រាជធានីភ្នំពេញ ៖ រឿងសំខាន់ៗមួយចំនួនដែលកើតឡើងក្នុងសង្គមសិល្បៈ ។ ពេញមួយឆ្នាំ២០១៨កន្លងមកទាំងរឿងសប្បាយ និងរឿងកើតទុក្ខបានកើតឡើងក្នុងសង្គមសិល្បៈ ។ កោះសន្តិភាពសូមរំឭកជូនប្រិយមិត្តអ្នកអានបានជ្រាបឡើងវិញ ៖
១-យុវជនម្នាក់បានជះ និងគប់កំប៉ុងស្រាបៀរដាក់តារាចម្រៀងកញ្ញាទេព បូព្រឹក្ស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយយុវជនឆេង រស្មី បានជះស្រាបៀរទៅលើទេព បូព្រឹក្ស ខណៈកំពុងច្រៀងលើឆាក នៅភោជនីយដ្ឋាន«សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទេព បូព្រឹក្ស កើតទុក្ខមិនសុខចិត្តបានដាក់ពាក្យប្តឹងជនបង្ក ដោយទាមទារឲ្យសុំទោសនាងជាធារណៈ និងទារថ្លៃជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ។ ក្រោយពីមានការជួយអន្តរាគមន៍ពីមេធាវីរបស់សមាគមសិល្បករខ្មែរ ភាគីទាំងពីរបានសម្របសម្រួលគ្នាដោយផ្ទាល់ ហើយជនបង្កយល់ព្រមសុំទោសជាធារណៈ និងសងប្រាក់ជំងឺចិត្តឲ្យទេព បូព្រឹក្ស ចំនួន១ម៉ឺនដុល្លារ ។
២-តារាកំប្លែងនាយក្តឹប ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកើតជំងឺស្ពៀតសរសៃឈាមខួរក្បាល ។ ជំងឺនេះបានធ្វើឲ្យនាយក្តឹប ធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន និងស្ថិតក្នុងស្ថានភាពមួយគួឲ្យព្រួយបារម្ភ ខណៈពេលដែលក្រុមគ្រូពេទ្យបានឲ្យក្រុមគ្រួសារយករូបលោកត្រឡប់ទៅផ្ទះវិញ។
៣-តារាសម្តែងលោកញ៉ែម សុគន្ធ បានចូលរោងការជាជាមួយកូនក្រមុំវ័យក្មេងស្រស់ស្អាតកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីលោកបានទទួលរងរឿងអាស្រូវស្រឡាញ់ភេទដូចគ្នា។ ពីធីជប់លៀងនៃពិធីមង្គលការរបស់តារាសម្តែងរូបនេះបានធ្វើឡើងយ៉ាងអធិកធមនៅមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមវត្តមានអ្នកសិល្បៈជាច្រើបានចូលរួម ។
៤-តារាកំប្លែងនាយចយ បានចូលរោងការជាមួយនារីវ័យក្មេងស្រស់ស្អាត ។ មហាជនបានកើតសរសើរនាយចយ ដែលបានភរិយាស្រស់ស្អាត ។
៥-តារាចម្រៀងផលិតកម្មសាន់ដេនាងអេន ធី បានសម្រេចចូលរោងការ សាងសុភមង្គលគ្រួសារនៅក្នុងអំឡុងឆ្នាំ២០១៨ផងដែរ ។
៦-អតីតតារាសម្តែង២នាក់ គឺលោកយស បូវណ្ណៈ និងអ្នកនាងអម្ពរ ទេវី បានវិលមកចូលរួមសម្តែងក្នុងខ្សែភាពយន្តឡើងវិញ បន្ទាប់ពីបាត់មុខ និងបានចេញទៅរស់អាមេរិកអស់ជាច្រើនឆ្នាំ ។ អ្នកនាងអម្ពរ ទេវី បានយល់ព្រមតាមការស្នើសុំពីអ្នកដឹងនាំរឿងអ្នកស្រីពាន់ ភួងបុប្ផា ដើម្បីចូលរួមថតខ្សែភាពយន្តខ្នាតធំរឿង «ទឹកចិត្តម្តាយសម័យថ្មី» និងចូលរួមថតភាពយន្តភាគឲ្យCTN រឿង«ឆន្ទា»។
ដោយឡែកលោកយស បូវណ្ណៈ បានវិលមកចូលរួមថតខ្សែភាពយន្តខ្នាតធំរឿង«ឪពុក» តបតាមការអញ្ជើញពីផលិតកម្មមហាហង្សលោកអិុន សុភិន ខណៈពេលដែលតារាជើងចាស់រូបនេះបានសន្សំចិត្តចង់ចូលរួមសម្តែងនេះមកជាយូរមកហើយ ។
៧-អតីតតារាភាពយន្តម៉ៅ សុចន្ធី បានស្កាត់ពីអាមេរិកមករៀបការជាមួយយុវជនម្នាក់រស់នៅខេត្តបាត់ដំបង ។ អ្នកទាំងពីរបានសាងស្នេហ៍តាមហ្វេសប៊ុក ហើយក៏ពេញចិត្តរៀបការជាមួយគ្នា ។
៨-តារាសម្តែងលោកហង្ស សម្បើមស័ក និងកញ្ញាណាក់ ស្រីណា បានផ្ទុះជម្លោះជាមួយផលិតកម្មមហាហង្ស ពាក់ព័ន្ធទៅនឹងការមិនព្រមទូទាត់លុយក្រោយថតចប់ ។ ក្រោយមានការឆ្លើយឆ្លងគ្នាទៅវិញទៅមក ភាគីទាំងពីរបានយល់ព្រមសម្របសម្រួលគ្នាដោះស្រាយបញ្ហា ដើម្បីបញ្ចប់រឿង ។
៩-ព្រឹទ្ធាចារ្យចាប៉ីដងវែងភិរម្យប្រាជ្ញ ឈួន បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ កាលពីវេលាម៉ោង១ និង៣០នាទីឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ ។ ជំងឺរបស់ព្រឹទ្ធាចារ្យបានធ្វើទុក្ខខ្លាំង កាលពីដើមខែវិច្ឆិកា ដូច្នេះក្រុមគ្រួសារបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ មុនពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ដោយទ្រាំទ្រនឹងជំងឺជាង១០ឆ្នាំមកនេះមិនបាន ទើបជំងឺព្រឹទ្ធាចារ្យឈានចូលដល់ដំណាក់កាលចុងក្រោយ។
បន្ទាប់ពីចែកឋានសពព្រឹទ្ធាចារ្យប្រាជ្ញ ឈួន បានយកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតីសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ។
១០-អង្គការយូណេស្កូ (UNESCO) បានម្រេចទទួលស្គាល់ និងដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី១៣នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនាថ្ងៃពុធ ទី២៨ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស (Maurice) ។
១១-តារាកំប្លែងជើងចាស់នាយវីតាមីនសេ ដោយកើតទឹកនោមផ្អែមរ៉ាំរ៉ៃ ជាយូរមកហើយនោះ បានទទួលមរណភាពនាយប់ថ្ងៃទី២៩ ឈានចូល៣០ខែមីនា ។
១២-អ្នកនាងឆៃលី ដាឡែន បាត់បង់ឪពុកនៅចុងខែវិច្ឆិកា ដោយសារគាំងបេះដូង ។ ការស្លាប ់ភ្លាមៗបែបនេះធ្វើឲ្យឆៃលី ដាឡែន មិនអស់ចិត្ត ហាក់ទទួលយកមិនបាន ។
១៣-តារាសម្តែងស៊ិន យូប៊ីន និងលោកខាត់ វៃហាំង បានប្រកាសស្រឡាញ់គ្នាពិតប្រាកដក្រោយពេលពួកគេលាក់បាំងជាយូរ ។ មហាជនភាគច្រើនសម្តែងការសរសើរថា១គូនេះសមគ្នាណាស់ទាំងស្អាតទាំងមានទេពកោសល្យហើយអបអរនៅពេលដឹងថាពួកគេមិនច្រានចោលដំណឹងលាក់ស្នេហ៍ទៀត ។
១៤-តារាចម្រៀងផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ខេមបូឌាអាយឌលរដូវកាលទី១នី រតនា ភ្ជាប់ពាក្យ ។ លោកនី រតនាមិនខ្លាចធ្លាក់កូដឡើង ជាក់ស្តែងអ្នកចូលចិត្តលោកនៅតែគាំទ្រ និងល្បីកាន់តែខ្លាំងជាងមុន ។ លោកនី រតនាត្រៀមចូលរោងការនៅថ្ងៃទី១៨ មករា ឆ្នាំ២០១៩ ដោយអញ្ជើញភ្ញៀវកិត្តិយសជិត១ពាន់នាក់ចូលរួម ។
១៥-លោកនៅ ស៊ីនឿន តារាចម្រៀងផលិតកម្មហង្សមាសភ្ជាប់ពាក្យកាលពីថ្ងៃ២៧ ធ្នូ ជាមួយកូនក្រមុំវ័យ២១ឆ្នាំមានជំនាញផ្នែកសាឡនរស់នៅអាមេរិក ។ លោកសុីនឿនបង្ហាញអារម្មណ៍ចង់នៅស្រុកខ្មែរជាងទៅនៅអាមេរិក តែបើប្រពន្ឋមិនព្រមលោកនឹងចេញទៅតាមនាងដើម្បីស្នេហា និងសុភមង្គល ។
១៥-លោកខេមរៈ សិរីមន្ត បានបង្ហាញឲ្យដឹងថាមានប្រពន្ឋកូនបន្ទាប់ពីលាក់បាំងជាយូរ ។ លោកសរសេរលើហ្វេសប៊ុកថា «ខ្ញុំបាទខេមរៈសិរីមន្តសូមជុំរាបជូនបងប្អូនទាំងអស់គ្នាកុំឲ្យមានការភាន់ច្រឡំតទៅទៀត ៖ ខ្ញុំបាទបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៩ និងមាន កូនៗចំនួនបីនាក់ហើយ»។
១៧-កញ្ញាសុខ សីឡាលីន ត្រូវអតីតគូស្នេហ៍ប្រចាំក្រុមតន្ត្រីចចកសមុទ្ររៀបការចោល ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ