ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ ផ្តើម​បើក​សករាជ​ថ្មី​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​រាប់​ម៉ឺន​នាក់ បាន​សំរុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​៣១ ធ្នូ ដែល​ជា​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១៨​ឈាន​ចូល​ឆ្នាំ​២០១៩ ។ ចំនួន​អ្នក​ទៅ​កម្សាន្ត​រាប់​ម៉ឺន​នាក់​នេះ​ត្រូវ​បាន​កត់​សម្គាល់ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​រាប់​ម៉ឺន​នាក់ បាន​សំរុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​៣១ ធ្នូ ដែល​ជា​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១៨​ឈាន​ចូល​ឆ្នាំ​២០១៩ ។ ចំនួន​អ្នក​ទៅ​កម្សាន្ត​រាប់​ម៉ឺន​នាក់​នេះ​ត្រូវ​បាន​កត់​សម្គាល់ថា ខេត្ត​ព្រះ​សីហ​នុបាន​ចាប់ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ បន្ទាប់​ពី​ខេត្ត​មួយ​នេះ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​នា​កន្លង​មកនេះ​ដោយសារ​មិន​មាន​អ្នក​ទៅ​កម្សាន្ត ។

លោក តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា សម្រាប់​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ បើ​ទោះបីជា​ថ្ងៃ​ទី​២៩​និង​ថ្ងៃ​ទី​៣០ ធ្នូ ពុំ​សូវ​មាន​ភ្ញៀវ​យ៉ាងណា​ក្តី ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ភ្ញៀវ​ទេសចរ​ច្រើន​ម៉ឺន​នាក់​បាន​សំរុក​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​យ៉ាងច្រើន​កុះករ ជា​ពិសេស​នៅ​តាម​តំបន់ឆ្នេរ​និង​កោះ​នានា ជាក់ស្តែង​នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អា​រី​ស្តុ​ន ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរ​ត្រេះ រហូត​ដល់​ឆ្នេរ​ព្រែក​ត្រែង ។ លោក​ថ្លែង​ថា នៅ​យប់​ថ្ងៃ​ទី​៣១ ធ្នូ ភ្ញៀវ​ទេសចរ​បាន​មក​ប្រមូលផ្តុំ​គ្នា​ច្រើន​កុះករ​នឹក​ស្មាន​មិន​ដល់ ស្ទើរតែ​រក​កន្លែង​អង្គុយ​ពុំ​បាន ។

លោក​បន្ត​ថា សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩​នេះ បើ​យោង​តាម​ស្ថិតិ​បឋម​មាន​ចំនួន​ប្រហាក់ប្រហែល​ឆ្នាំ​២០១៧ គឺ​ក្នុង​ចន្លោះ​២២​ម៉ឺន​ទៅ​២៣​ម៉ឺន​នាក់កើនឡើង​ចន្លោះ​២% បើ​ទោះបីជា​ភ្ញៀវ​ជាតិ​ថយ​ចុះ​ចន្លោះ​១៧% ប៉ុន្តែ​ភ្ញៀវ​អន្តរជាតិ​កើនឡើង​ចន្លោះ​១៦% ។ តាម​រយៈ​តួលេខ​បឋម​នេះ​ផង​ដែរ យើង​អាច​ចាត់​ទុក​ថា មាន​ភាពល្អ​ប្រសើរ​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ពិធី​បុណ្យ​នានា​មួយ​រយៈ​ចុង​ក្រោយ​នេះ ព្រោះ​បច្ចុប្បន្ន​ទាំង​បញ្ហា​សន្តិសុខ អនាម័យ បរិស្ថាន​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់ បញ្ហា​ផ្ទះសំណាក់ សណ្ឋាគារ និង​តម្លៃ​ម្ហូបអាហារ ត្រូវ​បាន​រៀបចំ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជា​បណ្តើរ​ៗ​ហើយ ពុំ​មាន​បញ្ហា​ដូច​កាលពី​រដូវវស្សា​នោះ​ទេ ហើយ​ទាំង​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​កំពុង​បន្ត​ការ​ខិតខំ​កែ​លម្អ​បន្ថែម​ទៀត​នូវ​ចំណុច​អវិជ្ជមាន ក៏​ដូច​ជា​បញ្ហា​ប្រឈម​កន្លង​មក ។

ដូចនេះ​សម្រាប់​ពិធីបុណ្យ​នានា ជា​ពិសេស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន វៀតណាម នា​ពេល​ខាង​មុខ​នេះ បញ្ហា​ប្រឈម​កន្លង​មក នឹង​អាច​ដោះស្រាយ​បាន ហើយ​ខេត្ត​ព្រះ​សីហ​នុ​នឹង​បង្ហាញ​ស្នាមញញឹម ភាព​ស្រស់បំព្រង ពោ​ពេញ​ទៅ​ដោយ​សម្រស់​ធម្មជាតិ លាយឡំ​ទៅ​ដោយ​ភាព​ស៊ី​វិ​ល័យ រំលេច​ដោយ​អគារ​ខ្ពស់​ៗ សក្តិ​សមជា​តារា​រះ​នា​ទិសនិរតី​ឡើង​វិញ ។

ដោយឡែក​ បញ្ហា​សន្តិសុខ សុវត្ថិភាព​រយៈពេល​៣​ថ្ងៃ ទី​២៩​ដល់ទី​៣១ ធ្នូ​នេះ ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ គឺ​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​វរសេនីយ៍ឯក ឌឹ​ម សំបូរ ប្រធាន​អង្គភាព​បង្ការ​និង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ បាន​រៀបចំ​ផែនការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ប្រសើរ​ទាំង​នៅ​លើគោក និង​នៅ​លើ​ទឹក ។

លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៩​ថា ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ចំនួន ២២៥.០០០​នាក់ មានការ​កើនឡើង​ចំនួន​១,៣៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនូ​ន ៩៤.៦៥៤​នាក់ ថយ​ចុះ ១៩,៣៣​ភាគរយ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ២០.៨៤៦​នាក់ កើនឡើង ១៥,១៨​ភាគរយ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បានឱ្យ​ដឹង​បន្ត​ថា ភ្ញៀវ​ទេសចរ​បរទេស​ចូល​តាម​នាវា​ច្រក​កំពង់​ផែ​សមុទ្រ​មាន​ចំនួន​១.៨០៣​នាក់ ស្រី​៩៣៧​នាក់ នាវិក ៧៥៩​នាក់ ស្រី​១៤៤​នាក់ ។ ភ្ញៀវ​ទេសចរ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​បី​ថ្ងៃ មាន​៤៨​ជើង មាន​ភ្ញៀវ​ចំនួន ៥.៧៦០​នាក់ កើនឡើង ១៦៧,៩០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២៥០​នាក់ ថយ​ចុះ ២៤,៤៧​ភាគរយ អន្តរជាតិ​ចំនួន​៥.៥១០​នាក់ កើន​២០២.៩១​ភាគរយ ។ ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​តាម​កោះ​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​៥.៧៨៦​នាក់ ស្រី ២.៥៨៧​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២.០៩៨​នាក់ ស្រី ៩៩៣​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ៣.៦៨៨​នាក់ ស្រី ១.៥០៤​នាក់ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បានឱ្យ​ដឹង​បន្ត​ថា ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា មាន​ដូច​ជា​រមណីយដ្ឋាន​ក្បាលឆាយ ក្រុងព្រះសីហនុ មាន​ភ្ញៀវ​សរុប​ចំនួន​១.៥៥៩​នាក់ ថយ​ចុះ​៥៤,២១​ភាគរយ ភ្ញៀវ​ជាតិ ១.៥៣២​នាក់ អន្តរជាតិ​២៧​នាក់ រមណីយដ្ឋាន​ថ្ម​រ៉ូង ស្រុក​កំពង់​សិលា មាន​ភ្ញៀវ ៧៨៦​នាក់ ថយ​ចុះ ៥២​ភាគរយ ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៧៥៩​នាក់ និង​អន្តរជាតិ​មាន​ចំនួន ២៧​នាក់ ។ រមណីយដ្ឋាន​ពិ​ក​និក ស្រុក​កំពង់​សិលា មាន​ភ្ញៀវ​ចំនួន ១.៣០៣​នាក់ កើនឡើង ២​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ១០២១​នាក់ និង​អន្តរជាតិ​ចំនួន ៣៨២​នាក់ ។

លោក តាំង សុចិត្ត​គ្រឹ​ស្នា បានឱ្យ​ដឹង​ថា មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត បង្កើត​ស្តង់​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ចំនួន ៣០០​ស្តង់ នៅ​ទីតាំង​ចុង​ឆ្នេរ​អូរ​ឈើ (​អា​រី​ស្តុ​ន​) ស្តិ​ត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១ មាន​ភ្ញៀវ​ចូល​ស្នាក់​នៅ​ប្រមាណ​ជា​៣០% ថ្ងៃ​ទី​២ មាន​៥០% និង​ថ្ងៃ​បញ្ចប់​នៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ភ្ញៀវ​មក​សម្រាក​ពេញ ព្រមទាំង​រៀបចំ​បង្គន់​អនាម័យ បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ បន្ទប់​ងូតទឹក និង​ដាក់​តាំង​ភ្លើង ការពា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ផាសុកភាព ។

ក្រៅពី​នោះ រដ្ឋបាល​ខេត្ត​ក៏​មាន​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី ការ​ដាក់​តាំងពិព័រណ៍​ផលិតផល ម្ហូបអាហារ នៅ​ឆ្នេរ​ឯករាជ្យ​ស្ថិត​ក្នុង​សង្កាត់​លេខ​៣ និង​មាន​បាញ់​កាំជ្រួច និង​បង្ហោះ​ប៉េងប៉ោង ដើម្បី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩ បង្កើន​កម្មវិធី​សម្បា​យ​ៗ​សម្រាប់​ភ្ញៀវ​ទេសចរ ​មក​លេង​កម្សាន្ត​បុណ្យ​ឆ្លង​ឆ្នាំ​សា​កល ។ រដ្ឋបាល​ខេត្ត រួម​ជាមួយ​អាជីវករ ស្វែងរក​វិធានការ​ដោះស្រាយ​បញ្ហា​តម្លៃ​សេវា​ម្ហូបអាហារ​បាន​សមរម្យ​ក៏​ដូច​ជា​ការ​ពង្រឹងគុណភាព​សេវាកម្ម ការ​ពង្រឹង​សណ្តាប់ធ្នាប់​បរិស្ថាន អនាម័យ នៅ​តាម​រម​ណីយ​ដ្ឋាន​នានា​បាន​ល្អ​ប្រសើរ​ ក្នុង​ការ​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​ច្រើន​នា​ពេល​ខាង​មុខ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ