ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារ​ត្រើយ​ខាងកើត​កំពុង​រីក​ដុះដាល់​ជា​បន្ដបន្ទាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​រីកសាយ​ភាយ​គួរ​ឲ្យ​តក់​សម្គាល់ ដោយ​វិនិ​យោគិន​ក្នុង​និង​ក្រៅ​ស្រុក បាន​បណ្ដាក់ទុន​ជា​ហូរហែ​ទៅ​លើ​គម្រោង​វិនិយោគ​អគារ​ខ្ពស់​ៗ និង​សំណង់​លំនៅ​ឋាន ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ ។ ជា​ការ​កត់សម្គាល់ ត្រើយ​ខាងកើត​ទន្លេមេគង្គ…

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​រីកសាយ​ភាយ​គួរ​ឲ្យ​តក់​សម្គាល់ ដោយ​វិនិ​យោគិន​ក្នុង​និង​ក្រៅ​ស្រុក បាន​បណ្ដាក់ទុន​ជា​ហូរហែ​ទៅ​លើ​គម្រោង​វិនិយោគ​អគារ​ខ្ពស់​ៗ និង​សំណង់​លំនៅ​ឋាន ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ ។ ជា​ការ​កត់សម្គាល់ ត្រើយ​ខាងកើត​ទន្លេមេគង្គ គឺ​នៅ​តំបន់​ជ្រោយចង្វា​ភាគ​ខាងកើត​ក៏​ត្រូវ​បាន​កំពុង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ផង​ដែរ ។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​បង្ហាញ​ថា នៅ​រាជធានី​ភ្នំពេញ ភាគ​ខាង​ណា​ក៏​មាន​សក្ដានុ​ពល​ដែរ គ្រាន់តែ​សក្ដានុពល​ខុស​ៗ​គ្នា​ប៉ុណ្ណោះ ។ បើ​សម្លឹង​មើល​ភាគ​ខាងកើត​នៃ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​និង​កំពុង​សាងសង់​បុរី​លំនៅ​ឋាន និង​អគារ​ខ្ពស់​ៗ សម្រាប់​ផ្គត់ផ្គង់​ជា​បន្ដបន្ទាប់ ។

អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​លើក​ឡើង​ថា វិស័យ​សំណង់​នៅ​តែ​មាន​សក្ដានុពល សម្រាប់​វិនិយោគិន​បណ្ដាក់ទុន​វិនិយោគ ក្នុង​នោះ​ភ្នំពេញ នៅ​តែ​មាន​ភាព​ទូលំទូលាយ​សម្រាប់​សាងសង់​សំណង់​អគារ បើ​ទោះបីជា​ខេត្ត​ពីរ​ផ្សេង​ទៀត គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ កំពុង​មាន​សន្ទុះ​យ៉ាងណា​ក៏​ដោយ ។

លោក​ឧកញ៉ា​បន្ដ​ថា ៖« អ្នក​វិនិយោគ​នៅ​តែ​អាច​មក​បណ្ដាក់ទុន​វិនិយោគ​សំណង់​នៅ​កម្ពុជា ហើយ​យើង​ជឿជាក់​ថា ឆ្នាំ​ខាង​មុខ​ៗ​នេះ​វិស័យ​សំណង់​នៅ​តែ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ កំណើនសេដ្ឋកិច្ច​កម្ពុជា»។ ទន្ទឹម​នឹង​នេះ ក្នុង​នាម​ជា​អ្នក​សាងសង់​មួយ​រូប លោក​នឹង​ព្យាយាម​ទាក់ទាញ និង​ស្វាគមន៍​បណ្ដា​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី ដែល​មាន​បំណង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស ដើម្បី​លើកកម្ពស់​ប្រទេស​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ​បន្ថែម​ទៀត ។

យ៉ាងណា​ក៏​ដោយ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា លោក​លី សូ​ដេ​ត បាន​បញ្ជាក់​កន្លង​មក​ថា ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយសារ​តែ​វដ្ដ​នៃ​វិបត្តិ​វិស័យ​នេះ​កាន់តែ​ខិត​ជិត​មក​ដល់ ។ លោក​ថា ៖« អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​វិស័យ​នេះ ធ្លាក់​ចុះ​លឿន​ពេក ដែល​អាច​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទាំងមូល » ។

លោក​បន្ត​ថា ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​វិស័យ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ ក៏​ដូច​ជា វិបត្តិ​សេដ្ឋកិច្ច​មក វិស័យ​អចលនទ្រព្យ​កម្ពុជា មិន​ដែល​ជួប​បញ្ហា​នោះ​ទេ គឺ​មាន​សន្ទុះ​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​នៅ​លើ​ពិភពលោក​នេះ មិន​មាន​ប្រទេស​ណាមួយ ដែល​មាន​កំណើន​រហូត​នោះ​ទេ ពោល​គឺ​វា​តែងតែមាន​ឡើង​មាន​ចុះ គ្រាន់តែ​សន្ទុះ​នៃ​ការ​ឡើង​ចុះ មិន​ខ្ពស់​ទាប​ជាង​គ្នា​ខ្លាំង ។ កម្ពុជា​ក៏​ដូច​គ្នា ត្រូវ​ប្រយ័ត្ន​ត្រង់​ចំណុច​នេះ គឺ​ត្រូវ​ការពារ​កុំ​ឲ្យ​សន្ទុះ​ធ្លាក់​ចុះ​ខ្លាំង​ពេក ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ឲ្យ​នៅ​ស្ថិតស្ថេរ​បាន​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ