រាជធានីភ្នំពេញ៖ លោកអេឡិច ចិន្ត្រាបានជាអ្នកសិល្បៈ បានបែកគំនិតរកសុីផ្នែកអាជីវកម្មជួលរៀបចំកម្មវិធីសិល្បៈតាមកម្មវិធីមង្គលការ និងកម្មវិធីជប់លៀងខួបកំណើតថែមទៀត ។ ក្រុមរបស់លោកចិន្ត្រាហាក់មានការទាក់ទាញព្រោះប្រមូលដោយតារាចម្រៀងល្បី ដូច្នេះហើយរដូលមង្គលការកាក់កបខ្លាំងណាស់ ។
ក្រុម Alex Entertaiment ប្រមូលផ្តុំដោយតារាចម្រៀងប្រុស-ស្រីល្បីឈ្មោះជាច្រើននាក់ ជួបជុំគ្នា និងបញ្ចេញស្នាដៃចម្រៀងសុទ្ធតែអ្នកមានទេពកោសល្យ សំឡេងពីរោះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះ Alex Entertaiment រីកសុសសាយពីមួយថ្ងៃទៅមួយថ្ងៃ ។ ដូច្នេះហើយទើបធ្វើឲ្យអេឡិច ចាន់ត្រា រីកមុខដូចគ្រាប់ជី ទទួលការងារទាំងញញឹមស្រស់ស្រាយ រហូតពេលខ្លះស្ទើរតែគ្មានកម្លាំងទៅផង ព្រោះតែការងារ ជាប់ៗគ្នា គ្មានលស់ថ្ងៃ ។
ក្នុងរដូវមង្គលការសម្រាប់ចុងឆ្នាំ២០១៨ នេះ ក្រុមតន្ត្រីដែលរៀបចំឡើងដោយតារាចម្រៀងអេឡិច ចិន្ត្រា ទទួលបានការកោតសរសើរមិនដាចពីមាត់ពីអតិថិជន ដែលធ្លាប់តែផ្តល់ទំនុកចិត្តដល់ក្រុម Alex Entertaiment សម្រាប់ការប្រគំតន្ត្រី រៀបចំឆាក និងពិធីការ ផ្សេងៗ ។
កាលពីពេល ថ្មីៗកន្លងមកលោកអេឡិច ចិន្ត្រា ឲ្យដឹងថា មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមការងាររបស់លោកហាក់មានសន្ទុះជាងមុខខ្លាំង ព្រោះតែការផ្តល់ទំនុកចិត្តពីអតិថិជន ដោយបានផ្តល់ឱកាសដល់ក្រុមការងាររបស់ Alex Entertaiment រៀបចំក្នុងពិធីមង្គល ផ្សេងៗ ។ អេឡិច និយាយថា «ភ្ញៀវគាត់សរសើរថា ការរៀបចំពិតជាបានល្អ ទាំងការសម្តែង ទាំងអ្នកចម្រៀង និងប្រព័ន្ធសំឡេង គឺមានភាពល្អមិនធ្វើឲ្យម្ចាស់ដើមការ មានការខកចិត្តជាមួយនឹងក្រុមតន្ត្រី អេឡិច អុីនធើធេនមែន នោះឡើយ ។
អ្វីដែលសំខាន់យើងត្រូវមានភាពច្បាស់លាស់ពេលនិយាយការងារត្រូវជាមួយគេ ដោយខ្ញុំនឹងត្រូវកំណត់ពេលធ្វើការដូចជាមានក្រុមភ្លេង តារាចម្រៀង ព្រមទាំងឈុតសម្លៀកបំពាក់ជាដើម ។ ទាំងក្រុមភ្លេងព្រមទាំងតារាដែលយកការងារខ្ញុំហើយត្រូវមកធ្វើការមិនអាចលើកពេលឡើយ ដោយសារតែមុននឹងបានក៏យើងចរចារប្រាក់កម្រៃគ្នាមុនដែរ ។
ខ្ញុំពិតជាសប្បាយចិត្តដែលបានការកោតសរសើរមិនដាច់ពីមាត់របស់អតិថិជន គ្រប់ស្រទាប់វណ្ណៈដែលបានមករកសេវាតន្ត្រីសម្រាប់ពិធីជប់លៀង ឬពិធីមង្គលការ ។ នេះជាមទនភាពមួយដែលលោកទទួលបាន ក្នុងរយៈពេលពីរឆ្នាំជាប់គ្នានេះ ជាពិសេសឆ្នាំ២០១៨ និង២០១៩ នេះមានអ្នកកក់ជាច្រើន សម្រាប់ក្រុមតន្ត្រី Alex Entertaiment ទៅលេងកំដរអារម្មណ៍របស់អ្នកគាំទ្រ ក្នុងពិធី ផ្សេងៗ»។
អាជីពសិល្បៈវិញ ថ្វីដ្បិតការងារជំនួញមានភាពរវល់ស្ទើររកពេលសម្រាកគ្មាន ប៉ុន្តែអេឡិច ចន្ត្រា នៅតែឆ្លៀតពេលបង្ហាញខ្លួននៅតាមការប្រគំតន្ត្រីតាមបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកជាហូរហែក្នុងគោលបំណងមិនឲ្យទស្សនិកជនភ្លេចមុខ ។ បើទោះបីពេលខ្លះលោកបានបដិសេដមិនទទួលសម្តែងខ្សែភាពយន្ត ព្រោះតែគ្មានពេលសម្រាប់អ្នកដឹកនាំថត ទើបលោកភាគច្រើនមិនទទួលសម្តែងភាពយន្តឡើយ ក្រោមហេតុផលគ្មានពេលគ្រប់គ្រាន់ ។
ទាក់ទិននឹងការប្រជែងគ្នាចំពោះរបររៀបចំសិល្បៈ លោកអេឡិច ចិន្ត្រា និយាយថា«ខ្ញុំសូមមិននិយាយប៉ះពាល់ទៅអ្នកណាទេព្រោះក៏ដឹងថាមានអ្នកសិល្បៈយើងគាត់រៀបចំដូចខ្ញុំដែរ ។ អ្វីដែលសំខាន់យើងរៀបចំតាមក្បួនតិចនិចដែលមានដើម្បីគ្រប់គ្រងរបរក្នុងដៃឲ្យបានប្រសើរ ។ លោកអេឡិច ចន្ត្រា នៅមិនទាន់រកឃើញនារីណាត្រូវចិត្តដើម្បីរៀបការនៅឡើយ ៕
ចែករំលែកព័តមាននេះ