ខេត្តកំពង់ឆ្នាំង ៖ រង្វង់មូលនៅចំណុចផ្លូវប្រសព្វជា៥ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលរដ្ឋបាលសាលាខេត្តបាន និងកំពុងធ្វើការកសាងមកដល់ពេលនេះបានប្រមាណ៤០ភាគរយហើយ ។ នៅលើរង្វង់មូលដែលមិនធ្លាប់មានពីមុនមកនោះ ត្រូវកសាងដោយដាក់រូបសំណាកទូកដ៏ធំមួយពីលើកំពូល និងនៅលើទូកនោះមានដឹកបន្លែ ដឹកឆ្នាំងដី និងដឹករូបសំណាកអង្រុត និងត្រីជានិមិត្តសញ្ញារបស់ខេត្តកំពង់ឆ្នាំងដែលមានប្រជាកសិកររស់អាស្រ័យផល លើការធ្វើចំការ ស្មូនឆ្នាំង និងនេសាទត្រី ។
ចំពោះថវិការកសាងរង្វង់មូលយ៉ាងធំ និងមានកម្ពស់ខ្ពស់ស្កឹមស្កៃ នៅចំណុចផ្លូវប្រសព្វ៥ទិសនេះដែរ ត្រូវបានលោក ម៉ុន វុត្ថា នាយកគណនេយ្យសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា គឺបានមកពីការវិនិយោគទុនរបស់ចំណតរថយន្តក្នុងខេត្ត ដែលកំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគខាងលើ ។ យ៉ាងនេះក្តីលោកមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ក្នុងការវិនិយោគនោះទេ គ្រាន់តែប្រាប់ថា ដើម្បីអភិវឌ្ឍន៍តំបន់ថ្មីលើដីអនុប្រយោគរបស់ខេត្ត តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កន្លងទៅឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងឲ្យដឹងថា ក្នុងឱកាសដែលខេត្តកំពង់ឆ្នាំងទទួលធ្វើជាម្ចាស់ផ្ទះពិធីបុណ្យទន្លេក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ និងដើម្បីឲ្យភ្ញៀវទេសចរដែលមកចូលរួមក្នុងពិធីបុណ្យទន្លេបានស្គាល់កាន់តែច្បាស់ អំពីអត្តសញ្ញាណប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបានសម្រេចកសាងរង្វង់មូលមួយកន្លែង នៅចំណុចផ្លូវប្រសព្វជា៥ នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
នៅលើរង្វង់មូលខាងលើនេះនឹងកសាងរូបទូកធំមួយគ្រឿងមានដឹកកន្ត្រកដាក់បន្លែកសិកម្មដែលតំណាងឲ្យប្រជាពលរដ្ឋជាអ្នកប្រកបមុខរបរកសិកម្មធ្វើចំការដាំបន្លែ ។ រូបមួយទៀតជារូបឆ្នាំងដីដែលតំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែលជាអ្នកប្រកបមុខរបរស្មូនឆ្នាំងដី ដែលបានថែរក្សាប្រពៃណីពីដូនតា និងរូបជារូបអង្រុត មានត្រី១នៅពីលើ តំណាងឲ្យប្រជាពលរដ្ឋដែលជាប្រជានេសាទប្រកបមុខរបរនេសាទត្រី នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។
ដោយឡែកនៅប៉ែកខាងលិចជាប់រង្វង់មូលបានដាំដើមពោធិព្រឹក្ស១ដើមផងដែរ ដើម្បីទុកអោយប្រជាពលរដ្ឋគោរពបូជាសុំសេចក្តីសុខ និងសុំសុខសន្តិភាព ដើម្បីរួមគ្នាអភិវឌ្ឍន៍មាតុភូមិកម្ពុជាអោយសំបូរសប្បាយរុងរឿងរហូតទៅ ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងទាំងអស់សូមជួយធ្វើអនាម័យសំអាតផ្ទះសំបែងរបស់ខ្លួនក៏ដូចជា សម្អាតនៅតាមចិញ្ចើមផ្លូវមុខផ្ទះរៀងៗខ្លួន អោយបានល្អស្អាត និងសំណូមពរផងដែរដល់ក្រុមហ៊ុនដឹកសំរាមនៅក្នុងក្រុងកំពង់ឆ្នាំង សូមជួយដឹកសំរាមឲ្យបានទាន់ពេលវេលា ជាពិសេសសំរាមនៅតាមសួនច្បារ និងនៅតាមផ្លូវសាធារណៈក្នុងក្រុងកំពង់ឆ្នាំងមិនត្រូវទុកចោលយូរថ្ងៃឡើយ ដើម្បីរួមគ្នាលើកស្ទួយសោភ័ណ្ឌភាពក្រុងកំពង់ឆ្នាំងស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលមកពីទីជិតទីឆ្ងាយ មកលេងកម្សាន្តនៅក្នុងខេត្តនាពេលខាងមុខនេះ ៕
ចែករំលែកព័តមាននេះ