ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​សង់ផ្ទះ​គេ​ច្រើន​ទៅ​រក​គ្រូ​ហោរ​គន់គូរ​មើល​ទិស

5 ឆ្នាំ មុន

តាំងពី​បុ​រម​បុរាណ​មក​តាម​ទំនៀមទម្លាប់​ខ្មែរ​យើង​មាន​វប្បធម៌​មួយ​មុន​នឹង​សាងសង់​លំនៅ​ឋាន ម្ចាស់ផ្ទះ​តែង​ទៅ​រក​គ្រូ​ហោរ​គុណ​គូរ​មើល​ដី​ភូមិឋាន​គួរ​ធ្វើ​ផ្ទះ​បែរ​ទៅ​ទិស​ណា​ដែល​ល្អជា​មុន​សិន ទើប​ហ៊ាន​សាងសង់​ជា​ក្រោយ ដែល​ភាគច្រើន​គេ​និយម​សង់​លំនៅ​ឋាន​បែរមុខ​ទៅ​ទិស​ខាងកើត និង​ទិស​ត្បូង ដែល​គាត់​មាន​ជំនឿ​ថា ទិស​ទាំង​ពីរ​នេះ​នឹង​នាំ​សុខ​ចម្រើន នាំ​ឱ្យ​រកស៊ី​មានបាន នាំ​លាភ នាំ​សំណាង​ចូល​ផ្ទះ…

តាំងពី​បុ​រម​បុរាណ​មក​តាម​ទំនៀមទម្លាប់​ខ្មែរ​យើង​មាន​វប្បធម៌​មួយ​មុន​នឹង​សាងសង់​លំនៅ​ឋាន ម្ចាស់ផ្ទះ​តែង​ទៅ​រក​គ្រូ​ហោរ​គុណ​គូរ​មើល​ដី​ភូមិឋាន​គួរ​ធ្វើ​ផ្ទះ​បែរ​ទៅ​ទិស​ណា​ដែល​ល្អជា​មុន​សិន ទើប​ហ៊ាន​សាងសង់​ជា​ក្រោយ ដែល​ភាគច្រើន​គេ​និយម​សង់​លំនៅ​ឋាន​បែរមុខ​ទៅ​ទិស​ខាងកើត និង​ទិស​ត្បូង ដែល​គាត់​មាន​ជំនឿ​ថា ទិស​ទាំង​ពីរ​នេះ​នឹង​នាំ​សុខ​ចម្រើន នាំ​ឱ្យ​រកស៊ី​មានបាន នាំ​លាភ នាំ​សំណាង​ចូល​ផ្ទះ គ្រួសារ​គ្មាន​ជំងឺ​ដ​ង្កា​ត់ ។

រឿង​ការ​ប្រកាន់​ទិស​នេះ​បើ​តាម​លោកតា​មុត បឿន​ជា​អាចារ្យវត្ត​ខេមរា​រាម​នៅ​ក្នុង​ខេត្តកំពុងចាម​បាន​រៀបរាប់​ថា តាំងពី​ដើម​មក​ទំនៀម​ខ្មែរ​យើង​ភាគច្រើន​ដែល​គាត់​មាន​ជំនឿ​ប្រកាន់​លើ​ទិស​ដោយ​មាន​ផ្នត់គំនិត​ថា ការ​រក​ទទួលទាន​កាក់កប​ឬ​មិន​គាប់ប្រសើរ​នោះ​ក៏​មក​ពី​ការ​រៀបចំ​អ្វីមួយ​ត្រឹមត្រូវ ឬ​មិន​ត្រូវ​ទៅ​តាម​ទិស ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​ហោមពិធី​នានា​ដូច​ជា ពិធី​ក្រុង​ពាលី ពិធី​បន់ស្រន់​អា​រុក្ខ​អារក្ស ទេវតា អ្នកតា ពិធីសែនព្រេន​ជាដើម តែង​ឃើញ​ចាស់ទុំ​ក្នុងភូមិ​រៀបចំ​ទីកន្លែង​ធ្វើ​ពិធី​បែរមុខ​ទៅ​ទិស​ណា​ដែល​គាត់​យល់​ថា នាំ​សុខ​ចម្រើន​នាំ​លាភ​សំណាង​ដល់​កូនចៅ ។

លោកតា​បាន​ពន្យល់​បន្ត​ថា ទិស​ធំ​ៗ​នៅ​ក្នុង​តម្រា​ចាស់​បុរាណ​មាន​៤​គឺៈ

១-​ទិស​ខាងកើត លោក​ទុកដូចជា​មាតាបិតា​។ បានជា​លោក​ប្រៀប​ទិស​នេះ​ទៅ​នឹង​ឪពុក​ម្តាយ ព្រោះ​ឪពុក​ម្តាយ​ជា​អ្នក​បង្កើត​កូនប្រុស​ស្រី លោក​មាន​គុណូបការៈ​ច្រើន​ឥត​គណនា តាំងពី​ប្រសូត​កូន​មក រហូត​មាន​ស្វាមីភរិយា​។

២-​ទិស​ខាងត្បូង​ទុកដូចជា​គ្រូ​បា​អាចារ្យ​។ គ្រូអាចារ្យ​ដែល​លោក​ប្រៀប​ទៅ​នឹង​ទិសទក្សិណ ដោយសារ​ទិស​នេះ​ទុកដូចជា​ដៃស្តាំ​ដែល​នឹង​ធ្វើ​ឱ្យ​សម្រេចប្រយោជន៍​ដល់​សិស្សគណៈ​បាន​។

៣-​ទិស​ខាងលិច​ទុកដូចជា​ប្រពន្ធ ។ ភរិយា​ដែល​លោក​ប្រៀប​ទៅ​នឹង​ទិសបស្ចិម ដោយសារ​តែ​នាង​ជា​ស្ត្រី​ដើរ ឬ​ធ្វើ​កិច្ចការ​អ្វី​ៗ​តែង​តាម​ក្រោយ​ស្វាមី ។

៤-​ទិស​ខាងជើង​ទុកដូចជា​មិត្តសម្លាញ់ ដែល​លោក​ប្រៀប​ទិសឧត្តរ​ទៅ​នឹង​មិត្តសម្លាញ់ ព្រោះ​ទិស​នេះ​ទុក ដូច​ដៃ​ឆ្វេង​ដែល​សម្រាប់​ជួយ​ដៃស្តាំ​ឱ្យ​សម្រេចប្រយោជន៍​នោះ​ៗ​បាន ។

លោកតា​បាន​បញ្ជាក់​ថា បណ្តា​ទិស​ធំ​ៗ​ទាំង​៤​នេះ​បើ​តាម​ទំនៀម​ខ្មែរ​មានការ​និយម​ទិស​កើត និង​ទិស​ត្បូង​ជាង​ព្រោះ​គេ​មាន​ជំនឿ​ថា​ការ​ធ្វើ​លំនៅ​ឋាន​បែរ​ទៅ​ទិស​ណាមួយ​នៃ​ទិស​ទាំង​ពីរ​នេះ នឹង​នាំ​សុខ​ចម្រើន នាំ​សុភមង្គល សិរី​សួស្តី​ដល់​គ្រួសារ ហើយ​រក​ទទួលទាន​មានបាន ។

ទោះជា​យ៉ាងណា​លោកតា​បាន​បង្ហើរ​សម្តី​ថា បើ​តាម​ទស្សនៈ​ខ្ញុំ សកម្មភាព​សព្វបែបយ៉ាង​ដែល​យើង​ធ្វើ​ដោយ​សុចរិត​៣​យ៉ាង​គឺ កាយសុចរិត វចីសុចរិត និង​មនោ​សុចរិត ប្រាកដជា​នឹង​នាំ​សុខសួស្តី​ចូល​ផ្ទះសម្បែង​។ រឿង​ការ​ប្រកាន់​ទិស​នោះ​គ្រាន់តែ​ជា​ហេតុផល​បន្ទាប់បន្សំ​ប៉ុណ្ណោះ តែ​យើង​ក៏​មិន​អាច​បោះបង់​ចោល​ទំនៀម​នេះ​បាន​ដែរ ។  ឯកសារ​ទំនៀមទម្លាប់​ខ្មែរ