រាជធានីភ្នំពេញ ៖ លោក សោម សូលីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ដែលត្រូវបានតុលាការកំពូលហាមមិនឲ្យធ្វើនយោបាយកន្លងមកពេលនេះ គ.ជ.ប មិនទាន់បានសម្រេចដកសិទ្ធិរបស់ពួកគាត់នៅឡើយទេ ក្នុងចំណោមពលរដ្ឋចំនួន៤០៣ដែលត្រូវបានដកសិទ្ធិចុះបោះឆ្នោត ។
ការថ្លែងរបស់លោកនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយការផ្តល់សុពលភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៨នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះនៅទីស្តីការ គ.ជ.ប ។
សូមបញ្ជាក់ថា សកម្មជនថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិចំនួន១១៨រូបត្រូវបានចៅក្រមជំនុំជម្រះតុលាការកំពូលបានសម្រេចហាមឃាត់មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការជាខ្ពស់នេះបានសម្រេចរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ។
លោក ឌុច សុន សមាជិក គ.ជ.ប បានបញ្ជាក់ថា ចំពោះចំនួនលទ្ធផលបណ្តោះអាសន្នអ្នកចុះឈ្មោះនៅក្នុងបញ្ជីដែលបានធ្វើបច្ចុប្បន្នភាពបានចុះឈ្មោះពីថ្ងៃទី១ តុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន១៩៥,៣៣៨៥នាក់ ។
ប្រជាពលរដ្ឋដែលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន៥៦,៩៤១នាក់ក្នុងនោះអ្នកស្លាប់២៦១៥៦នាក់ ផ្លាស់ប្តូរទីលំនៅប្រមាណ២៦,៥៣៣នាក់ ឈ្មោះស្ទួន និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោត៤០៣នាក់ ៕
ចែករំលែកព័តមាននេះ