក្រុង​កំពង់ឆ្នាំង ជាង​២​ម៉ឺន​នាក់ ។ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៨ ចូល​២០១៩ មាន​ប្រជាពលរដ្ឋ​ច្រើន​ហួសការ​ស្មាន​ចូលរួម​សប្បាយ​ទាំងអស់​គ្នា​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ដែល​ស្ទើរ​ត​មានការ​ស្ទះចរាចរណ៍​នៅ​ម្ដុំ​សួនច្បារ​វិមាន​ឯករាជ្យ ក៏​ដូច​ជា​សួន​កម្សាន្ត​មុខ​សាលាខេត្ត ។

ទោះជា​យ៉ាងណា​ក្តីនា​ព្រឹក​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ២០១៩ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី គេ​ឃើញ​គំនរ​សំរាម​ដេរដាស នៅ​តាម​ទី​កម្សាន្ត​នានា មាន​សួនច្បារ​វិមាន​ឯករាជ្យ និង​នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​ជាដើម ។ នេះ​អាច​បញ្ជាក់​បាន​ថា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត នៅ​មិន​ទាន់​យល់​ដឹង និង​ចូលរួម​ថែរក្សា​បរិស្ថាន​ទេ ។

មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ឲ្យ​ដឹង​ថា​អ្នកចូលរួម​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ប្រមាណ​ជាង​២​ម៉ឺន​នាក់​នោះ​កម្សាន្ត​តាម​សួន​នានា មាន​ដូច​ជា​នៅ​សួ​នក​ង្រី សួន​វិមាន​ឯករាជ្យ សួន​មុខ​សាលាខេត្ត និង​សួន​និមិត្តសញ្ញា​ឆ្នាំងដី នៅ​ភូមិ​ទួល​ក្រឡាញ់​ជាដើម ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​អង្គុយ​ហូប​ចុក រហូត​ដល់​ម៉ោង​១២ អធ្រាត្រ ដើម្បី​ឆ្លង​ឆ្នាំ ។ ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​គឺ សំរាម​រាយ​ប៉ាយ​តាម​សួន​នានា គ្រប់​ទីកន្លែង ដែល​អាច​បញ្ជាក់​បាន​ថា​ប្រជាពលរដ្ឋ​នៅ​មិន​បាន​ចូលរួម​ក្នុង​ការ​សំអាត​ទីក្រុង​នៅឡើយ​នោះ​ទេ ។ ប៉ុន្តែ​មាន​មួយ​ចំនួន​បាន​យក​សំរាម​ទៅ​ដាក់​ក្នុង​ធុង ។

លោក ​យិ​ន សា​វ៉េ​ន អភិបាល​អភិបាលក្រុង​កំពង់ឆ្នាំង​ថ្លែង​ថា​៖«​ខ្ញុំ​ឈឺក្បាល​ខ្លាំង​ណាស់ រឿង​សំរាម​ដែល​ប្រជាពលរដ្ឋ​យើង​ខ្វះ​ការ​យល់​ដឹង ខណៈ​ដែល​ខ្ញុំ​ឃើញ​សំរាម​ចោល​ពាស​វាល​ពាស​កាល​ពេញ​សួនច្បារ​បែប​នេះ ដែល​អាច​បញ្ជាក់​បាន​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត និង​ក្រុង​កំពង់ឆ្នាំង​មិន​ទាន់​មានការ​យល់​ដឹង​ខ្ពស់​អំពី​បញ្ហា​សំរាម​នៅឡើយ ។ មាន​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ប្រមូល​សំរាម​ច្រក​ថង់​ដាក់​តាម​គល់ឈើ និង​ដាក់​តាម ធុងសំរាម ដើម្បី​ឱ្យ​អ្នក​ប្រមូល​សំរាម​ងាយស្រួល​ប្រមូល​ដឹក​យក​ទៅ​បោះចោល» ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​យល់​ថា បើ​ផ្ទះ​យើង​ស្អាត រមណីយដ្ឋាន​យើង​ស្អាត សួនច្បារ​យើង​ស្អាត និង​ទីក្រុង​យើង​ស្អាត នោះ​ភ្ញៀវ​ទេសចរ​នឹង​មក​លេង​កម្សាន្ត​ច្រើន និង​ជា​កិ​តិ្ត​យស​របស់​ប្រជាពលរដ្ឋ របស់​ថ្នាក់ដឹកនាំ ក្រោយ​ពេល​ភ្ញៀវ​គេ​ត្រឡប់​ទៅ​វិញ គេ​សរសើរ​ថា «​អ្នក​ខេត្តកំពង់ឆ្នាំង​ពិតជា​មាន​អនាម័យ​ល្អ​មែន​»​ជា​ពុំខាន​» ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ