ទីក្រុងស៊ីកាហ្កូ ៖ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានបង្កការខាតបង់អស់រាប់ប៊ីលានដុល្លារសម្រាប់ភាគីទាងសងខាងកាលពីឆ្នាំ២០១៨កន្លងមក និងផលប៉ះពាល់ដល់វិស័យជាច្រើនដូចជា យានយន្ត បច្ចេកវិទ្យា និងកសិកម្មជាដើម ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉ូយទ័រកាលពីថ្ងៃទី២៩ ធ្នូ កន្លងមក ។
តាមសេដ្ឋវិទូ បានឲ្យដឹងថា ខណៈដែលវិស័យមួយចំនួនដូចជា សណ្តែកសៀងរបស់សហរដ្ឋអាមេរិកកំពុងតែទាញអត្ថប្រយោជន៍ពីជម្លោះពាណិជ្ជកម្ម វាក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរដែរ ។
ការខាតបង់នេះអាចនឹងជំរុញដល់លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) និងលោកស៊ី ជិនពីង (Xi Jinping) ក្នុងការដោះស្រាយជម្លោះឲ្យបានមុនថ្ងៃទី២ ខែមីនា បើទោះជាការចរចារវាងប្រទេសទាំងពីរ មានការខកខានយ៉ាងណាក៏ដោយ ។
លោក Wally Tyner សេដ្ឋវិទូផ្នែកកសិកម្មនៅសាកលវិទ្យាល័យ Purdue University បានឲ្យដឹងថា សេដ្ឋកិច្ចអាមេរិកនិងចិនខាតបង់ប្រមាណ២,៩ប៊ីលានដុល្លារប្រចាំឆ្នាំ ព្រោះតែពន្ធរបស់ប្រទេសចិនដែលដាក់លើសណ្តែកសៀង ពោត ស្រូវសាឡី ជាដើម ។
ការអាក់អន់ការធ្វើពាណិជ្ជកម្មកសិផលប៉ះពាល់ដល់ភាគីទាំងសងខាងយ៉ាងខ្លាំង ព្រោះប្រទេសចិនគឺជាប្រទេសនាំចូលសណ្តែកសៀងធំជាងគេរបស់ពិភពលោក ហើយពួកគេពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ប្រមាណ១២ប៊ីលានដុល្លារឯណោះ ។
តាំងពីបានដាក់ពន្ធ២៥%លើសណ្តែកសៀងអាមេរិកកាលពីខែកក្កដាមក ប្រទេសចិនភាគច្រើននាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីល។ កំណើនតម្រូវការនេះបានជំរុញឲ្យតម្លៃសណ្តែកសៀងប្រេស៊ីលកើនឡើងយ៉ាងខ្លាំង បើធៀបនឹងសណ្តែកសៀងអាមេរិក ។ ទោះបីយ៉ាងណា ការផ្គត់ផ្គង់នេះ មិនគ្រប់គ្រាន់នឹងតម្រូវការរបស់ចិនឡើយ ធ្វើឲ្យប្រទេសចិនស្វែងរកទីផ្សារផ្គត់ផ្គង់បន្ថែមទៀតដូចជានៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាដើម ។ ចំណែកសណ្ដែងសៀងអាមេរិកវិញ បន្ទាប់ពីចិនបានដាក់ពន្ធលើផលិតនេះរបស់ខ្លួន ក៏បានស្វែងរកទីផ្សារថ្មីដែរ ប៉ុន្ដែនៅតែមិនស្មើនឹងទីផ្សារចិនបាន ដែលធ្វើឲ្យការនាំចេញនាំចូលរវាងប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំង ។
យោងទៅតាមក្រសួងកសិកម្មអាមេរិកបានឲ្យដឹងថា ការនាំចេញកសិផលសរុបរបស់អាមេរិកទៅកាន់ប្រទេសចិនក្នុងអំឡុងពេល១០ខែដំបូង នាឆ្នាំ២០១៨កន្លងមក បានធ្លាក់ចុះ ៤២% បើធៀបនឹងឆ្នាំ២០១៧ មកស្មើប្រមាណ ៨,៣ប៊ីលាន ដុល្លារ ៕
ចែករំលែកព័តមាននេះ