ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសច​ដើរ​កម្សាន្ដ​ថ្ងៃ​ឆ្លង​ឆ្នាំ 3​ខេត្ត​បាន​ជិត​កន្លះ​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ដើរ​កម្សាន្ដ​នៅ​តាម​តំបន់ឆ្នេរ សម្រាប់​រាត្រី​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩ ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កែប កំពត…

រាជធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ដើរ​កម្សាន្ដ​នៅ​តាម​តំបន់ឆ្នេរ សម្រាប់​រាត្រី​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩ ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កែប កំពត និង​ក្រុងព្រះសីហនុ មាន​ប្រមាណ​ជិត​កន្លះ​លាន​នាក់ ។ នេះ​បើ​យោង​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ។

លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១ មក​រា ម្សិលមិញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​កែប​បាន​កើនឡើង​ប្រមាណ​៤០% ដោយ​ចំនួន​ភ្ញៀវ​បាន​កើន​ពី​១១​ម៉ឺន​នាក់ មក​ដល់​១៥​ម៉ឺន​នាក់​នៅ​ឆ្នាំ​នេះ ។ លោក​បន្ត​ថា បើ​គិត​ពី​កំណើន​ប្រចាំឆ្នាំ ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ដ​កើនឡើង​ប្រមាណ​៥% ដោយ​ឆ្នាំ​២០១៧ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​១,៦២​លាន​នាក់ ប៉ុន្តែ​ឆ្នាំ​២០១៨​ចំនួន​ភ្ញៀវ​បាន​កើន​ដល់​សរុប​១,៦៧​លាន​នាក់ ។ លោក​បញ្ជាក់​ថា ៖« កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​កែប ដោយសារ​ការ​ផ្លាស់​ប្តូរ​គោលដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ និង​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​អនាម័យ​បាន​ល្អ​ប្រសើរ »​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ចំណែក​លោក ស៊យ ស៊ី​ណុ​ល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្តកំពត​ជិត​១០​ម៉ឺន​នាក់ ដែល​មាន​កំណើន​ជិត​២៧% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ក្នុង​ចំណោម​នោះ បើ​គិត​ពី​ចំនួន​ភ្ញៀវ​អន្តរជាតិ​វិញ​កើន​៣៧% ។ លោក​បន្ត​ថា ខេត្តកំពត​បាន​ស្វាគមន៍ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយសារ​ខេត្ត​មាន​មណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ជាង​១០​កន្លែង ជាមួយ​បន្ទប់​ស្នាក់​នៅ​ជាង​៣.០០០​បន្ទប់ ។ លោក​បន្ត​ថា ៖« បញ្ហា​តម្លៃ​បន្ទប់​មិន​ចោទ​នោះ​ទេ ព្រោះ​អ្នក​ផ្គត់ផ្គង់​បាន​ចូលរួម​ជាមួយ​យើង​ទាំងអស់​គ្នា ដើម្បី​និរន្តរភាព​ទេសចរណ៍​ខេត្ត »​។

ចំណែក លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា បើ​គិត​ពី​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ចេញ​ដើរ​កម្សាន្ដ​ក្នុង​ខេត្ត ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល ខេត្ត​ទទួល​បាន​ភ្ញៀវ​ចំនួន​ជាង​២២​ម៉ឺន​នាក់ កើនឡើង​១២% ប៉ុន្តែ​បើ​គិតតែ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក គឺ​ថយ​ចុះ​១៨% ធៀប​រយៈពេល​ដូច​ច​គ្នា​កាលពី​ឆ្នាំ​មុន​។ រីឯ ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន​១២% ដោយសារ​ខេត្ត​បាន​រៀបចំ​សកម្មភាព​កម្សាន្ដ​ច្រើន ទាំង​ការ​បោះ​តង់ ការ​តាំងពិព័រណ៍ និង​ការ​ប្រគំ​តន្ត្រី​ជាដើម ។ លោក​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ៖« ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​កម្សាន្ដ​នៅ​ខេត្ត​ក្នុង​ឆ្នាំ​២០១៨ មាន​ប្រមាណ​២​លាន​នាក់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ