ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទន​ភាពណាស់! ទើប​តែបង្កើតដំបូង​មែន​​ពិត តែ​អាច​ទាញ​យក​អន្តរជាតិ​ក្រឡេក​មើល​​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដ្បិតថា​ទើបតែ​បង្កើត​ឡើងជា​លើក​ដំបូង​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​អបអរ​ឆ្លង​ឆ្នាំ ប៉ុន្តែ​គេ​កត់​សម្គាល់ថា ​ព្រឹត្តិការណ៍ Khmer Fight ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ ដ្បិតថា​ទើបតែ​បង្កើត​ឡើងជា​លើក​ដំបូង​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​អបអរ​ឆ្លង​ឆ្នាំ ប៉ុន្តែ​គេ​កត់​សម្គាល់ថា ​ព្រឹត្តិការណ៍ Khmer Fight ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

គណៈកម្មការ​រៀបចំ​បាន​អះអាង​ថា នៅ​ថ្ងៃ​អនាគត​ខ្លួន​នឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ ក្លាយជា​ព្រឹត្តិការណ៍​ដែល​មាន​អន្តរជាតិ​ទទួលស្គាល់ ដូច​គ្នា​នឹង​ព្រឹត្តិការណ៍ Thai Fight ដែល​មាន​បណ្ដា​ប្រទេស​ភាគច្រើន​បាន​ស្គាល់ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា អន្តរជាតិ​មួយ​ចំនួន​បាន​ចោទប្រកាន់​ថា​ខ្មែរ​បាន​លួច​កម្មវិធី​របស់​ប្រទេស​ជិតខាង​យក​មក​ធ្វើ ប៉ុន្តែ​នៅ​ពីក្រោយ​ការ​លើក​ឡើង​នេះ ក៏​ចាប់ផ្ដើម​មានការ​ទទួល​ស្គាល់​ថា​ខ្មែរ​ពិតជា​មាន​ក្បាច់គុន​ដើម​របស់​ខ្លួន និង​គួរតែ​ធ្វើ​ព្រឹត្តិការណ៍​មួយ​នេះ​ឱ្យ​ល្បី​ជាង​ប្រទេស​ជិតខាង ដែល​ទើបតែ​មាន​ប្រដាល់​ក្រោយ​ខ្មែរ​សោះ​នោះ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ពី​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍ Khmer Fight បន្ទាប់​ពី​ការ​ប្រកួត​មួយ​នេះ​បាន​ដំណើរការ​រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា តាំងពី​ថ្ងៃ​ទី​២៨ ធ្នូ និង​បញ្ចប់​នៅ​ថ្ងៃ​ដំណាច់ឆ្នាំ​ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ ។ នេះ​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ដែល​ប៉ុស្ដិ៍​លេខ​៥​ទទួល​បាន​សិទ្ធិ​រៀបចំ ដោយ​ការ​ប្រកួត​ទាំងមូល គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍ Thai Fight ដែល​ថៃ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​របស់​ខ្លួន​ដូច​គ្នា តែ​កម្ពុជា​ចេញ​ធ្វើ​លើក​ដំបូង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ជាង ដោយសារ​តែ​ក្បាច់គុន​គឺជា​ក្បាច់គុន​ដើម​របស់​ខ្មែរ ដែល​មិន​បាន​ចម្លង​ពី​ជាតិ​សាសន៍​ណា​មួយ។

លោក​ថា កីឡាករ​បរទេស និង​កម្ពុជា​ដែល​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​ៗ ត្រូវ​បាន​គណៈកម្មការ Khmer Fight អញ្ជើញ​ឱ្យមក​ប្រកួត ដោយ​កីឡាករ​ទាំងនោះ​មាន​រហូត​ដល់​១៤​ប្រទេស ។ ព្រឹត្តិការណ៍​ត្រូវ​បាន​គេ​លើក​ឡើង​ថា កក្រើក​មិន​ចាញ់​ព្រឹត្តិ ការណ៍ Thai Fight ដែល​ល្បី​ជា​យូរ​មក​ហើយ​នោះ​ទេ ដោយ​សូ​ម្បី​វត្តមាន​របស់​កីឡាករ បរទេស​ក៏​មាន​សមត្ថ​ភាពល្អ​ៗ ។ អ្នកគាំទ្រ​ការ ប្រដាល់​បាន​អះអាង​ថា ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ផ្ទុះ​កក្រើក​ក្នុង​ស្រទាប់​មហាជន ជា​ពិសេស​ក្នុង​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ​៣១ ធ្នូ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ ដោយសារ​តែ​មាន​អ្នក​ទស្សនា​កក​ក្ដាំង​ដល់​ថ្នាក់​រក​កន្លែង​ឈរ​ទស្សនា​មិន​ចង់​ឃើញ​។

លោក​ថា ព្រឹត្តិការណ៍ Khmer Fight ជា​ជំនួប​កីឡាករ​កម្ពុជា និង​បរទេស លើក​ទី​១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជា​អ្នក​រៀបចំ ខណៈ​ដែល​ការ​ប្រកួត​នេះ គឺ​មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធសាធ​តាំងពី​គូ​ទី​១​ដោយ​កីឡាករ​ម្នាក់​ក៏​ទទួល​បាន​មេដាយ​កិត្តិយស​បន្ថែម​ពីលើ​តម្លៃ​ខ្លួន ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រកួត​ប្រកាស​ថា​នឹង​រៀបចំ​ជា​លើក​ទី​២​ក្នុង​ពេល​ឆាប់​ៗ ប៉ុន្តែ​មិន​ទាន់​មាន​គម្រោង​រៀបចំ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ ដូច​គ្នា​នឹង​ព្រឹត្តិការណ៍ Thai Fight នោះ​ទេ ដោយ​គ្រោង​រៀបចំ​នៅ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន​ជា​មុន​សិន រង់ចាំ​ទាល់តែ​ទទួល​បាន​ជោគជ័យ ទើប​ពិចារណា​រឿង​រៀបចំ​នៅ​ក្រៅប្រទេស ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ ។

យ៉ាងណាមិញ មានការ​ទទួលស្គាល់​ថាបើ​ទោះជា​ការ​ប្រកួត​មួយ​នេះ នៅ​មិន​ទាន់​មាន​លទ្ធភាព​រៀបចំ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្រៅពី​កម្ពុជា ប៉ុន្តែ​ផ្អែក​តាម​វត្តមាន​កីឡាករ​បរទេស​ច្រើន​នាក់​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្បាច់គុន​ខ្មែរ​ដែល​ជា​ម្ចាស់​ដើម ត្រូវ​បាន​គេ​ងាក​មើល ដោយ​ខុស​ពី​ពេល​មុន គឺ​ក្បាច់គុន​បុរាណ​ខ្មែរ​មាន​តែ​ប្រទេស​ជិតខាង និង​ពលរដ្ឋ​របស់​ខ្លួន​ដឹង​ឮ​។

កីឡាករ​បរទេស​ដែល​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Khmer Fight ទាំង​៤​ថ្ងៃ​នោះ រួម​មាន​កីឡាករ​ជនជាតិ​វៀតណាម ជនជាតិ​អុ​ី​រង់ ឥណ្ឌា ឡាវ ថៃ បារាំង អឺរ៉ុប និង​ទុ​យ​នេ​ស៊ី​ជាដើម សរុប​ចំនួន​១៤​ប្រទេស ដោយ​ត្រូវ​ប្រកួត​ជា​២​ប្រភេទ គឺ​ប្រភេទ​ពាក់កណ្ដាល​អាជីព ដែល​មាន​ពាក់​ឧបករណ៍​ការពារ​ក្នុង​ពេល​វាយ​គ្នា និង​ការ​ប្រកួត​អាជីព​រវាង​កីឡាករ​កម្ពុជា​Grade A និង​កីឡាករ​បរទេស​ខ្លាំង​ៗ​ចម្រុះ​ជាតិ​សាសន៍​។

លោក សេង ក​ដិ​កា បន្ត​ថា កីឡាករ​ដែល​ទទួល​ជ័យជម្នះ​នឹង​ត្រូវ​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ជា​លើក​ទី​២ ប៉ុន្តែ​បើ​ចាញ់​២​ដង នឹង​អស់សិទ្ធិ​ចូលរួម​ប្រកួត​ជា​ថ្មី​ដូច​គ្នា​នឹង​លក្ខខណ្ឌ​របស់​បរទេស​ដែរ ។ លោក​ថា មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដោយ​កម្ពុជា​មិន​មានបទពិសោធន៍​សម្រាប់​ការ​រៀបចំ​ទាល់​តែ​សោះតែ​អាច​រៀបចំ​ឱ្យ​ជោគជ័យ​បាន​នៅ​លើក​ទី​១ ក្នុង​ពេល​ដែល​លោក​គ្រោង​ស្វែងរក​ហិរញ្ញវត្ថុ និង​ការ​គាំទ្រ​ឱ្យ​មានការ​រៀបចំ​ជា​លើក​ទី​២​ក្នុង​ពេល​មិនយូរ ដើម្បី​បើកឱកាស​ឱ្យ​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ជួប​ប្រកួត​គ្នា​ជា​ថ្មី ជា​ពិសេស​ផែនការ​ឱ្យ​កីឡាករ​កម្ពុជា និង​បរទេស​ដែល​ឈ្នះ​ជួប​គ្នា ។

លោក​ថា សរសើរ​សម្រាប់​ការ​ប្រឹងប្រែង​ទាំង​មន្ត្រី​បច្ចេកទេស ទាំង​កីឡាករ និង​បរិយាកាស​ទាំងមូល ដែល​​ជួយ​ឱ្យ​ព្រឹត្តិការណ៍ Khmer Fight ជោគជ័យ​ពេញទំហឹង ជា​ពិសេស​នៅ​ពេល​កីឡាករ​ម្នាក់​ៗ
បើក​ឆាកប្រយុទ្ធ​យ៉ាង​ចាស់ដៃ ដើម្បី​ដណ្ដើម​យក​ប្រជាប្រិយភាព​រៀងខ្លួន ។

លោក​ថា អន្តរជាតិ​ពេល​នេះ ចាប់ផ្ដើម​ងាក​មើល​ក្បាច់គុន​របស់​ខ្មែរ ដោយ​បាន​ទាំង​ចាត់​ទុក​ថា ខ្មែរ​យើង​ដែល​ជា​ម្ចាស់​ដើម​នៅ​ពេល​បើក​ការ​ប្រកួត​គុន​ខ្មែរ​ពិភពលោក គឺ​ដ្បិតថា​មិន​មាន​លទ្ធភាព​ចំណាយ​ខ្ពស់​ដូច​ព្រឹត្តិការណ៍ Thai Fight ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំងមូល​ទទួល​បាន​ជោគជ័យ​មិន​គួរ​ជឿ ក្នុង​រយៈពេល​៤​ថ្ងៃ​ដែល​ទើប​បញ្ចប់​ក្ដៅ​ៗ​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ ។ លោក​ថា ពី​មុន​កាលណា​និយាយ​ពី​ក្បាច់គុន​ប្រដាល់ គេ​ដឹង​ភ្លាម​ថា​គឺជា​របស់​ថៃ ប៉ុន្តែ​ក្រោយ​កម្ពុជា​បង្ហាញខ្លួន​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ គឺ​ពិភពលោក​ចាប់ផ្ដើម​ស្គាល់​ក្បាច់គុន​ខ្មែរ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ