កសិករ​បង្កើន​ការ​ដាំ​អំពៅ ដោយសារ​តម្រូវការ​និង​តម្លៃ​ខ្ពស់

Sponsored

ខេត្តព្រៃវែង ៖ ជា​ការ​កត់សម្គាល់ ផលិតផល​កសិកម្ម​របស់​កសិករ​ស្ទើរ​គ្រប់​ប្រភេទ កាលពី​ឆ្នាំ​២០១៨​ដែល​ទើបតែ​កន្លង​ផុត​នេះ មាន​ទាំង​ទីផ្សារ និង​តម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​កសិករ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​គ្រប់​គ្នា ដោយ​ពុំ​មាន​បាតុភាព​ណាមួយ​កើនឡើង​ឡើយ ហើយ​ពេល​នេះ កំពុង​បង្កើន​ការ​ដាំ​ដុះ ដោយ​រំពឹង​ថា ឆ្នាំ​ថ្មី​នេះ នឹង​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង គឺជា​តំបន់​ដែល​អំណោយផល​ខ្ពស់​ទៅ​លើ​ដំណាំ​អំពៅ ដែល​កសិករ​ភាគច្រើន​ចាប់​យក​ដំណាំ​នេះ​ធ្វើ​ជា​មុខរបរ​ស្នូល​ក្នុង​ការ​រក​ចំណូល​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ។

បើ​តាម​ការ​បញ្ជាក់​ពី​កសិករ​ដាំ​អំពៅ​នៅ​តំបន់​នេះ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​អំពៅ​កំពុង​មាន​ទីផ្សារ​ខ្ពស់ និង​តម្លៃ​ល្អ​ប្រសើរ​ផង​នោះ ពេល​នេះ​កសិករ​កំពុង​តែ​មមាញឹក​ក្នុង​ការ​ដាំ​ដុះ​ឡើង​វិញ ដោយ​រំពឹង​ថា ឆ្នាំ​ថ្មី​នេះ​នឹង​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

លោក ភាន គឿ​ន ជា​កសិករ​ដាំ​អំពៅ​នៅ​ភូមិ​ឃុំ​ជា​ខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ប្រាប់​កោះសន្តិភាព​ថា ក្នុង​ឆ្នាំ​២០១៨ ដំណាំ​អំពៅ​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​តម្លៃ​វិញ ក៏​ថ្លៃ​គួរសម​អាច​ទទួលយក​បាន​ដែរ ។ មិនតែប៉ុណ្ណោះ ឈ្មួញ​ក៏​មិន​សាំញ៉ាំ​ច្រើន ដោយ​មក​ទិញ​ដល់​កន្លែង ដឹក​តាម​រថយន្ដ​យក​ទៅ​លក់​នៅ​ភ្នំពេញ​តែ​ម្តង ។ លោក​បាន​បញ្ជាក់​ថា ៖« ជា​ទូទៅ ដំណាំ​អំពៅ​នេះ យើង​ចាប់ផ្តើម​បណ្ដុះ​ពូជ​នៅ​ដើមខែ​តុលា ដោយ​ប្រើ​រយៈពេល​ជាង​២​ខែ ពេល​អំពៅ​លូតលាស់​ល្អ​អាច​ដាំ​បាន​ហើយ ទើប​យើង​យក​មក​ដាំ​ដុះ ពិសេស​គឺ​នៅ​ចុងខែ​ឆ្នូ​តែ​ម្តង »​។ លោក​ថា ៖« ជា​ធម្មតា ក្នុង​ដី​១​ហិ​កតា យើង​អាច​ដាំ​អំពៅ​បាន​ពី​៦​ម៉ឺន​ទៅ​៦​ម៉ឺន​៥​ពាន់​ដើម ដោយ​ប្រើ​រយៈពេល​ចន្លោះ​ពី​៧​ទៅ​៨​ខែ ទើប​អាច​ប្រមូល​ផល​អំពៅ​បាន »​។ លោក​បន្ថែម​ថា ៖« ក្នុង​ឆ្នាំ​២០១៨ អំពៅ​១​ដើម លក់​តម្លៃ​ចន្លោះ​ពី​៦០០​ទៅ​៧០០​រៀល បើ​ធៀប​នឹង​ឆ្នាំ​២០១៧​មុន តម្លៃ​តែ​៤០០​ទៅ​៥៥០​រៀល​ប៉ុណ្ណោះ ធ្វើ​ឲ្យ​កសិករ​ដាំ​ដុះ​ដំណាំ​នេះ មាន​ទឹកចិត្ត​សប្បាយ​រីករាយ​គ្រប់​គ្នា ពិសេស​គឺ​នាំ​គ្នា​បន្ត​ដាំ​កាន់តែ​ច្រើន ដោយ​រំពឹង​ថា ឆ្នាំ​ក្រោយ អាច​នឹង​បាន​ថ្លៃ​ដូច​ឆ្នាំ​នេះ​ទៀត »​។

លោក ភាន គឿ​ន ដែល​មានបទពិសោធន៍​រាប់​សិប​ឆ្នាំ​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា អំពៅ​ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយ​ដែល​ត្រូវ​ចំណាយ​ដើមទុន​ខ្ពស់ និង​មើលថែ​ដិត​ដល់ ទើប​ទទួល​បាន​ទិន្នផល​ល្អ ។ អ្នកឯកទេស​រូប​នេះ​មាន​ប្រសាសន៍​ថា ៖« ជា​ទូទៅ អំពៅ​ក្នុង​១​ហិ​កតា យើង​ចំណាយ​ចន្លោះ​ពី​១០​លាន ទៅ​១៥​លាន​រៀល ទៅ​លើ​ថ្លៃ​ថ្នាំសង្កូវ ជី និង​កម្មករ​ដាំ​ដុះ រហូត​ដល់​ពេល​ប្រមូល​ផល »​។ លោក​បន្ថែម​ថា ៖« ប្រសិនបើ​ឆ្នាំ​ណា​ដែល​អំពៅ​ចុះថោក ក្នុង​១​ហិ​កតា យើង​អាច​លក់​បាន​ប្រមាណ​២៥​លាន​រៀល តែបើ​អំពៅ​បាន​ថ្លៃ អាច​លក់​បាន​ពី​២៨​ទៅ​៣០​លាន​រៀល ហើយ​បើ​ទូទាត់​កាត់​ថ្លៃដើម​ចេញ យើង​អាច​ចំណេញ​ពី​១០​ទៅ​១៥​លាន​រៀល​ក្នុង​ការ​ប្រមូល​ផល​ម្ដង »​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង លោក អ៊ុ​ក សំណាង បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ទូ​ទាំង​ខេត្តព្រៃវែង មាន​កសិករ​ប្រកប​មុខរបរ​ដាំ​អំពៅ​សរុប​ប្រមាណ​ជាង​៣០០​គ្រួសារ លើ​ផ្ទះ​ដី​ជាង​៥០០​ហិ​កតា ក្នុង​នោះ​ស្រុក​ស្វាយ​អ​ន្ទ​រ​មាន​អ្នក​ដាំ​ច្រើន​ជាងគេ ។ លោក​បន្ថែម​ថា ៖« ចំណែក​នៅ​ស្រុក​បាភ្នំ និង​ស្រុក​ព្រះស្តេច ក៏​មាន​អ្នក​ដាំ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ។ រីឯ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត ក៏​កំពុង​ចាប់ផ្តើម​សាកល្បង​ដាំ​ជា​លក្ខណៈ​គ្រួសារ​ខ្លះ​ៗ​ដែរ ព្រោះ​ដំណាំ​នេះ​បច្ចុប្បន្ន​មាន​ទីផ្សារ និង​តម្លៃ​ល្អ »​។

មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សន្យា​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ នឹង​ប្ដេជ្ញា​ការពារ​ទប់ស្កាត់​មិន​ឲ្យ​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ធ្លាក់​ចុះ​ឡើយ ហើយ​សន្យា​ថា នឹង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​តម្លៃ​កសិផល និង​ផលិតផល​ក្នុងស្រុក​ដទៃ​ទៀត ។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៩​នេះ លោក​នឹង​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដូច​ជា ធានា​នូវ​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ដែល​ផលិត​បាន ដូច្នេះ​កសិករ​ដែល​ផលិត​បាន​ហើយ នឹង​មិន​មានការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​ទៀត​ឡើយ ហើយ​ចំណុច​ទាំងនេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​សេដ្ឋកិច្ច ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ