រាជធានីភ្នំពេញ ៖ រឿងក្តីជះ និងគប់កំប៉ុងស្រាបៀរទៅលើកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស នារាត្រីថ្ងៃបុណ្យណូអែល២៥ធ្នូ នៅភោជនីយដ្ឋានសមុទ្រ ពិតជាបានធ្វើឱ្យកក្រើកគួរឱ្យកត់សម្គាល់ ដែលភាគច្រើនលើសលប់បានចាត់ទុកថា កាយវិការអសីលធម៌ដ៏ធ្ងន់ធ្ងររបស់បុរសម្នាក់ធ្វើទៅលើនាងពិតជាមិនអាចទទួលយកបាន ព្រមទាំងថ្កោលទោសថែមទៀតផង ដោយសារតែបានធ្វើការប្រមាថនិងមាក់ងាយដល់ស្ត្រីភេទ ។
នៅទីបំផុត ភាគីជនបង្កដែលគេបានស្គាល់អត្តសញ្ញាណតាមហ្វេសប៊ុកឈ្មោះ Ret Pov បានចាត់ឲ្យតំណាងមកសម្របសម្រួលលើសំណងរដ្ឋប្បវេណីជាមួយតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ បន្ទាប់ពីតារាចម្រៀងរូបនេះសម្រេចចិត្តដាក់ពាក្យប្តឹងទារសំណងជំងឺចិត្តប្រមាណ១០ម៉ឺនដុល្លារអាមេរិក ។ ទោះជាយ៉ាងណា អ្នកច្បាប់និយាយថា បើទោះបីជាមានការសម្របសម្រួលលើសំណងនេះក៏ដោយ ប៉ុន្តែភាគីជនបង្កនៅតែប្រឈមនឹងទោសព្រហ្មទណ្ឌដដែល ប្រសិនបើក្នុងករណីតុលាការរកឃើញថា ពិតជាបានបំផ្លាញភ័ស្តុតាងដែលជាឃ្លីបវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពដែលថតបានពីសកម្មភាពពេលកើតហេតុមែននោះ ។
តំណាងឲ្យប្រធានសមាគមសិល្បករខ្មែរលោក ហេង ឡុង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកបញ្ជាក់ពីរឿងខាងលើនេះថា បន្ទាប់ពីចំណាយពេលជាមួយមេធាវីផ្ទាល់ខ្លួនរបស់កញ្ញា ទេព បូព្រឹក្ស និងតំណាងជនបង្ក ក្រោមការសម្របសម្រួលរបស់សមាគមសិល្បករខ្មែរអស់រយៈពេលជាង៣ម៉ោងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ភាគីទាំងពីរបានសម្របសម្រួលគ្នាដោយសន្តិវិធី ប៉ុន្តែមិនទាន់មានការព្រមព្រៀងនៅឡើយទេ នឹងបន្តជួបគ្នាជាមួយជនបង្កដោយផ្ទាល់ទៀត ។
បើតាមលោក ហេង ឡុង គឺកញ្ញា ទេព បូព្រឹក្ស បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ខណ្ឌទួលគោក រួចហើយកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ។ ទោះជាមានការសម្របសម្រួលពីសំណងរដ្ឋប្បវេណីក៏ដោយ ក៏បណ្ដឹងអាជ្ញានៅតែបន្ត មានន័យថាអាចមានទោស ហើយករណីម្ចាស់ហាង ប្រសិនបើតុលាការរកឃើញថាបានបំផ្លាញភ័ស្តុតាងមែននោះ អាចនឹងមានទោសព្រហ្មទណ្ឌរហូតដល់ជាប់ពន្ធនាគារ ។
ជាមួយរឿងរ៉ាវទាក់ទិននឹងកញ្ញា ទេព បូព្រឹក្ស នេះក៏មានមតិមួយចំនួនត្រូវបានលោក ថៃនរៈសត្យារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកការរិះគន់មកលើលោកពាក់ព័ន្ធនឹងករណីកញ្ញា ទេព បូព្រឹក្ស ថាគឺជាសិទ្ធិបុគ្គលដែលមិនបានសិក្សាពីហេតុផល ។ លោករដ្ឋលេខាធិការ បានហៅការរិះគន់ពាក្យសម្តីរបស់លោកចំពោះករណីតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដែលបានកក្រើកឡើងនោះថាមិនបានសិក្សាពីហេតុផលច្បាស់លាស់ គឺលោកចង់សំដៅទៅលើបុគ្គលមួយចំនួនដែលមិនបានស្តាប់អ្វីដែលលោកបាននិយាយ និងមានន័យចំពោះករណីនាង ទេព បូព្រឹក្ស តែបែរជានាំគ្នារិះគន់តាមៗគ្នាទៅវិញ ។
ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកនៅថ្ងៃទី២៧ ខែធ្នូ លោករដ្ឋលេខាធិការ ថៃ នរៈសត្យា បានអះអាងថា គេប្រើសិទ្ធិដោយមិនសិក្សាពីហេតុផលផង តើប្រតិកម្មធ្វើអី្វទៅ ? ខ្លះមិនទាំងបានស្តាប់ការនិយាយរបស់ខ្ញុំផងហ្នឹង ។
លោកបញ្ជាក់ថា អ្វីដែលលោកបាននិយាយនោះ គឺលោកមានន័យចង់ប្រៀបធៀបពន្យល់ទៅកាន់មនុស្សទាំងអស់គ្នា ដោយមិនកាន់ជើងខាងណា ឬក៏លើកតម្លៃឲ្យមានការប្រើអំពើហិង្សាណាមួយនៅទីសាធារណៈនោះឡើយ ។ គួរកុំយកតម្រាប់តាមឥរិយាបថបែបហ្នឹងថែមទៀតផង តែអ្នកខ្លះមិនទាំងបានស្តាប់ផងហើយគេចេះតែប្រតិកម្មតាមៗគ្នាទៅវិញ ។ យើងទៅទប់គេក៏វាមិនកើតដែរ ទុកឲ្យគេយល់ឃើញដោយខ្លួនគេទៅ បើយើងទប់ចុះទប់ឡើងវាកាន់តែធ្ងន់នោះវានឹងទៅជាយ៉ាងណា អុីចឹងទុកឲ្យមតិសាធារណជនយល់ឃើញ ខណៈពេលមតិខ្លះក៏គេមិនជេរ និងរិះគន់លោកដែរ ។
លោករដ្ឋលេខាធិការថ្លែងថា ខ្ញុំបានវាយតម្លៃថាវាមិនមែនជារឿងធំនោះ ពោលគឺជារឿងដែលអាចនិយាយគ្នាបាន បើភាគីជម្លោះទាំងសងខាងមានសុច្ឆន្ទ:ក្នុងការដោះស្រាយគ្នា ។ លោកបន្តថា ខ្ញុំមិនបាននិយាយកាន់ជើងលម្អៀងទៅខាងណាឡើយ ហើយខ្ញុំក៏បានបន្ទោសចំពោះជនដែលមិនចេះគ្រប់គ្រងខ្លួន ហើយបញ្ចេញកំហឹងទៅលើគេនោះដែរ ។ ប៉ុន្តែការបញ្ចេញមតិប្រមាថមកលើខ្ញុំ ពីសំណាក់ជនមួយចំនួនណានោះ វាគ្រាន់តែជាកម្រិតគំនិតនៃបុគ្គលម្នាក់ៗក្នុងការប្រើសិទ្ធិរបស់ពួកគាត់ប៉ុណ្ណោះ !
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ថៃ នរៈសត្យា ក្នុងករណីតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ជារឿងតូចតាចនោះ បានធ្វើឲ្យមហាជនមួយចំនួន ជាពិសេសអ្នកសិល្បៈនាំគ្នាចេញមករិះគន់ដូចទឹកបាក់ទំនប់ រហូតមានតារាខ្លះថែមទាំងថតជាវីដេអូឃ្លីបបែបចំអកមានន័យឌឺដងផ្លែផ្កាទៅលើរូបលោកទៀតផង ។
លោករដ្ឋលេខាធិការ ថៃ នរៈសត្យា បានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយ ពាក់ព័ន្ធទៅនឹងករណីនាង ទេព បូព្រឹក្ស ដែលត្រូវបានគេជះស្រា និងគប់កំប៉ុងស្រាបៀរទៅលើ នៅហាងផឹកស៊ីមួយកន្លែងនោះថា ជារឿងតូចតាច តែលោកបានពន្យល់ថា ករណីនេះគឺជាអង្គហេតុមួយតូច ។ បើយើងចង់ពង្រីកវាឲ្យកាន់តែធំនោះ វានឹងអាចរីកធំ ប៉ុន្តែបើភ្លើងវាឆេះហើយនោះ គឺអាចនឹងពិបាកពន្លត់ណាស់ ។ លោកបញ្ជាក់ថា ករណីនេះប៉ះមនុស្សដែលជាសាធារណបុគ្គល ហេតុនេះអ្នកប្រព្រឹត្តមិនជាល្អមុខណាស់ដែរទេ ដោយសារវាបានបង្ហាញពីការស្រុតចុះនូវសីលធម៌របស់បុគ្គល ។
លោកបន្ថែមថា រឿងគប់កំប៉ុងស្រាបៀរនេះវាមិនមែនជារឿងធំទេគឺជារឿងតូច ប៉ុន្តែវាបង្កើតជារឿងអាស្រូវមួយដ៏ធំ ហើយលោកមិនចង់ឃើញរឿងមួយនេះវាវែងឆ្ងាយឡើយ អត់ធ្មត់រឿងតូចបាន ទើបយើងអាចទទួលជ័យជម្នះធំៗបាន ។ សមត្ថកិច្ចកំពុងស្រាវជ្រាវឈានទៅកំណត់មុខសញ្ញាជនដៃដល់គប់ស្រាបៀរលើតារាចម្រៀង ទេព បូព្រឹក្ស ដើម្បីចាត់ការតាមច្បាប់សមត្ថកិច្ចនគរបាលខណ្ឌទួលគោក កំពុងយកចិត្តទុកដាក់ធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ ដែលបានគប់កំប៉ុងស្រាបៀរទៅលើតារាចម្រៀងកញ្ញា ស៊ឹម ទេពបូព្រឹក្ស(ឈ្មោះក្នុងពាក្យបណ្តឹង) ខណៈនាងកំពុងច្រៀងនៅលើឆាក ក្នុងកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃស្រាបៀរហៃ នៅភោជនីយដ្ឋានសមុទ្រ ក្នុងសង្កាត់ទឹកល្អក់ទី១ ដើម្បចាត់ការតាមច្បាប់ បន្ទាប់ពីកញ្ញាបានដាក់ពាក្យបណ្តឹងទាមទារជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ។
ទោះបីជាយ៉ាងណា រហូតមកដល់រសៀលថ្ងៃទី២៧ ខែធ្នូ នគរបាលពុំទាន់បានឃាត់ខ្លួនជនដៃដល់រូបនោះនៅឡើយទេ ។ ដោយឡែក ជុំវិញរឿងរ៉ាវប្រើហិង្សាដោយចេតនានិងប្រមាថ ដោយការជះនិងគប់កំប៉ុងស្រាបៀរទៅលើនាងពិតជាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរអ្នកសិល្បៈ ។
គេពុំទាន់ដឹងថា កញ្ញា ទេព បូព្រឹក្ស នឹងធ្វើការសម្របសម្រួលក្រៅផ្លូវច្បាប់ឬយ៉ាងណានោះទេ ។លោក ស៊ឹម ពិសិដ្ឋ អធិការរងនគរបាលខណ្ឌទួលគោក ទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យអ្នកយកព័ត៌មានកោះសន្តិភាពដឹងថា បន្ទាប់ពីមានរឿងរ៉ាវនិងពាក្យបណ្តឹង នគរបាលខណ្ឌទួលគោកព្រមទាំងនគរបាលប៉ុស្ដិ៍ បានទៅកាន់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវទើបឈានទៅកំណត់មុខសញ្ញាជនដៃដល់ ដើម្បីចាត់ការតាមច្បាប់ ។ ទោះបីជនសង្ស័យបានគេចខ្លួនបាត់ ក៏ដោយ ក៏សមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ដែរ ។
ទាក់ទិននឹងករណីនេះ កោះសន្តិភាពបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅតកញ្ញា ទេពបូព្រឹក្ស ដើម្បីសួនាំដែរ តែកញ្ញាពុំបានលើកទូរស័ព្ទឆ្លើយតបឡើយ ។គួរបញ្ជាក់ថា កញ្ញា ទេព បូព្រឹក្ស អាយុ២៥ឆ្នាំ ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវលេខM០១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានបុរសម្នាក់គប់កំប៉ុងស្រាបៀរទៅលើចំនួន២កំប៉ុង ខណៈនាងកំពុងច្រៀងនៅលើឆាកតន្ត្រីក្នុងកម្មវិធីប្រូមូ៉សិន និងបញ្ចុះថ្លៃទិញ៤ថែម១(៤+១) និងមានការចាប់រង្វាន់របស់ស្រាបៀរហៃ(Hite) នៅភោជនីយដ្ឋានសមុទ្រដែលមានទីតាំងផ្ទះលេខ៧២ ផ្លូវលេខ១១៨ ក្រុម
ទី៥០ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង៥នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ខណៈនាងបានស្រែកទ្រហោយំ និងបង្ហោះវីដេអូឡាយ(live) នៅក្នុងបណ្តាញសង្គម ។ បន្ទាប់ពីគប់ស្រាបៀរហើយ ជនដៃដល់ដែលអង្អុយផឹកនៅតុលេខ៣៦ ក៏បានគេចខ្លួនបាត់ ។ ចំពោះរឿងវ៉ាវឈានទៅដល់គប់និងជះស្រាបៀរលើតារាចម្រៀងរូបនេះ គេពុំដឹងមូលហេតុអ្វីឡើយ តែបើតាមព័ត៌មានក្រៅផ្លូវការខ្លះថាដោយសារតែភ្ញៀវខឹងតារាចម្រៀងរូបនេះមកច្រៀងយឺតនិងដណ្តើមចៀង ខណៈក្រុមហ៊ុនកំពុងចាប់រង្វាន់ ។
ទោះបីជាបែបណា សកម្មភាពដ៏លាមកនេះមិនមែនជាជម្រើសទេ ។ ចំណែក តារាចម្រៀង នាង ទេព បូព្រឹក្ស បានអះអាងថា នាងមកច្រៀងតាមម៉ោងកំណត់ គឺពីម៉ោង១០ទៅម៉ោង១១យប់ ដែលក្រុមហ៊ុនស្រាបៀរHite មានលោក គា វី អាយុប្រហែល២៨ឆ្នាំជាប្រធានផ្នែកទីផ្សារ បានជួលឱ្យមកច្រៀងក្នុងតម្លៃ៩០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ម៉ោងច្រៀងចំនួន៦បទ ។
តាមព័ត៌មានឱ្យដឹងទៀតថា ជនដែលប្រើហិង្សាគប់កំប៉ុងស្រាបៀលើតារាចម្រៀង មិនមែនជាកូនលោក ម៉ាត់ កំម៉ារ៉ី ដែលជាម្ចាស់ហាងនោះទេ ។ បើតាមអ្នកខ្លះអះអាងថា ជាបុគ្គលិកក្រុមហ៊ុនស្រាបៀរហៃនោះតែម្តង ព្រោះគេឃើញជននោះទៅរៀបចំឆាកតាំងពីមុនពេលកើតហេតុម្ល៉េះ ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យហើយ ។
បន្ទាប់ពីកើតហេតុ នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ទេព បូព្រឹក្ស បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងវែកមុខចាប់ជនដៃដល់មកចាត់ការតាមច្បាប់ ដោយទាមទារជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ព្រមទាំងឱ្យជនបង្កមកសុំទោសជាសាធារណៈនិងធ្វើសន្និសីទកាសែតផងដែរ ។ ប្រាក់ចំនួន១០ម៉ឺននេះ នាងមិនប៉ះពាល់ទេ គឺយកទៅបរិច្ចាគឱ្យទៅមន្ទីរពេទ្យគន្ធបុប្ផាខ្លះ មណ្ឌលកុមារកំព្រា ចាស់ជរា និងដល់សិល្បករចាស់ៗដែលធ្លាក់ខ្លួន ឈឺមិនមានការធ្វើជាដើម។
តាមតារាចម្រៀងរូបនេះ បានឱ្យដឹងក្នុងកិច្ចសម្ភាសន៍ថា នាងប្តឹងបុគ្គលជាជនបង្កដែលបានគប់ស្រាបៀរ២កំប៉ុងដោយចេតនា ប្តឹងម្ចាស់ហាងដែលអត់មានការទទួលខុសត្រូវ ដែលហាងរបស់គាត់អសន្តិសុខខ្លាំងបំផុត សូម្បីតែកាមេរ៉ាសុវត្ថិភាពនៅពេលដែលកើតមានរឿង ក្រុមគ្រួសារនាងសុំឆែកមើលថាខូច លុះនគរបាលទៅដល់ឱ្យឆែកមើលលុបនិន្ន័យចោលអស់។ជាមួយនេះ ប្តឹងអ្នករៀបចំកម្មវិធីរបស់ក្រុមហ៊ុនដែលមិនយកចិត្តទុកដាក់ទៅលើសន្តិសុខរបស់នាង ដែលបានទៅច្រៀង ព្រមទាំងប្តឹងស្ត្រីម្នាក់ដែលចេញមកមកអះអាងថា ជាម្តាយជនបង្កនោះ ។ ទោះបីជាយ៉ាងណា នៅក្នុងពាក្យបណ្តឹងនោះ កញ្ញា ទេព បូព្រឹក្ស ប្តឹងតែជនបង្កម្នាក់ប៉ុណ្ណោះ ។
អ្នកតំណាងអះអាងថាអ្នកបង្កហេតុពេលនោះដោយសារស្រវឹងយោងតាមហ្វេសប៊ុកដែលបង្ហោះដោយលោក ហេង ឡុង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ថា ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញា ទេព បូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងឈ្មោះ ឆេង រស្មី ជាតំណាងអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា ។ ទាំងតំណាងជនបង្ក និងម្ចាស់ហាងបានឆ្លើយថា «ខ្លួនស្រវឹង» ។សំណូមពររបស់ភាគីកញ្ញា ទេព បូព្រឹក្ស មាន
៣ចំណុចដូចខាងក្រោម ៖
១-ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ
២-សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន១០ម៉ឺនដុល្លារ
៣-ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំកួនសងសឹកគ្នា បញ្ចប់ទំនាស់ដោយសន្តិវិធី ។
ភាគីជនបង្កបានដកឃ្លា ដើម្បីពិចារណាទៅលើសំណូមពរទាំង៣របស់ភាគីជនរងគ្រោះ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ