ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​គួរ​កត់សម្គាល់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ប្រទេស​យើងមាន​សុខ​សន្តិភាព​ពេញលេញ រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៨​ដែល​ជិត​នឹង​បញ្ចប់​ទៅ​ហើយ​នេះគេ​កត់​សម្គាល់ថា វិស័យ​កីឡា​បាន​បង្ហាញសកម្មភាព​របស់​ខ្លួន​តាម​រយៈ​ការ​បង្កើត​ឱ្យ​មានព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើន​ធ្វើ​ឱ្យ​មហាជនដក់​ជាប់​ក្នុង​អារម្មណ៍​ផង​ដែរ ។ ខាងក្រោម​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​ដែល​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១៨៖ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ៖ ពី​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ប្រទេស​យើងមាន​សុខ​សន្តិភាព​ពេញលេញ រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៨​ដែល​ជិត​នឹង​បញ្ចប់​ទៅ​ហើយ​នេះគេ​កត់​សម្គាល់ថា វិស័យ​កីឡា​បាន​បង្ហាញសកម្មភាព​របស់​ខ្លួន​តាម​រយៈ​ការ​បង្កើត​ឱ្យ​មានព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើន​ធ្វើ​ឱ្យ​មហាជនដក់​ជាប់​ក្នុង​អារម្មណ៍​ផង​ដែរ ។ ខាងក្រោម​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​ដែល​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១៨៖

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ៖ ពី​ថ្ងៃ​ទី​២៥ ឧសភា ដល់​ថ្ងៃ​ទី​៤ មិថុនា ប្រទេស​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​លើក​ទី​២​ប្រកបដោយ​ជោគជ័យ ដោយ​មាន​វិញ្ញាសា​កីឡា​ជា​ច្រើន ហើយ​ជម្រើស​បាន​កីឡាករ​កីឡាការិនី​ល្អ​ៗ​តំណាង​ឱ្យ​កម្ពុជា​សម្រាប់​ការ​បញ្ជូន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ទៀត​ផង ។

ប៉ុន្តែ​កីឡាករ​កីឡាការិនី​ប្រមាណ​២០​ភាគរយ ដែល​មានឈ្មោះ​ប្រកួត បាន​បោះបង់​ចោលការ​ប្រកួត ដោយ​សារ​តែ​គម្លាត​នៃ​សមត្ថភាព​របស់​អត្ត​ពលិកម​ក​ពី​តាម​បណ្តា​ខេត្ត​ដែល​មិន​អាច​ប្រៀបផ្ទឹម​បានជា​មួយ​អត្ត​ព​លិ​ក​នៅ​រាជធានី និង​ក្រសួង​ស្ថាប័នរដ្ឋ​បាន ។ កីឡា​ជាតិ​ដែល​ប្រារព្ធ​ធ្វើ​រយៈពេល​២​ឆ្នាំ​ម្តងនេះ គឺជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។ ក្លិប​កីឡា​ដែល​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​នោះ​រួម​មាន​មក​ពី​ក្រសួង និង​រាជធានី​ខេត្ត​ចំនួន​២៨​លើ​វិញ្ញាសា​ចំនួន​២៧ ដោយ​មាន​អ្នក​ទទួល​បាន​មេដាយ​សរុប​១៤៩​គ្រឿង ក្នុង​នោះ​មាន​មេដាយមាស​៨៣​គ្រឿង​។

ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស ៖ កាលពី​ដើមខែ វិច្ឆិកា ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស​សត្វព្រៃ​នៅ​ខេត្តកំពង់ស្ពឺ កំពត និង​ខេត្ត​ព្រះ​សីហ​នុ​(​ភ្នំ​ឱ​រ៉ា​ល់ និង​ឧទ្យាន​ជាតិ​គី​រី​រម្យ​)​យ៉ាង​កក្រើក ដោយ​មាន​កីឡាករ​ជំនាញ​ៗ​ខាង​យានយន្ត​ជា​ច្រើន​រូប​ចូលរួម​ប្រកួត ។

ព្រឹត្តិការណ៍​នេះ ក្នុង​ថ្ងៃ​ទី​១ ក្រុម​កីឡាករ​បាន​ចាប់ផ្ដើម​ចេញដំណើរ​ពី​ទីក្រុង ភ្នំពេញ ទៅ​ខេត្តកំពង់ស្ពឺ ដោយ​ប្រណាំង​មាន​រយៈ​ចម្ងាយ​១៣៧​គីឡូម៉ែត្រ​ឆ្លងកាត់​ក្រុង​ច្បារមន ស្រុក​ឱ​រ៉ា​ល់ និង​ភ្នំស្រួច​ដោយ​ឆ្លងកាត់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ឧទ្យាន​ជាតិ​គិរី​រម្យ ។ សម្រាប់​ការ​ប្រណាំង​នៅ​ថ្ងៃ​ទី​២ ត្រូវ​បាន​ចាប់ផ្តើម​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ និង​កំពត លើ​ចម្ងាយ​ផ្លូវ​៥៨​គីឡូម៉ែត្រ ដោយ​ប្រណាំង​កាត់​ចំការ​ដូងប្រេង ឆ្លងកាត់​តាម​ជួរ​ភ្នំ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដោយ​បើកបរ​លើ​កំណាត់​ផ្លូវ​ដី​ក្រហម ដីខ្សាច់ ផ្លូវ​ចំការ​ខ្វាត់ខ្វែង និង​ផ្លូវ​ភក់​ដែល​មាន​ឧបសគ្គ​ជាង​ថ្ងៃ​ទី​១ ។

ព្រឹត្តិការណ៍​ប្រណាំង​យានយន្ដ​ឆ្លងកាត់​តំបន់​អភិរក្ស ខ្មែរ​រ៉ា​លីរ៉េ​ដ ២០១៨ នេះ មានការ​សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ដោយ​ធ្វើការ​ប្រណាំង​ឆ្លងកាត់​ខេត្ត​ចំនួន​៣ គឺ​ខេត្តកំពង់ស្ពឺ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ឧទ្យាន​ជាតិ​គិរី​រម្យ នៅ​ក្នុង​ខេត្តកំពត​ដែល​ឆ្លងកាត់​តំបន់​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ។

នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឆ្លងកាត់​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប​ជាង​៦៣០​គឺ​ឡូ​ម៉ែត្រ​។ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ប្រកួត​ពី​កីឡាករ​-​កីឡាការិនី​មក​ពី​៥​ប្រទេស​រួម​មាន​កម្ពុជា ថៃ អូស្ត្រាលី វ៉ែ​ល ស្ក​ត់ឡែ​ន សរុប​មាន​ម៉ូតូ​១៦​គ្រឿង និង​រថយន្ត​ចំនួន ៩​គ្រឿង​។

ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ ៖ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខែមករា ដើមឆ្នាំ​២០១៨ ដោយ​ព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ថា Angkor Ultra Trail 2018 លើក​ទី​៣​នេះ មាន​កីឡាករ​រត់​ផ្សងព្រេង​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ នៅ​តំបន់​អង្គរ ដោយ​ចាប់ផ្ដើម​កាលពី​ព្រលប់​ថ្ងៃ​ទី​១៩ ខែមករា និង​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​រត់​ជាង​៨០០​នាក់ ក្នុង​នោះ​មាន​បរទេស​៧៧៥​នាក់ មក​ពី​៤១​ប្រទេស​លើ​ពិភពលោក ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បញ្ជាក់​ថា ការ​ប្រកួត​រត់​ចាប់ផ្ដើម​ចេញដំណើរ​ពីមុខ​ទី​លានជល់ដំរី នៅ​ខ្ទង់​ម៉ោង​៧​យប់ លើ​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ ដោយ​កីឡាករ​-​កីឡាការិនី​ម្នាក់​ៗ ចំណាយពេល​២៤​ម៉ោង​ដើម្បី​រត់​កាត់​វាលស្រែ ផ្លូវលំ ផ្លូវ​ព្រៃ​ជុំវិញ​តំបន់​អង្គរ និង​តំបន់​អង្គរ ដោយ​គ្មាន​ការ​ឈប់​សម្រាក​ឡើយ ។ ចំពោះ​ការ​រត់​ចម្ងាយ​ឆ្ងាយ​លើក​ទី​៣ លើ​ទឹកដី​អង្គរ​នេះ គឺ​មាន​កំណើន​អ្នកចូលរួម​ច្រើន​រហូត​ដល់​ទៅ​ជាង​៨០០​នាក់ ពោល​គឺ​ច្រើន​ជាង​កាលពី​ឆ្នាំ​២០១៧ ដែល​មាន​អ្នកចូលរួម​ត្រឹម​ជាង​៥០០​នាក់​ប៉ុណ្ណោះ ។

ព្រឹត្តិការណ៍​ទាញព្រ័ត្រ​ប្រចាំឆ្នាំ ៖ ការ​ប្រកួត​នេះ​បាន​ធ្វើ​ឡើង​កាលពី ១៤-១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ ដោយ​មាន​ក្រុមកីឡា​ទាញព្រ័ត្រ​មក​ពី​១២​ក្លិប​-​សមាគម​ចូលរួម ក្នុង​នោះ​មាន​ក្រុម​កីឡាករ​៩​ក្រុម និង​ក្រុមកីឡា​ការិនី ៩​ក្រុម​ចូលរួម​ប្រកួត ។

ការ​ប្រកួត​នេះ មិន​ត្រឹមតែ​ជា​ការ​ប្រកួតប្រជែង​ដណ្ដើម​ជ័យជម្នះ ឬ​មេដាយ​នោះ​ទេ តែ​គឺជា​ឱកាស​ដ៏​ល្អ​ក្នុង​នាម​ជា​សហព័ន្ធ​ក្មេងខ្ចី រួម​ទាំង​មន្ដ្រី​បច្ចេកទេស អាជ្ញា​កណ្ដាល ចៅក្រម និង​កីឡាករ​-​កីឡាការិនី ត្រូវ​ស្វែង​យល់​បន្ថែម​ពី​ចំណុចខ្លាំង និង​ចំណុច​ខ្វះខាត​របស់​ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួល​បាន​នូវ​គុណ​ភាពល្អ សម្រាប់​ជា​បទ​ពិសោធន៍​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​ផង​ដែរ​។

ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ៖ ព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ថា Anchor International Beach Volleyball 2-Star FIVB World Tour 2018 បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ ដោយ​មាន​ក្រុម​កីឡាករ​មក​ពី​៧​ខេត្ត​ចូលរួម​រួម​មាន​ខេត្តកំពង់ស្ពឺ ព្រះ​សីហ​នុ បន្ទាយ​មាន​ជ័យ សៀមរាប បាត់ដំបង កំពង់ចាម ខណៈ​ដែល​មណ្ឌល​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ ហើយ​បើក​ការ​ប្រកួត​រយៈពេល​៣​ថ្ងៃ ។

មុន​បើក​ប្រកួត គឺ​មាន​អ្នក​ដាក់​ពាក្យ​ចូលរួម​រហូត​ដល់​ទៅ​២៩​ក្រុម មក​ពី​១៧​ប្រទេស ដូច​ជា​អូស្ត្រាលី កា​ណា​ដា ដា​ណឺ​ម៉ាក អា​ល្លឺ​ម៉​ង់ ក្រិ​ក ជប៉ុន នូ​វែ​ល​សេ​ឡង់ រុ​ស្ស៊ី ស៊ុ​យ​អែ​ដ និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​។

ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក ៖ ព្រឹត្តិការណ៍​នេះ​រៀបចំ​កាលពី​ថ្ងៃ​ទី​២២​និង​២៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​មាន​ក្រុម​កីឡាករ​ផ្នែក​អេ​ឡិច​ត្រូ​និក​ច្រើន​ក្រុម​ចូលរួម​ប្រកួតប្រជែង ។ ការ​ប្រកួត​នេះ មាន​ហ្គេ​ម​ចំនួន​៣ គឺ PUBG, CS:Go, និង​DOTA2 ដែល​ហ្គេ​ម​ទាំងនេះ​សុទ្ធ​សឹង​ជា​ហ្គេ​ម​ល្បី និង​កំពុង​ពេញ​និយម​ខ្លាំង សម្រាប់​អ្នកលេង​ហ្គេ​ម​ដើម្បី​ឱ្យ​កីឡាករ​ទាំងឡាយ​ធ្វើការ​ប្រកួត ។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ROG ប្រចាំ​ប្រទេស​កម្ពុជា​បាន​ត្រៀម​ទឹកប្រាក់​សរុប​ចំនួន​១.២០០​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ និង​មាន​កាដូ​ស្អាត​ៗ​ជា​ច្រើន​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ Youtuber ដែល​ជា​អ្នកជំនាញ​លេង​ហ្គេ​ម​ល្បី​ៗ ដើម្បី​មក​លេង​ហ្គេ​ម និង​ចូលរួម​សប្បាយ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​ដូច​ជា BroKH, Sdach Game, Raven Blaze, Rean Thort (​ពួ​ជ្រួញ​) និង​តារា​កិត្តិយស​ជា​ច្រើន​រូប​ទៀត ។

ទាំងនេះ​អាច​បញ្ជាក់​ថា វិស័យ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​អតិថិជន ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ