ទីក្រុងវ៉ាស៊ីនតោន ៖ ការផ្អាកដំណើរការរដ្ឋាភិបាលអាមេរិក អាចនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ខណៈដែលទីផ្សារងាយនឹងឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជា ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន ថែមស៍ កាលពីថ្ងៃទី៣០ ធ្នូ កន្លងមក ការប្រកាសស្ថិតិ និងរបាយការណ៍សេដ្ឋកិច្ចត្រូវបានពន្យារពេល បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) និងតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ មិនអាចព្រមព្រៀងគ្នាអស់ប្រមាណ១សប្តាហ៍កន្លងមកនេះ ។
ដោយមិនមានការព្រមព្រៀងគ្នាលើបញ្ហាជញ្ជាំងព្រំដែនរបស់លោកត្រាំ មន្ត្រីរដ្ឋការជាច្រើនត្រូវបានបង្ខំឲ្យនៅផ្ទះ ឬធ្វើការដោយមិនបានប្រាក់បៀវត្សរ៍ ព្រោះតែមានកង្វះខាតថវិកា ព្រមទាំងបានប៉ះពាល់ដល់ការចេញផ្សាយទិន្នន័យរដ្ឋាភិបាលសំខាន់ៗមួយចំនួនផង ដែរ ។
ការចេញផ្សាយទិន្នន័យលើការលក់ផ្ទះថ្មីៗគឺជាទិន្នន័យតែមួយគត់ ដែលត្រូវបានពន្យារពេលក្នុងការចេញផ្សាយមកដល់ពេលនេះ ប៉ុន្តែប្រសិនបើការផ្អាកដំណើរការរដ្ឋាភិបាលនៅតែបន្តកើតមានឡើងបន្ទាប់ពីថ្ងៃទី១ខែមករាទៀត នោះវាអាចនឹងប៉ះពាល់ដល់ការចេញផ្សាយទិន្នន័យលើការចំណាយសាងសង់ដូចជា ការកុម្មង់ក្នុងវិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មជាដើមដែលជាទិន្នន័យសំខាន់សម្រាប់ទីផ្សារ។
ក្រៅពីការចេញផ្សាយទិន្នន័យហើយ ដំណើរការក្នុងការប្រមូលព័ត៌មានទាំងនេះ ក៏ត្រូវបានប៉ះពាល់ដែរ ។ ខណៈដែលទីផ្សារហិរញ្ញវត្ថុកំពុងតែងាយប្រែប្រួល និងខណៈដែលមានកង្វល់ទាក់ទិននឹងពន្ធជាមួយនឹងប្រទេសចិន ព្រមទាំងគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិផងនោះ ការផ្អាកដំណើរការនេះអាចនឹងបង្កើនភាពមិនប្រាកដប្រជាមួយកម្រិតទៀត ។
លើសពីនេះទៀត ការផ្អាកដំណើរការផ្តល់សេវាកម្មរដ្ឋបាល អាចនឹងប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចបន្តិចបន្តួចដែរ ៕
ចែករំលែកព័តមាននេះ