ខេត្តតាកែវ ៖ មន្ត្រីយោធាម្នាក់បានរងរបួសធ្ងន់ ខណៈពេលដែលជនសង្ស័យជាមនុស្សញៀនថ្នាំម្នាក់បានយកកាំបិតមកអារក ដើម្បីជម្រះគំនុំចាស់ ខណៈពេលដែលជនរងគ្រោះកំពុងតែមើលទូរទស្សន៍ រួចជនសង្ស័យចូលមកអាករជនរងគ្រោះតែម្តង រួចត្រូវបានកូននឹងប្រពន្ធជនរងគ្រោះចាប់ខ្លួនប្រគល់មកអោយប៉ូលិសកសាងសំណុំរឿងដើម្បីបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តចាត់ការបន្ត ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង២០នាទី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សង សារ៉ាត់ ហៅឆិច អាយុ២៤ឆ្នាំ រស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ ។ បើតាមប្រភពពីអ្នកជិតខាងបានបញ្ជាក់ថា ជនសង្ស័យទើបចេញពីជក់សារធាតុញៀននៅព្រៃខាងកើតផ្ទះ ក៏ដើរចូលទៅផ្ទះជនរងគ្រោះដែលមានឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះជិតគ្នា មានមុខរបរមន្ត្រីយោធាសឹករងតាកែវ ។
ប្រភពដដែលបន្តថា ជនរងគ្រោះកំពុងអង្គុយលើកៅអីមើលទូរទស្សន៍នៅក្នុងផ្ទះសុខៗ ស្រាប់តែជនសង្ស័យទៅផ្ទះរបស់គេយកកាំបិតកញ្ចែតចូលទៅអារក ជនរងគ្រោះឆៅៗ ដោយពុំដឹងខ្លួន បណ្តាលឲ្យមានរបួសធ្ងន់ នៅត្រង់កផ្នែកខាងមុខនឹងរបួសស្នាមនៅប្រអប់ដៃឆ្វេង ។ ឃើញដូចនោះឈ្មោះ ម៉ុក សោភា ជាប្រពន្ធ និងឈ្មោះ ប៉ូ ពិសី ជាកូនស្រីបានចូលទៅជួយចាប់ ជនសង្ស័យបានជាមួយ និងវត្ថុតាងនៅខាងមុខផ្ទះ ។
នៅមុខប៉ូលិសជនសង្ស័យបានបញ្ជាក់ថា រូបគេមានគំនុំជាមួយជនរងគ្រោះជាយូរមកហើយដោយជនរងគ្រោះធ្វើអំពើដាក់គេ ។ ជាលទ្ធផលជំនាញបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ ។
លោកវរសេនីឯក សែម សុជាតិ នាយការិយាល័យកម្រិតធ្ងន់ខេត្តបានអោយដឹងជនសង្ស័យក្នុងករណីបង្កហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ