ទីក្រុងបាងកក ៖ ការពង្រីកខ្សែរថភ្លើងបន្តជំរុញដល់ទីផ្សារអចលនទ្រព្យរបស់ទីក្រុងបាងកក និងផ្លាស់ប្តូរការធ្វើការ រស់នៅ និងការកម្សាន្តរបស់ប្រជាជនផងដែរ ។
បច្ចុប្បន្ននេះ ទីក្រុងបាងកកមានខ្សែរថភ្លើងប្រមាណ១៣៧,៥គីឡូម៉ែត និង៩៨ស្ថានីយ។ ខ្សែរថភ្លើងនៅតែជាកត្តាមួយសំខាន់ជាងគេដែលជះឥទ្ធិពលដល់ការអភិវឌ្ឍទីក្រុងបាងកកតាំងពីការចាប់ដំណើរការដំបូងនៅឆ្នាំ១៩៩៩ មក ។ វាបានផ្លាស់ប្តូរវិស័យទាំងអស់នៃទីផ្សារអចលនទ្រព្យដែលរួមមានទីផ្សារផ្ទះ ហាង ការិយាល័យ និងសណ្ឋាគារជាដើម ។
មេរៀនដែលប្រជាជនថៃបានដឹង គឺការរស់នៅជិតខ្សែរថភ្លើងពេក គឺមិនល្អគ្រប់គ្រាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺនៅជិតស្ថានីយ ។ មេរៀនសំខាន់មួយទៀតគឺមិនមែនគ្រប់ខ្សែរថភ្លើង និងស្ថានីយមានប្រជាប្រិយភាពដូចគ្នានោះទេ ។ ទីតាំងដែលមានតម្រូវការ និងតម្លៃជួលខ្ពស់ គឺខ្សែរថភ្លើង និងស្ថានីយ ដែលមានមនុស្សប្រើប្រាស់ច្រើនជាងគេ ។
នៅឆ្នាំ២០១៩ខាងមុខ ប្រទេសថៃនឹងមិនមានខ្សែរថភ្លើងថ្មីចាប់ដំណើរការទេ ប៉ុន្តែម្ចាស់អចលនទ្រព្យ និងវិនិយោគិន នឹងរង់ចាំដល់ឆ្នាំ២០២០ ពេលដែលមានការពង្រីកខ្សែរថភ្លើងជាច្រើន ។ យោងតាមគម្រោងបច្ចុប្បន្ននេះ ទីក្រុងបាងកកនឹងមានខ្សែរថភ្លើងចម្ងាយសរុបប្រមាណ៤៦៦គីឡូម៉ែត្រ និង២៨៦ស្ថានីយនៅឆ្នាំ២០៣០ ។
ក្រុមហ៊ុន CBRE ព្យាករណ៍ថា អ្នកដំណើរសម្រាប់ខ្សែរថភ្លើងនីមួយៗនឹងមានភាពខុសគ្នាខ្លាំង ខណៈដែលខ្សែរថភ្លើងនិងស្ថានីយដែលមានអ្នកដំណើរច្រើនជាងគេ នឹងមានការិយាល័យ ផ្ទះ ហាង និងសណ្ឋាគារដែលទទួលបានចំណាប់អារម្មណ៍ច្រើនជាងគេ ៕
ចែករំលែកព័តមាននេះ