ចំនួនខុនដូលើទីផ្សារនឹងធ្លាក់ចុះនាឆ្នាំក្រោយ
ទីក្រុងបាងកក ៖ ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ Nexus Property Marketing Co. បានឲ្យដឹងថា ចំនួនខុនដូលើទីផ្សារក្នុង តំបន់…
ទីក្រុងបាងកក ៖ ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ Nexus Property Marketing Co. បានឲ្យដឹងថា ចំនួនខុនដូលើទីផ្សារក្នុង តំបន់…
ទីក្រុងបាងកក ៖ ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ Nexus Property Marketing Co. បានឲ្យដឹងថា ចំនួនខុនដូលើទីផ្សារក្នុង តំបន់ Greater Bangkok នៅឆ្នាំក្រោយនឹងធ្លាក់ចុះប្រមាណ១៣% មកស្មើ៥,៣ម៉ឺនយូនីត ដែលជាកម្រិតទាបជាងកាលពី៥ឆ្នាំមុន ។
អ្នកស្រី Nalinrat Chareonsuphong នាយកគ្រប់គ្រងក្រុមហ៊ុននេះ បាននិយាយថា តម្រូវការខុនដូក្នុងឆ្នាំ២០១៩មានចន្លោះប្រមាណពី៥ម៉ឺនទៅ៥,៥ម៉ឺនយូនីត ។ អ្នកស្រីបានឲ្យដឹងថា ៖« ក្រុមហ៊ុនអចលនទ្រព្យគួរផ្តោតសំខាន់លើខុនដូក្នុងទីក្រុង និងទីផ្សារតម្លៃមធ្យម ព្រោះផ្នែកទាំងពីរនេះមានតម្រូវការពិតប្រាកដ និងមានអតិថិជនច្រើន ។ ផ្នែកទាំងនេះមានលំនឹងភាព និងនិរន្តរភាពជាងទីផ្សារអតិថិជនបរទេស ឬទីផ្សារវិនិយោគ »។
ក្រុមហ៊ុន Nexus បានឲ្យដឹងដែរថា ខុនដូដែលមានតម្លៃទាបជាង២.៣០០ដុល្លារក្នុង១ម៉ែត្រការ៉េ ឬទាបជាង៧,៧ម៉ឺនក្នុង១យូនីត មានតម្រូវការពិតប្រាកដ ។
អ្នកស្រីផ្តល់យោបល់ដល់ក្រុមអចលនទ្រព្យឲ្យបង្កើតផលិតផលសម្រាប់តម្រូវការច្បាស់លាស់ដូចជា ខុនដូសម្រាប់អ្នកដែលចូលចិត្តការធ្វើលំហាត់ប្រាណ ឬអ្នកស្រឡាញ់ការចិញ្ចឹមសត្វជាដើម ។
យោងតាមការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ចំនួនខុនដូថ្មីៗដែលបានចេញលក់ក្នុងឆ្នាំនេះសរុបស្មើ៦០.៩០០យូនីត ឬ១៣៨គម្រោង ដែលធ្វើឲ្យចំនួនខុនដូសរុបក្នុងទីផ្សារស្មើ៦១០.៩០០យូនីត ។
ក្នុងចំណោមខុនដូថ្មីៗមាន៤១% ជាខុនដូតម្លៃខ្ពស់ដែលមានតម្លៃចន្លោះពី៣.៤០០ដុល្លារទៅ៥.៨០០ដុល្លារក្នុង១ម៉ែត្រការ៉េ ឬពី១២ម៉ឺនដុល្លារទៅ២៥ម៉ឺនដុល្លារក្នុង១យូនីត បន្ទាប់ពីនោះមាន២៧%ជាខុនដូតម្លៃមធ្យម និង ២១%ជាខុនដូក្នុងទីក្រុង ៕
ចែករំលែកព័តមាននេះ