រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានយល់ស្របជាឯកច្ឆ័ន្ទចំពោះច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអតីតមន្ត្រីគណបក្សប្រឆាំងទាំង១១៨រូប អាចមានសិទ្ធិធ្វើនយោបាយឡើងវិញ ។
ការសម្រេចនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដោយក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានចេញផ្សាយនៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៨ ឲ្យដឹងថា «ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទដោយចំនួន៨សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល (អង្គវត្តមានមួយអង្គដោយមូលហេតុប្រឈួន) ថាច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ស្របតាមធម្មនុញ្ញភាព» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជាបានប្រកាសជាសាធារណៈពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីកម្ពុជាផ្តល់សម្បទាដល់អ្នកនយោបាយ១១៨រូបរបស់អតីតគណបក្សសង្គ្រោះជាតិដែលតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីតំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូបបានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។ ក្រោយវិសោធនកម្មមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួននៅរារែកចិត្តចាំមើលសភាពការណ៍ តែខ្លះត្រៀមខ្លួនដាក់សំណើសុំធ្វើនយោបាយឡើងវិញ ។
ក្នុងនោះលោក គង់ គាំ អះអាងផ្សេងថា ការដាក់សំណើម្ដងម្នាក់មិនមែនជារឿងលំបាកឡើយ ។ លោកគង់ គាំ ផ្ទាល់បានត្រៀមដាក់សំណើ ដើម្បីសុំធ្វើនយោបាយឡើងវិញ នៅពេលដែលវិសោធនកម្មនេះចូលជាធរមានក្រោយព្រះមហាក្សត្រឡាយព្រះហស្តលេខា ។ ទោះបីជាគេដឹងថា មានមន្ត្រីអតីតគណបក្សសង្គ្រោះជាតិមួយចំនួនត្រៀមដាក់សំណើរសុំធ្វើនយោបាយឡើងវិញក្តីក៏លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសដាក់បម្រាមកុំឲ្យមន្ត្រីដែលជាប់បម្រាមទៅនោះកុំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញឲ្យសោះ ។
លោកក៏បានរងចាំមើលឈ្មោះអ្នកដែលស្នើសុំសិទ្ធិផងដែរ ។ យ៉ាងណាបើតាមមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំងបានបង្ហើបឲ្យដឹងថា មន្ត្រីដែលជាប់បម្រាមភាគច្រើនគាំទ្រនយោបាយលោក កឹម សុខា នឹងធ្វើលិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ៕
ចែករំលែកព័តមាននេះ