ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​-​អូ​នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​-​អូរ​នាង បាន​អះអាង​ថា លោក​គ្រោង​នឹង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ជា​តំបន់ឧស្សាហកម្ម​ដ៏​ធំ​មួយ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ចិន ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ពី​ប្រទេស​ថៃ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​កម្ពុជា​វិញ ។…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​-​អូរ​នាង បាន​អះអាង​ថា លោក​គ្រោង​នឹង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ជា​តំបន់ឧស្សាហកម្ម​ដ៏​ធំ​មួយ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ចិន ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ពី​ប្រទេស​ថៃ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​កម្ពុជា​វិញ ។

លោក​ឧកញ៉ា អឹ​ុ​ង អ៊ុយ ប្រធាន​ប្រធាន​ក្រុមប្រឹក្សាភិបាល តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​-​អូរ​នាង បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ឆាយ ឆាយ អុ​ិ​ន​វេស​មេន លីមីត​ធី​ត ដែល​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Shanghai Guozhi Group Co, Ltd. កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ កន្លង​មក​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​-​អូរ​នាង បាន​អភិវឌ្ឍន៍​ក្នុង​រយៈពេល​៦​ឆ្នាំ​មក​ហើយ​នៅ​លើ​ផ្ទៃដី​វិនិយោគ​ទំហំ​៤៦៧​ហិ​កតា ។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៦ បាន​ចុះហត្ថលេខា​វិនិយោគ ដែល​មាន​ទុន​សរុប​ប្រមាណ​១៤,៦​លាន​ដុល្លារ អា​មេ​រិ​ក​ដែល​ភាគច្រើន​វិនិយោគ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ប្រអប់​វេច​ខ្ចប់​គ្រឿង​អង្ការ និង​ផលិត​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក ដោយ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ចំនួន​ប្រមាណ​៥​ពាន់​នាក់​ចូល​បម្រើ​ការងារ​នៅ​ទីនោះ ។

លោក​ឧកញ៉ា​បន្ត​ថា ៖« គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ប៉ែក​ខាងលិច​នោះ​គឺ​យើង​ចង់​ប្រែក្លាយ​តំបន់​ជាប់​ព្រំដែន​ថៃ​មួយ​នេះ ឲ្យ​ទៅ​ជា​តំបន់​ស្រូប​យក​សក្តានុពល​លើ​ផ្នែក​ឧស្សាហកម្ម ជា​ពិសេស​ការ​ស្រូប​យក​កម្លាំង​ពលកម្ម ដែល​ចំណាកស្រុក​ពី​ប្រទេស​ថៃ​មក​វិញ និង​ការ​ប្រែក្លាយ​តំបន់​នោះ​ឲ្យ​ទៅ​ជា​តំបន់ឧស្សាហកម្ម​ដ៏​ធំ​នៅ​កម្ពុជា »​។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា បាន​មាន​ប្រសាសន៍​ថា មក​ដល់​បច្ចុប្បន្ន កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១៣​កន្លែង​កំពុង​ដំណើរ និង​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​យ៉ាងច្រើន ។ លោក​បន្ថែម​ថា ៖« ដោយឡែក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ យើង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣​កន្លែង​បាន​កំពុង​ដំណើរ ព្រោះ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីនោះ ពិតជា​មាន​សក្តានុពល និង​មាន​សារសំខាន់​ខ្លាំង​ណាស់ ដោយសារ​ប្រទេស​ថៃ​ជា​ដៃគូ​ទី​១ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា »​។

លោក​បន្ត​ថា ៖« គម្រោង​វិនិយោគ​ដ៏​ធំ​នេះ នឹង​ប្រែក្លាយ​តំបន់​នោះ​ជា​តំបន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ​ក្នុង​កា​រត​ភ្ជាប់​ទៅ​កាន់​ប្រទេស​ថៃ និង​កាត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុងស្រុក​ផង​ដែរ » ។
ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ចិន បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ជា​មធ្យម ២៦% ក្នុង​មួយ​ឆ្នាំ​ៗ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កាលពី​ឆ្នាំ​២០១៦ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ដល់​៤.៨០០​លាន​ដុល្លារ​ឤ​មេ​រិ​ក ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ទំហំ​៨៣០​លាន​ដុល្លារ​ឤ​មេ​រិ​ក និង​ការ​នាំ​ចូល​មាន​ប្រមាណ​៣.៩០០​លាន​ដុល្លារ​ឤ​មេ​រិ​ក ។

ប្រទេស​ចិន​ជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​គិត​មក​ដល់​ឆ្នាំ​២០១៦ សន្និធិ​វិនិយោគ​របស់​ចិន​បាន​កើនឡើង​ដល់​៥.១០០​លាន​ដុល្លារ​ឤ​មេ​រិ​ក ដែល​ផ្តោត​ទៅ​លើ​វិស័យ​មួយ​ចំនួន​រួម​មាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និង​ថាមពល​អគ្គិសនី ។

ក្រោម​គំនិត​ផ្តួចផ្តើម​នៃ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ និង​ផ្លូវ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ប្រទេស​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​ពង្រីក កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​របស់​ខ្លួន​លើ​វិស័យ​សំខាន់​ៗ រួម​មាន ហេដ្ឋារចនាសម្ព័ន្ធ ការ​ពង្រឹង​ផលិតភាព​សេដ្ឋកិច្ច ការ​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ទេសចរណ៍ វប្បធម៌ ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​កសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ