ក្រឹត្យក្រមច្បាប់ដែលបង្កើតឡើងដោយមនុស្សដើម្បីគ្រប់គ្រងមនុស្សគង់មានលើសខ្វះ ឬលម្អៀងមិនខាន តែច្បាប់ធម្មជាតិមិនដូច្នេះទេ គឺពិតជាទៀងត្រង់ ត្រឹមត្រូវប្រាកដណាស់ កាត់សេចក្តីស្មើភាពគ្នាចំពោះសត្វលោកទូទៅមិនលម្អៀងឡើយ ។
ចំណុចនេះអ្នកប្រាជ្ញលោកចង់បញ្ជាក់ថា គ្រប់ជីវិតសត្វលោកទាំងអស់សុទ្ធសឹងតែស្ថិតនៅក្រោមអំណាចនៃច្បាប់ធម្មជាតិ។ ច្បាប់ធម្មជាតិនោះ តាមធម្មតាមិនមានការលម្អៀង មិនថាអ្នកល្អ ឬអាក្រក់ ក៏ត្រូវតែស្ថិតនៅក្រោមអំណាចនៃច្បាប់ធម្មជាតិទាំងអស់គ្នា គឺមានការកើតឡើង តាំងនៅ និង រលត់ទៅ ហើយព្រាត់ប្រាសប្រែប្រួលផ្លាស់ប្ដូរទៅតាមហេតុបច្ច័យនៃច្បាប់ធម្មជាតិដែលបានកំណត់មក ស្មើភាពគ្នាទូទៅ ។
បើសត្វលោកដឹងច្បាស់នូវសភាពពិតនៃច្បាប់ធម្មជាតិ ស្គាល់សច្ចធម៌ប្រាកដបែបនេះហើយ គប្បីជាអ្នកមិនញាប់ញ័រ មិនរំជើបរំជួលទៅតាមអារម្មណ៍ ជាចិត្តមាំទាំទើបបានក្សាន្តរួចចាកទុក្ខទាំងពួងសមដូចនៅក្នុងមង្គល៣៨ប្រការត្រាស់ថា ចិត្តំ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ ចិត្តបុគ្គលណាដែលលោកធម៌ពាល់ត្រូវហើយ មិនញាប់ញ័រ មិនសោកសៅ ជាចិត្តដែលក្សេមស្រស់ថ្លា ជាមង្គលដ៏ឧត្តម ។
ចែករំលែកព័តមាននេះ