ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ រ​ដ្ឋា ក្លាយជា​កីឡាករ​ទី​1​ដែល​ត្រូវ​បាន​សង្គ្រោះ​ដោយ​មហាជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង គេ​ចាត់​ទុក​ថា មាន​តែ​កីឡាករ ដួង ផា ដែល​ប្រកាស​ប្រើ​ឈ្មោះ​ក្នុង​វិស័យ​កីឡា​ដំបូង ថា ម៉​ន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង គេ​ចាត់​ទុក​ថា មាន​តែ​កីឡាករ ដួង ផា ដែល​ប្រកាស​ប្រើ​ឈ្មោះ​ក្នុង​វិស័យ​កីឡា​ដំបូង ថា ម៉​ន រ​ដ្ឋា និង ចុង​ក្រោយ អេ រ​ដ្ឋា ក្រោយ​សម្រេចចិត្ត​ដូរ​ក្លិប​ទៅ​ក្លិប​អេ ភូ​ថង ប៉ុណ្ណោះ ដែល​មានសំណាង​ត្រូវ​បាន​កម្លាំង​មហាជន​ស្រុះដៃ​គ្នា​ជួយ​យ៉ាង​ពេញ​ទំហឹង បន្ទាប់​ពី​កីឡាករ​រូប​នេះ​ត្រូវ​រថយន្ត មួយ​គ្រឿង​បុក​និង​កិន​របួសធ្ងន់ កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២៥ ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​១ ម្ដុំ​ច្បារ​អំពៅ ។

លោក​នៅ​តែ​ត្រូវ​បាន​អះអាង​ថា ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ បើ​ទោះជា​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​សប្បុរសជន ដោយ​ប្រឈម​នឹង​កង្វះ​ឈាម​ស្ទើរ​រាល់ថ្ងៃ ខណៈ​ដែល​ថវិកា​សម្រាប់​ឈាន​ដល់​ការ​វះកាត់​នៅ​តែ​មិន​ទាន់​គ្រប់ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​រថយន្ត​បង្កហេតុ បើ​ទោះជា​គេ​ដឹង​ថា​មាន​ផ្លា​ក​លេខ​ភ្នំពេញ​2AU- 5876 ក៏​នៅ​តែ​មិន​ទាន់​ចាប់​អ្នកបើកបរ​បាន​យក​មក​ផ្ដន្ទាទោស​នៅឡើយ​។

យោង​តាម​ការ​បង្ហោះ​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន និង​ម្ចាស់​ផេ​ក​ព័ត៌មាន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កីឡាករ អេ រ​ដ្ឋា ត្រូវ​បាន​សប្បុរសជន​ដោយ​រាប់​តាំងពី​ថ្នាក់លើ​ផង ស្រាក់​ដៃ​គ្នា​ជួយ​ផ្ដល់​ជា​ជំនួយ និង​ជួយ​ជា​ឈាម​យ៉ាងច្រើន ដែល​កម្លាំង​នៃ​ការ​ជួយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​ជា​កីឡាករ​ទី​១ ដែល​ក្រោយ​មាន​របួស​ធ្ងន់ធ្ងរ ក៏​អាច​ទាក់ទាញ​មហាជន​ឱ្យ​មាន​សមានចិត្ត​យកចិត្តទុកដាក់​។ លោក អេ ភូ​ថង បាន​ថ្លែង​បញ្ជាក់​ថា លោក​មាន​អារម្មណ៍​សប្បាយ​ចិត្តជា​អនេក ដែល​កូនសិស្ស​របស់​លោក​ទទួល​បានការ​ជ្រោមជ្រែង​ជា​ថវិកា​ពី​សំណាក់​មហាជន និង​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ដោយ​លោក​បាន​ហៅ​សភាព​របួសធ្ងន់​របស់​កូនសិស្ស​ថា​មាន​លទ្ធភាព​បន្ត​ការ​ព្យាបាល​នៅ​ក្នុង​ពេល​នេះ គឺ​បាន​ពី​កម្លាំង​បុណ្យ​ដែល​ផ្ដល់​ឱ្យ​ដោយ​កម្លាំង​សប្បុរសធម៌​ទាំងស្រុង​។

លោក​អះអាង​យ៉ាង​ខ្លី​ថា បើ​គ្មាន​ជំនួយ​ទាំងនេះ​ទេ ប្រហែលជា អេ រ​ដ្ឋា បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ដោយសារ​តែ​គេ​គឺជា​កូនកំព្រា ហើយ​លោក​ជា​គ្រូ និង​ជា​ឪពុក​ទី​២ មិន​មាន​លទ្ធភាព​អ្វី​ដែល​អាច​រក​លុយ​មក​សង្គ្រោះ​បន្ទាន់​បាន​ទេ ។ យ៉ាងណាមិញ លោក​នៅ​តែ​សម្ដែង​អារម្មណ៍​រន្ធត់​ចិត្ត ក្នុង​ពេល​ដឹង​ថា​កូនសិស្ស​របស់​លោក​នៅ​តែ​មិន​ទាន់​ចេញ​ផុត​ពី​ការ​សង្គ្រោះ​បន្ទាន់ ខណៈ​ដែល​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស
៥៧០ ពណ៌​ស ពាក់​ស្លាក​លេខ 2AU-5876 ដែល​បុក​និង​កិន​ឱ្យ​បែក​ប្លោក​នោម ពោះវៀន និង​ដាច់​សរសៃឈាម​ត្រង់​ក្រលៀន​ឈាន​ទៅ​ខូច​ទាំង​ក្រលៀន​ផង មិន​ទាន់​ចេញ​មុខ​ដោះស្រាយ ក្រោយ​ការ​រត់គេច ។

ក្នុង​ថ្ងៃ​កើតហេតុ លោក​មិន​ស្ថិត​នៅ​ទីនោះ​ទេ តែ​អ្នក​ឃើញ​ហេតុការណ៍​សុទ្ធតែ​ស្គាល់​ម៉ាក និង​ស្លាក​លេខ​រថយន្ត​បង្កហេតុ ដែល​លោក​យល់​ថា​មន្ត្រី​សមត្ថកិច្ច​គួរតែ​តាម​ចាប់​អ្នក​បើករថយន្ត​មួយ​នោះ​ឱ្យមក​ទទួល​ខុសត្រូវ ។ លោក​នៅ​តែ​សម្ដែង​អារម្មណ៍​អស់សង្ឃឹម​ក្នុង​ពេល​កូនសិស្ស​នៅ​តែ​ស្ថិត​លើ​គ្រែពេទ្យ ដោយ​លោក​ប្រកាស​ថា បើ​ម្ចាស់​រថយន្ត​ចេញ​មុខ​ទទួលខុសត្រូវ​ទើប​កូនសិស្សលោក​រំពឹង​បាន​វះកាត់​ពោះវៀន និង​ក្រលៀន ដែល​រង​ការ​ខូច​ធ្ងន់ ។

លោក​ថា ខ្លួន​មិនសូវ​មាន​សិស្ស​ល្អ​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​នោះ​ទេ ដោយ​ទើបតែ​បាន​បង្វឹក អេ រ​ដ្ឋា គ្រាន់​បាន​ស្នង​កីឡា​ក្នុង​ក្លិប តែ​ជា​អកុសល​បែរជា​កូនសិស្ស​មាន​គ្រោះថ្នាក់​មួយ​នេះ ដោយ​លោក​មិនដឹង​ថា​តើ​ក្រោយ​ពេល​ចេញពី​ពេទ្យ អេ រ​ដ្ឋា នឹង​អាច​បន្ត​ប្រដាល់​ដើម្បី​មុខមាត់​ក្លិប​ទៀត​បាន​ឬ​មិន​បាន បើ​សភាព​ជំងឺ​របស់​គេ​ធ្ងន់ធ្ងរ​ដល់​ម្លឹ​ង​។ មក​ដល់​ថ្ងៃ​ទី​៣១ ធ្នូ នេះ អេ រ​ដ្ឋា នៅ​តែ​ស្ថិត​ក្នុង​សភាព​គួរ​ឱ្យ​បារម្ភ ជា​ពិសេស​កន្លែង​មុខរបួស​ដែល​បង្ក​ឱ្យ​ដាច់​ពោះវៀន ដាច់​សរសៃឈាម​ត្រង់​ក្រលៀន និង​បែក​ប្លោក​នោម​នោះ​។

មក​ទល់​ពេល​នេះ​មិន​ត្រឹមតែ​សាមញ្ញ​ជន​នោះ​ទេ​ដែល​ចេញ​មុខ​ជួយ​អេ រ​ដ្ឋា សូ​ម្បី​តែ​តារា​សិល្បៈ និង​កាកបាទក្រហមកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏​ចេញ​មុខ​ជួយ​ដែរ តែ​គេ​មិន​ទាន់​ឃើញ​ថា កម្លាំង​ឈឺឆ្អាល​ទាំងនោះ​ជួយ​ជំរុញ​ឱ្យ​ក្រុម​សមត្ថកិច្ច​តាម​ចាប់​ម្ចាស់​រថយន្ត​បង្ក​ឱ្យ​ចេញ​មុខ​មក​ទទួលខុសត្រូវ​បាន​នៅឡើយ​ទេ ដែល​ករណី​នេះ មិន​គួរ​រក​មិនឃើញ ។

លោក ធី​ម ស៊ា​ង​ហៃ ជា​កីឡាករ​រួម​ក្លិប និង​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កីឡាករ អេ ភូ​ថង បាន​សរសេរ​បង្ហោះ​ថា កីឡាករ អេ រ​ដ្ឋា នៅ​តែ​ប្រឈម​ខ្វះ​ឈាម ហើយ​ត្រូវ​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ដោយ​លោក​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដែល​កីឡាករ​កម្សត់​រូប​នេះ​ត្រូវ​បាន​មហាជន​ចេញ​មុខ​ជ្រោមជ្រែង​។

ហេតុផល​ដែល​នាំ​ឱ្យដំណឹង​របស់​អេ រ​ដ្ឋា ត្រូវ​បាន​មហាជន​សស្រាក់សស្រាំ​ចុះ​ជួយ គឺ​បន្ទាប់​ពី​លោក ធី​ម ស៊ា​ង​ហៃ បង្ហោះ​ថា​«​សូម​បងប្អូន​ទាំងអស់​គ្នា​ដែល​មាន​ឈាម​សុំ​ជួយ​គាត់​ផង នៅ​វេលា​យប់មិញ​នេះ​កីឡា​ករ អេ រ​ដ្ឋា គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​បែក​ប្លោក​នោម ដោយសារ​តែ​មាន​ឡាន​មួយ​គ្រឿង​បាន​បុក​គាត់​ពីក្រោយ​ហើយ​បាន​កិន​ពីលើ​ទៀត​ផង​។ ពេល​នេះ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ហើយ។ នៅ​ស្រុក​យើង​កំពុង​តែ​ខ្វះ​ធនធាន​កីឡាករ​ដែល​ល្អ​ផង ឥឡូវ​គាត់​ត្រូវ​ជួប​គ្រោះថ្នាក់​ទៀត​។

សង្ឃឹមថា បងប្អូន​ទាំងអស់​គ្នា​នឹង​យល់​ពី​ការ​លំបាក​របស់​កីឡាករ​ប្រដាល់​ស្រុក​យើង សូម​ជួយ share ទាំង​គ្នា​ផង​ដើម្បី​ឱ្យ​បងប្អូន​នៅ​ក្រៅ​ស្រុក និង​ក្នុងស្រុក​បានដឹង​ផង ។ គាត់​មានឈ្មោះ​ប្រកួត​នៅ​ខេត្ត​កោះកុង​នា​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ទៀត ឥឡូវ​ត្រូវ​ជួប​គ្រោះថ្នាក់​អ​ញ្ចឹ​ង​ប្រហែល​មិន​អាច​ប្រកួត​បាន​ទេ​មើលទៅ ។

សូម​បងប្អូន​ទាំងអស់​គ្នា​ដែល​មាន​ឈាម​សូម​ជួយ​គាត់​ផង គាត់​កំពុង​តែ​ខ្វះខាត​ពេល​នេះ ។ មនុស្ស​ធ្លាប់តែ​ហូប​បាយ​ជាមួយ​គ្នា គេង​ជុំ​គ្នា រាប់អាន​គ្នា​ដូច​បងប្អូន ទើបតែ​ជួប​និយាយ​គ្នា​ប៉ុន្មាន​ថ្ងៃមុន តែ​ឥឡូវ​ត្រូវ​ជួប​គ្រោះថ្នាក់​ធ្ងន់​ទៀត តើ​អ្នក​ណា​មិន​អាណិត​ទៅ សូម​បងប្អូន​ទាំងអស់​គ្នា​ជួយ Share ទាំងអស់​គ្នា​ផង ។

បើ​បងប្អូន​ណា​ចង់​ជួយ​ជា​ថវិកា​ដល់​គាត់ អាច​ឆាត ឬ​ក៏​ខ​លម​ក​ខ្ញុំ​បាន​ព្រោះ​អី​គាត់​ខ្វះខាត​ថវិកា​ខ្លាំង​ណាស់ គាត់​កំព្រា​ឪពុក​ម្ដាយ ហើយ​ខ្លួន​ទៅ​ជា​បែប​ហ្នឹង​ទៀត »​។ បន្ថែម​ពីលើ​ការ​បង្ហោះ​ធ្វើ​ឱ្យ​ផ្អើល​នេះ លោក និង​កីឡាការិនី អេ យ៉ា​នុ​ត ក៏​តែង​បង្ហោះ​ពី​សកម្មភាព​ក្នុង​ពេល​សម្រាក​ពេទ្យ​របស់​កីឡាករ អេ រ​ដ្ឋា ជា​ហូរហែ​ទើប​ធ្វើ​ឱ្យដំណឹង​មួយ​នេះ​ផ្អើល និង​កក្រើក​ដល់​ម្លឹ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ