ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងកូនកំលោះខ្វះស្រា​ផឹក…វ៉ៃផ្អើលក្នុង​រោង​​ការ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ភ្ញៀវ​ដែល​ទៅ​ចូលរួមក្នុង​ពិធីជប់លៀង​មង្គល​ការកូន​អ្នកស្រុក​មួយ​កន្លែង បាន​រត់​ចែកផ្លូវ​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ព្រោះតែ​ខ្លាច​ត្រូវ​នឹង​កៅអី ដំបង និង​ដុំ​ថ្ម ដែលភាគី​កូនកំលោះ​និង​ភាគី​កូនក្រមុំ​បើក​ឆាកប្រយុទ្ធគ្នា​យ៉ាង​ក្រពុលមុខ ខណៈ​ភ្ញៀវ​កំពុង​ទទួលទាន​អាហារ​ផឹកស្រា​សប្បាយ ។…

ខេត្តពោធិ៍សាត់ ៖ ភ្ញៀវ​ដែល​ទៅ​ចូលរួមក្នុង​ពិធីជប់លៀង​មង្គល​ការកូន​អ្នកស្រុក​មួយ​កន្លែង បាន​រត់​ចែកផ្លូវ​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ព្រោះតែ​ខ្លាច​ត្រូវ​នឹង​កៅអី ដំបង និង​ដុំ​ថ្ម ដែលភាគី​កូនកំលោះ​និង​ភាគី​កូនក្រមុំ​បើក​ឆាកប្រយុទ្ធគ្នា​យ៉ាង​ក្រពុលមុខ ខណៈ​ភ្ញៀវ​កំពុង​ទទួលទាន​អាហារ​ផឹកស្រា​សប្បាយ ។ ហេតុការណ៍​នេះ កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ មាន​ពិធី​ការកូន​អ្នកស្រុក​មួយ​នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។ ពិធីជប់លៀង​បាន​ដំណើ​រការ​តាំងពី​ម៉ោង​១១​ព្រឹក ដោយ​មាន​ភ្ញៀវ​ចូលរួម​រាប់រយ​នាក់ និង​មាន​តន្ត្រី​រាំ​កម្សាន្ត​ផង​ដែរ​។ លុះ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ខណៈ​ភ្ញៀវ​មួយ​ចំនួន​បាន​ចេញ​ជា​បណ្ដើរ​ៗ និង​មួយ​ចំនួន​ទៀត​នៅ​បន្ត​សប្បាយ​នៅឡើយ​នោះ ភាគី​កូនកំលោះ​អស់​ស្រា​ផឹក​ក៏​ហៅ​យក​ថែម តែ​ភាគី​ខាង​កូនក្រមុំ​មិន​បាន​យក​មក​ឲ្យ​ភ្លាម​ទេ ។

ដោយ​ដាច់​ស្តុក​យូរ​ពេក ធ្វើ​ឲ្យ​ភាគី​ខាង​កូនកំលោះ​អន្ទះអន្ទែង​បម្រុង​ដក​លុយ​ពី​ក្នុង​ហោប៉ៅ​ឲ្យ​គេ​ទៅ​ទិញ​ស្រា​ពី​ក្រៅ​មក​ផឹក ប៉ុន្តែ​ភាគី​ខាងកូនក្រមុំ​មក​ទាន់​ក៏​ឃាត់​មិន​ឲ្យ​ទិញ​ព្រោះ​ស្រា​មិន​ទាន់​អស់​នៅឡើយ គ្រាន់​តែ​អ្នកបម្រើ​មានការឆក​ល្វែង​ប៉ុណ្ណោះ ។

ខណៈនោះ ភាគី​ខាង​កូនកំលោះ​ម្នាក់​បាន​ពោល​ពាក្យ​ថា អា​ពួក​ស្រុកស្រែ​បាន​តែ​វាយ​សម្លាប់​ចោល ។ ដោយសារ​សម្តី​ចោល​ដឹង​ទាំង​ដង​នេះ ក៏​ផ្ទុះ​ជម្លោះ​រវាង​ភាគី​កូនកំលោះ​និង​ភាគី​កូនក្រមុំ រហូត​ផ្ទុះ​ហិង្សា​ដេញ​វាយគ្នា​ផ្អើល​ពេញ​រោងការ​តែ​ម្ដង បណ្ដាល​ឲ្យ​ភ្ញៀវ​ដែល​កំពុង​ផឹកស៊ី​សប្បាយ​ភ័យ​រត់​ជាន់​ជើង​គ្នា ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ភាគី​កូនកំលោះ​មាន​គ្នា​៧​នាក់ ឯ​ភាគី​កូនក្រមុំ​មាន​គ្នា​៦​នាក់ ហើយ​ជា​លទ្ធផល​នៃ​អំពើ​ហិង្សា​នេះ បណ្ដាល​ឲ្យ​ភាគី​កូន​កំលោះ​២​នាក់​រង​របួស គឺ​ឈ្មោះ ម៉​ន ម៉ា​ន់ ភេទប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន​(​របួស​ភ្នែក​ខាងស្ដាំ​) និង​ឈ្មោះ ម៉​នធី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ធ្នស់​តា​ចាប ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ​(​របួស​មុខ​ខាងស្ដាំ​) ។

បច្ចុប្បន្ន អ្នក​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ភាគី​ទាំង​សងខាង​បាន​ព្យាយាម​​សម្រប​សម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង ។ ករណីបែប​នេះ អាច​ទើបតែ​កើត​មាន​ជា​លើក​ទី​មួយ​នៅ​ខេត្តពោធិ៍សាត់ ៕​

អត្ថបទសរសេរ ដោយ