ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រកប​របរ​ឆ្អើរត្រី​ត្អូញត្អែរ​ថា​ឆ្នាំ​នេះ​ត្រី និង​អុស​ឡើងថ្លៃ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពលរដ្ឋ​ប្រកប​របរ​ឆ្អើរត្រី​លក់​នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កំពុង​តែ​បារម្ភ​នឹង​វាសនា​មុខរបរ​របស់​ខ្លួន ព្រោះ​ឆ្នាំ​នេះ​មិន​ត្រឹមតែ​ត្រី​ឡើងថ្លៃទេ ថែម​ទាំង​អុស​ឡើងថ្លៃ​ទៀត ដែល​ធ្វើ​ឲ្យ​មុខរបរ​ពឹង​លើ​រងើកភ្លើង​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់បង់ ។…

ខេត្តកំពង់ឆ្នាំង ៖ ពលរដ្ឋ​ប្រកប​របរ​ឆ្អើរត្រី​លក់​នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កំពុង​តែ​បារម្ភ​នឹង​វាសនា​មុខរបរ​របស់​ខ្លួន ព្រោះ​ឆ្នាំ​នេះ​មិន​ត្រឹមតែ​ត្រី​ឡើងថ្លៃទេ ថែម​ទាំង​អុស​ឡើងថ្លៃ​ទៀត ដែល​ធ្វើ​ឲ្យ​មុខរបរ​ពឹង​លើ​រងើកភ្លើង​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់បង់ ។

អ្នក​ប្រកប​របរ​ទាំងនោះ​និយាយ​ថា ៖« ត្រី​ឆ្នាំ​នេះ​ឡើងថ្លៃ ហើយ​អុស​ក៏​ឡើងថ្លៃ​ដែរ ដូច្នេះ​ហើយ​មុខរបរ​នេះ​អាច​នឹង​បាត់បង់ នៅ​ពេល​ឈ្មួញ​មិន​ជួយ​ឡើងថ្លៃ​ទៅ​តាម​ទីផ្សារ​ដែរ »​។ ពួក​គាត់​បញ្ជាក់​ថា ៖« កាលពី​ឆ្នាំ​កន្លង​ទៅ ត្រី​រៀល ត្រី​លេញ​ធំ​ៗ ក្នុង​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​៣.០០០​ទៅ​៣.៥០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្នាំ​នេះ​ឡើងថ្លៃ​រហូត​ដល់​៤.៥០០​រៀល ហើយ​ថ្ងៃ​ខ្លះ​អាច​ឡើង​ដល់​៥.០០០​រៀល​ឯណោះ ថែម​ទាំង​រក​ត្រី​ទិញ​មិន​បាន​ទៀត ។ ក្នុង​នោះ​សូ​ម្បី​តែ​ត្រី​ស្លឹក​ឫស្សី ដែល​ជា​ប្រភេទ​ត្រី​តូច​ៗ​បំផុត​នោះ ក៏​មាន​តម្លៃ​៤.០០០​រៀល​ដែរ ក្នុង​១​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ តម្លៃ​មិន​ដល់​ម្លឹ​ង​ទេ »​។

ពួក​គាត់​បន្ថែម​ថា ៖« ក្រៅពី​ត្រី​ឡើងថ្លៃ​ហើយ អុស​ដែល​ធ្លាប់​ទិញ​តម្លៃ​១២.០០០​រៀល ក្នុង​១​ម៉ែត្រគូប តែ​ឥឡូវ​ឡើង​ដល់​១៨.០០០​រៀល​ទៅ​ហើយ ហើយ​បើ​មិន​ទិញ គឺ​គ្មាន​អុស​ដុត​ឆ្អើរត្រី​ដែរ ម្លោះ​ហើយ​ត្រូវ​តែ​ទិញ ។ ចំណែក​ថ្លៃ​ឈ្នួល​ដោតត្រី​ជា​ចង្កាក់​វិញ មិន​ឡើង​មិន​ចុះ​ទេ គឺ​១០​ចង្កាក់ ថ្លៃ​៥០០​រៀល​ដដែល ។ ដូច្នេះ​ហើយ​ពួក​យើង​រំពឹង​ថា ម៉ូយ​ដែល​ធ្លាប់​មក​ទិញ នឹង​ឡើងថ្លៃ​ទៅ​តាម​ទីផ្សារ​ផង​ចុះ បើសិនជា​ឲ្យ​តមលៃ​ដូច​ឆ្នាំ​មុន​ៗ ពួក​យើង​ពិតជា​ខាត »​។ ពួក​គាត់​បន្ថែម​ថា អ្នក​នៅ​តំបន់​នេះ ក្រៅពី​ធ្វើស្រែ​ចម្ការ ការ​ឆ្អើរត្រី​លក់​គឺជា​មុខរបរ​ប្រចាំ​ត្រកូល​រាប់​ជំនាន់​មក​ហើយ ។

យ៉ាងណា​ក៏​ដោយ​ពួក​គាត់​លើក​ឡើង​ថា តម្លៃ​ត្រី​ឡើងថ្លៃ​នេះ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​ត្រី​មិន​ចុះ ហើយ​សង្ឃឹមថា នៅ​រដូវ​ខ្នើត​ខែ​ក្រោយ ត្រី​នឹង​សម្បូរ​ឡើង​វិញ ហើយ​រំពឹង​ថា តម្លៃនឹង​ធ្លាក់​ចុះ​មក​ធម្មតា ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង លោក ងិ​ន ហ៊ុន បាន​ប្រាប់​កោះសន្ដិភាព កាល​ថ្ងៃ​ទី​១៨ ធ្នូ កន្លង​មក​ថា ត្រី​ពិតជា​មិន​សំបូរ​មែន​នៅ​ពាក់កណ្តាល​ខ្នើត​ខែ​មិគសិរ​នេះ ព្រោះតែ​មាន​ភ្លៀង​ធ្លាក់ ។ យ៉ាងនេះ​ក្ដី​លោក​បាន​បញ្ជាក់​ថា ៖« ត្រី​បាន​ត្រូវ​រយៈពេល​៣​ថ្ងៃ​ដែរ កាលពី​ស​ប្ដា​ហ៍​មុន គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ហើយ​ក៏​ចាប់ផ្ដើម​ស្ងាត់​វិញ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​។ លោក​សង្ឃឹមថា ៖« ត្រី​នឹង​សម្បូរ​ឡើង​វិញ នៅ​ខ្នើត​ខែ​ក្រោយ​ៗ​ទៀត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ