ចាប់តាំងពីក្រុមហ៊ុន Tesla បានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០០៣មក វាបានដើរតួសំខាន់ក្នុងការពន្លឿនការផ្លាស់ប្តូរពិភពលោកឲ្យប្រើប្រាស់ថាមពលអគ្គិសនីវិញ ។ ខណៈពេលដែលក្រុមហ៊ុនTesla តែងតែត្រូវបានគេស្គាល់ថាជាផ្នែកសំខាន់មួយនៃបដិវត្តន៍អគ្គិសនី ក្រុមហ៊ុននេះនឹងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនផលិតរថយន្តធំៗ ដែលមានធនធានច្រើនដូចជា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen, Mercedes-Benz និង Audi ជាដើម ។ ទោះបីជាមានអ្វីកើតឡើងក៏ដោយ Elon Musk ចង់ឱ្យក្រុមហ៊ុនផលិតរថយន្តដើរតួ និងធ្វើបដិវត្តន៍ឧស្សាហកម្មរថយន្ត ទោះជាក្រុមហ៊ុនTesla ថ្ងៃណាមួយ ជួបនឹងការក្ស័យធនក៏ដោយ ។
លោក Musk បានប្រាប់ទូរទស្សន៍ CNN ថា ៖« បើមាននរណាម្នាក់មកផលិតរថយន្ដអគ្គិសនីល្អជាងរថយន្ដ Tesla ហើយវាល្អប្រសើរជាងយើង ដែលយើងមិនអាចលក់រថយន្តរបស់យើង ហើយយើងក្ស័យធន ខ្ញុំនៅតែគិតថាវាជារឿងល្អសម្រាប់ពិភពលោក ។ យើងកំពុងព្យាយាមជួយបរិស្ថាន ដែលយើងគិតថា វាជាបញ្ហាធ្ងន់ធ្ងរបំផុត ដែលមនុស្សជាតិប្រឈមមុខ »។
ក្រុមហ៊ុនTesla កំពុងខិតជិតទៅរកគោលដៅរបស់ខ្លួនក្នុងការឈានដល់ទីផ្សារដ៏ធំមួយ បើទោះបីជាក្រុមហ៊ុននេះកំពុងរង់ចាំការចេញលក់រថយន្ត Model 3 ដែលមានតម្លៃ ៣៥.០០០ដុល្លារក៏ដោយ ។ រហូតមកទល់ពេលនេះក្រុមហ៊ុន Tesla បានលក់រថយន្តជិត ៥សែនគ្រឿងនៅទូទាំងពិភពលោក ដែលមានប្រហែល ២០%នៃរថយន្តអគ្គិសនីទាំងស្រុងនៅលើផ្លូវ ។
ការគំរាមកំហែងធំបំផុតរបស់ក្រុមហ៊ុន Tesla គឺក្រុមហ៊ុន Volkswagen Group ដែលមានគម្រោងបើកការវាយប្រហារដោយការចេញលក់រថយន្តអគ្គិសនី នៅក្រោមម៉ាក Volkswagen, Audi និងPorsche ។ ការពង្រីកផលិតកម្មគឺជាបញ្ហាប្រឈមដ៏ធំមួយចំពោះក្រុមហ៊ុនTesla ដែលជាលទ្ធផល Model 3 ទទួលរងនូវការផលិតយឺត និងការពន្យារពេលការដឹកជញ្ជូន ៕
ចែករំលែកព័តមាននេះ