ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​២​ដួង នាយ ក្តឹប និង​នាយ សាន ម៉ៅ ស្ថិត​ក្នុង​សភាព​ជំងឺ​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​​២​​ដួង​ គឺ​នាយ ក្តឹប និង​នាយ សាន ម៉ៅ ​ស្ថិត​​ក្នុង​ស្ថានភាព​នៃ​​អាកា​រៈ​​​ជំងឺ​គួរ​ឲ្យ​មានការ​ព្រួយ​បារ​ម្ភ​ដូច​គ្នា បន្ទាប់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាលពី​ពេល​ថ្មី​ៗ​នេះ​។…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​​២​​ដួង​ គឺ​នាយ ក្តឹប និង​នាយ សាន ម៉ៅ ​ស្ថិត​​ក្នុង​ស្ថានភាព​នៃ​​អាកា​រៈ​​​ជំងឺ​គួរ​ឲ្យ​មានការ​ព្រួយ​បារ​ម្ភ​ដូច​គ្នា បន្ទាប់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

តារា​កំប្លែង​ក្នុង​ក្រុម​នាយ កុយ គឺ​នាយ សាន ម៉ៅ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ធ្វើការ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​អាកា​រៈ​​ជំងឺ​របស់​លោក​បាន​ចាប់ផ្តើម​រើ និង​ធ្វើទុក្ខ​ខ្លាំង​។ តារា​កំប្លែង​រូប​នេះ​ បាន​ចូល​មក​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយសារ​ជំងឺ​​​បេះដូង​ជំហ ​និងជំងឺ​​ហើម​សួត​។

បើ​តាម​ក្រុម​គ្រួសារ​របស់​លោក​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ពិនិត្យ​ និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូ​ពេទ្យ លោក សាន ម៉ៅ ហាក់​មាន​សភាព​ធូរស្រាល​បន្តិច​​ បើ​​គិត​មក​ដល់​ថ្ងៃ​ទី​២១ ​ធ្នូ​នេះ​ ប៉ុន្តែ​លោក​នៅ​តែ​ស្ថិត​​​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ដដែល ដោយសារ​តែ​លោក​នៅ​ពិបាក​ក្នុង​ការ​ដកដង្ហើម ហើយ​ត្រូ​វ​​ការ​អុក​ស៊ី​ហ្ស៊ែ​ន​​ជា​ជំនួយ​ចាំបាច់​។

ជា​ការ​កត់សម្គាល់​កាលពីដើម​ឆ្នាំ​២០១៨ នាយ សាន ម៉ៅ តារា​កំប្លែង​វ័យ​៥៤​ឆ្នាំ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ម្តង​មកហើយ ដោយសារ​ជំងឺ​បេះដូង និង​ទឹក ក្នុង​សួត​ធ្ងន់ធ្ងរ ប៉ុន្តែ​ព្យាបាល​បាន​មួយ​រយៈ​ក៏​មាន​អាកា​រៈ​ធូរស្បើយ​វិញ​។

ដោយឡែក​តារា​កំប្លែង​នៅ​ក្នុង​ក្រុម​នាយ ក្រឹម គឺ​នាយ ក្តឹប ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ជា​ថ្មី​ផង​ដែរ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​ទទួល​រង​នូវ​ជំងឺ​ស្ព​ត​រស​សៃ​ឈាម​ខួរក្បាល​។ តារា​កំប្លែង​រូប​នេះ​បាន​ទទួល​​ការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យ​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ប៉ុន្តែ​ដោយសារ​​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក លោក​បាន​ទទួល​រង​នូវ​ការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជាមួយ​អាកា​រៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។

បើ​តាម​លោក សុះ ម៉ាច ដែល​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​ទៅ​ជូន​នាយ ក្តឹប ដោយ​ផ្ទាល់​បាន​​ឲ្យ​ដឹង​ថា តារា​កំប្លែង​រូប​នេះ​បាន​ចូល​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បន្ទាប់​ពី​អាកា​រៈ​​ជំងឺ​បាន​រើ​ឡើងវិញ​​ក្នុង​សភាព​មួយ​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ។

លោក​បញ្ជាក់​ថា នាយ​ក្តឹប​មាន​អាការ​:​ហត់​ពិបាក​ដកដង្ហើម ​ហើយ​នាយ​បាន​តែ​ទឹក​១​តំណក់​ៗប៉ុណ្ណោះ ។ ​​បើ​តាម​សំដី​រៀបរាប់​របស់​ភរិយា​ដែល​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ថា ​លោក​ហាក់​គ្មាន​សង្ឃឹម​ទេ ដូចនេះ​គាត់​ចង់​យក​នាយ​ទៅ​ផ្ទះ​ធ្វើបុណ្យ​សង្ឃទាន​ជូន​នាយ​វិញ តែ​យ៉ាងណា​សុខចិត្ត​បន្ត​ព្យាបាល​ឱ្យ​អស់ចិត្ត​សិន​។

គួរ​រំលឹកថា ទាំង​នាយ សាន ម៉ៅ និង​នាយ ក្តឹប គឺជា​តារា​កំប្លែង​ក្នុង​ចំណោម​តារា​កំប្លែង​នាយ សង់ ស៊ី​ស និង​តា ផ្លុ​ង មឿ​ក និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត​ដែល​បាន​និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ ក្នុង​អាកា​រៈ​មួយ​​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ ខ​ណៈ​ពេល​តារា​កំប្លែង​នាយ វី​តា​មីន​សេ បាន​ទទួល​មរ​ណ​ភាព​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កាលពី​ពេល​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ