ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់​ថ្ម​ក្រាល ស្រស់​ត្រកាល តែ​មិនសូវ​មាន​អ្នក​ទៅ​កម្សាន្ត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មិន​ទាន់​មានការ​អភិវឌ្ឍ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ គួប​ផ្សំ​មិន​មានការ​ផ្សព្វផ្សាយ​ឲ្យ​ស្គាល់​ផង​នោះ តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​នៅ​ក្នុងភូមិ​ចម្ការ​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស​មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ប៉ុន្មាន​ទេ ។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​ដែល​មាន​ទឹកធ្លាក់​ដ៏​ត្រជាក់…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មិន​ទាន់​មានការ​អភិវឌ្ឍ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ គួប​ផ្សំ​មិន​មានការ​ផ្សព្វផ្សាយ​ឲ្យ​ស្គាល់​ផង​នោះ តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​នៅ​ក្នុងភូមិ​ចម្ការ​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស​មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ប៉ុន្មាន​ទេ ។

ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​ដែល​មាន​ទឹកធ្លាក់​ដ៏​ត្រជាក់ និង​ស្រស់បំព្រង​មួយ​នេះ​ក្លាយ​ទី​ស្ងាត់ជ្រងំ បើ​មាន​អ្នក​ទៅ​លេង​កម្សាន្ត​តែ​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ ។ 

លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា «​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិ​ដ្ឋា​ន ជា​តំបន់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​កំពុង​គ្រប់គ្រង ផ្ទាល់​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង ។ តំបន់​នោះ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ដូច​គ្រាប់ពេជ្រ​មិន​ទាន់​កែ​ច្នៃ ។ កន្លង​ទៅ​តំបន់​ទេសចរណ៍​មួយ​នោះ ក្រសួងបរិស្ថាន​បាន​ប្រកាស​ឲ្យ​សហគមន៍​ទេសចរណ៍​ថ្ម​ក្រាល ក្នុងភូមិ​ចម្ការ​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស រៀបចំ​ជា​តំបន់​ទេសចរណ៍​ប្រើប្រាស់​អាស្រ័យ​ផល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដើម្បី​លើក​ស្ទួយ​ជីវភាព​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន ។

មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ធ្លាប់​អប់រំ​ណែនាំ​ដល់​សហគមន៍​ទេសចរណ៍ ថ្ម​ក្រាល ឲ្យ​រៀបចំ​រោង​សម្រាប់​ភ្ញៀវ​អង្គុយ​លេង រៀបចំ​បន្ទប់ទឹក កន្លែង​ចំណតរថយន្ត​ម៉ូតូ ដាក់​គ្រែ​ក្រោម​ម្លប់ឈើ និង​ធុង​សម្រាប់ ដើម្បី​ឲ្យ​តំបន់​នោះ​ក្លាយ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ។

ចំណូល​បាន​ពី​ការ​រៀបចំ គឺ​សម្រាប់​ទុក​ទ្រទ្រង់​សហគមន៍​ខ្លួនឯង​ឲ្យ​បាន​រឹង​មាំ ដោយ​មន្ទីរ​គ្រាន់តែ​ជា​អ្នក​ណែនាំ​ដល់​សហគមន៍​តែ​ប៉ុណ្ណោះ មិន​ប៉ះពាល់​ប្រាក់​របស់​សហគមន៍​នោះ​ឡើយ »​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ថា​មិន​អត់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ពេក​នោះ​ទេ គឺ​មាន​ខ្លះ​ដែរ​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ពិសេស​ថ្ងៃ​បុណ្យ​ទាន ធំ​ៗ មាន​ចូល​ឆ្នាំ និង​បុណ្យ​ភ្ជុំ​បិ​ណ្យ​ជាដើម ។ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល មាន​ចម្ងាយ​ប្រមាណ​៥៤ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពី​ភ្នំ​ចាក់​ទឹម ភ្នំ​ឱ​រ៉ា​ល់ ។ សហគមន៍​ទេសចរណ៍​ថ្ម​ក្រាល​ទើបតែ​រៀបចំ​ឲ្យ​មាន​កន្លែង​មុជទឹក និង​រោង​អង្គុយ​លេង​កម្សាន្ត​តិចតួច​នៅឡើយ ក្រៅពី​នោះ​មាន​បន្ទប់ទឹក និង​បង្គន់​អនាម័យ​មួយ​ខ្នង​មាន​២​បន្ទប់ ។

ផ្លូវ​ចូល​ទៅ​ដល់​រមណីយដ្ឋាន​នោះ នៅ​សល់​តែ​ប្រមាណ​ជាង​១០​គី​ឡួ​ម៉ែត្រ​ប៉ុណ្ណោះ គឺ​ជួប​ការ​លំបាក​ព្រោះ​ជា​ផ្លូវ​កំពុង​រង​ការ​ខូចខាត​ព្រោះ​មាន​ជង្ហុក ដូច​សំបុកមាន់ ដែល​ទាមទារ​ឲ្យ​សហគមន៍​ទេសចរណ៍​ថ្ម​ក្រាល ស្វះ​ស្វែងរក​ជំនួយ ឬ​ដៃគូ​នានា​អភិវឌ្ឍ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេចរ​ចូល​ទៅ​កាន់​តំបន់​ទឹកធ្លាក់​ដ៏​ស្រស់​ត្រកាល​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ