ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីសារព័ត៌មាន កោះសន្តិភាព បានផ្សាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលប្រឈមនឹងការបាត់បង់អាជីពស្មូនឆ្នាំងព្រោះតែទីតាំងដែលពួកគាត់យកដីមកផលិតត្រូវក្រុមហ៊ុនចិនទិញយកអស់ និងគម្រាមកំហែងប្រជាពលរដ្ឋមិនអោយចូលជីកយកដីផងនោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះនៅសាលាឃុំជ្រៃបាក់ មានការប្រជុំដោះស្រាយបន្ទាន់មួយដែលមានមន្ត្រីសុរិយោដី ស្រុករលាប្អៀរ ជាអ្នកមកសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។
ជាដំបូងលោក លឹម បុប្ផា ប្រធានការិយាល័យភូមិបាលស្រុករលាប្អៀរបានសួរទៅកាន់ប្រជាពលរដ្ឋ ថា តើបងប្អូនមានឯកសារអ្វីខ្លះពាក់ព័ន្ធទៅនឹងដីរបស់បងប្អូន អាស្រ័យផលគឺទៅយកដីមកផលិតក្អមឆ្នាំង? ព្រោះថា ភាគីអ្នកទិញគេមានឯកសារទិញលក់ដីត្រឹមត្រូវពីប្រជាពលរដ្ឋចំនួន១១គ្រួសារបានលក់ដីទំហំ៥៩ហិកតាទៅអោយគេ និងបានលក់ជាបន្តបន្ទាប់ចុងក្រោយបានធ្លាក់ដល់ដៃអ្នកស្រីឈ្មោះ អ៊ិត ដានី ហើយបានលក់បន្តទៅអោយឈ្មោះ តាំង ឆេងអ័រ ។
ប្រជាពលរដ្ឋក៏ដូចជាមេភូមិជាច្រើននាក់ក្នុងឃុំជ្រៃបាក់បានឆ្លើយប្រាប់ថា ចំពោះដីនៅតំបន់នោះប្រជាពលរដ្ឋគ្មានឯកសារអ្វីជាភស្ថុតាងនៅទេ គ្រាន់តែដឹងថា ជាដីសមូហភាពពីដូនតាមកកាលពីជំនាន់ដើមប្រជាពលរដ្ឋក៏ទៅជីកយកដីនោះសម្រាប់ធ្វើក្អមឆ្នាំងលុះចេញពីសម័យ ប៉ុល ពត ក៏ទៅយកដីនោះមកផលិតក្អមឆ្នាំងរហូតមកគឺរស់អាស្រ័យផលតែលើការយកដីមកផលិតក្អមឆ្នាំង ។ ចំណែកដីតំបន់មិនមែនតែអ្នកឃុំជ្រៃបាក់ទេដែលទៅយកដីមកផលិតក្អមឆ្នាំង សូម្បីតែអ្នកឃុំស្រែថ្មីក៏ទៅយកដីនោះដែរ ។
លោក សោម ហឿន ប្រជាពលរដ្ឋភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់បាននិយាយថា រឿងលក់ទិញពីមុនមក ប្រជាពលរដ្ឋមិនដេញដោលទេ តែសុំអោយខាងមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយកាត់ឈ្វៀលយកដីពីអ្នកទិញដីនៅតំបន់ប្រជាពលរដ្ឋកំពុងអាស្រ័យផលចំនួន១៥ហិកតាទុកអោយប្រជាពលរដ្ឋមានមុខរបរបន្តដើម្បីចិញ្ចឹមជីវិតផង ។
ចំណែកលោក ជឹម សារុំ មេភូមិអូររោង ក៏បាននិយាយដែរថា តាមសំណូមពរលោកមេឃុំជ្រៃបាក់ថា សុំតែ៧ហិកតាទេ តែតាមលោកវិញថា បើបានច្រើនជាងនេះរឹតតែល្អព្រោះដី៧ហិកតាយកតែប៉ុន្មានឆ្នាំនឹងអស់ដីទៅហើយ ។
ដោយឡែកលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានផ្តល់កិច្ចសម្ភាសន៍ថា ការប្រជុំគ្នានៅថ្ងៃនេះគ្រាន់តែជាជំហានទី១ប៉ុណ្ណោះដើម្បីអោយមន្ត្រីជំនាញបានដឹង និងដើម្បីពាំនាំនូវសំណូមពររបស់ប្រជាពលរដ្ឋ ទៅជូនថ្នាក់លើដើម្បីជ្រាបពីសំណូមពរបស់ប្រជាពលរដ្ឋហើយជំហានទី២នឹងអោយប្រជាពលរដ្ឋជួបជាមួយតំណាងក្រុមហ៊ុនរបស់លោក តាំង ឆេងអ័រ ដើម្បីពិភាក្សាគ្នាថា តើខាងក្រុមហ៊ុនគួរសម្បទានដីអោយប្រជាពលរដ្ឋកម្រិតណា?
សម្រាប់រូបលោកបើភាគីក្រុមហ៊ុនមិនដោះស្រាយឬដោះស្រាយអោយដីតិចពេកដែលប្រជាពលរដ្ឋមិនអាចទទួលយកបានលោកមានជំហរមួយគឺមិនចុះហត្ថលេខាលើការស្នើសុំប័ណ្ឌកាន់កាប់ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន តាំង ឆេងអ័រ នោះឡើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុនមួយនេះកំពុងរត់ការដាក់ពាក្យស្នើសុំកាន់កាប់លើដីខាងលើនេះ ។
សូមរំឮកថា បន្ទាប់ពីក្រុមហ៊ុនរបស់លោក តាំង ឆេងអ័រ បានទិញដីនៅតំបន់ភ្នំភ្លងស្ថិតក្នុងឃុំជ្រៃបាក់រួចមកបានជីកប្រឡាយក្រវ៉ាត់ព្រុំដី និងបានហាមប្រជាពលរដ្ឋមិនអោយចូលយកដីនៅតំបន់នោះទៀតឡើយ រហូតគម្រាមបាញ់បោះទៀតផង ហើយព័ត៌មាននេះត្រូវបាន កោះសន្តិភាព បានផ្សាយរួចមកហើយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពឹងលើមុខរបរស្មូនដីនេះ ៕
ចែករំលែកព័តមាននេះ