រាជធានីភ្នំពេញ ៖ កំលាំងនគរបាលប៉ុស្តិ៍ចោមចៅទី១សហការជាមួយកំលាំងប្រជាការពារ សង្កាត់ ឃាត់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ រួមទាំងថ្នាំញៀនចំនួន១១កញ្ចប់ កាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីព្រៃ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើឈ្មោះ ចាន់ ប៊ូរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ ស្នាក់នៅក្នុងឃ្លាំងក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកំលាំងនគរបាលប៉ុស្តិ៍ចោមចៅទី១បានអោយដឹងថា នៅមុនពេលកើតហេតុ កំលាំងប្រជាការពារសង្កាត់ដឹកនាំដោយលោកចៅសង្កាត់ផ្ទាល់ រួមនឹងប្រជាការពារ ជាង១០នាក់ បានចុះល្បាតនៅក្នុងមូលដ្ឋានភូមិកើតហេតុខាងលើ បន្ទាប់មកឃើញជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានអ្នកចែកចាយថ្នាំញៀនចំនួន២នាក់ ។
នៅពេលនោះកំលាំងប្រជាការពារសង្កាត់បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ បានឃាត់ជនសង្ស័យបានម្នាក់ ចំណែកជនសង្ស័យចំនួន២នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានបានបន្តទៀតថា ពេលដែលឃាត់ជនសង្ស័យម្នាក់ខាងលើ សមត្ថកិច្ចបានឆែកឆេររកឃើញមានថ្នាំញៀនចំនួន១១កញ្ចប់នៅនឹងកន្លែងកើតហេតុផងដែរ។
ជនសង្ស័យម្នាក់ខាងលើបានសារភាពថា ខ្លួនបានទៅទិញថ្នាំញៀនយកមកជក់ ហើយក្នុងមួយកញ្ចប់តំលៃ២០០០០រៀល ។ ជនសង្ស័យដដែលបានបន្តទៀតថា បក្ខពួកដែលរត់គេចខ្លួននោះគឺជាអ្នកចែកចាយថ្នាំញៀន និងរស់នៅក្នុងភូមិខាងលើផងដែរ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១បានកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ