រាជធានីភ្នំពេញ ៖ វិមានឈ្នះឈ្នះនឹងសម្ពោធនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ២០១៨ នេះដែលប្រមុខរាជរដ្ឋាភិបាលបានអះអាងថា សំណង់នេះធ្វើឡើងក៏បង្ហាញពីការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ និងសាមគ្គីភាព ។
យោងតាមបណ្តាញសង្គមសង្គមផ្លូវការសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា អបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនៃវិមានឈ្នះឈ្នះដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ ។ សម្តេចបញ្ជាក់ថា«វិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល» ។
សម្តេចបានបន្ថែមថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿង នៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ ៕
ចែករំលែកព័តមាននេះ