ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ឯ​បេ​ក្ខ​នារី​កម្ពុជា​បាន​បំពេញ​សុបិន​មួយ

5 ឆ្នាំ មុន

បេ​ក្ខ​នារី​ម្ចាស់​មកុដ​បវរកញ្ញា​ចក្កវាឡ ២០១៨ គឺ​នាង ​Catriona Gray ជនជាតិ​ហ្វ៊ី​លី​ពី​ន អាយុ​២៤​ឆ្នាំ ។ ចំណែក​កញ្ញា​រឿ​ន ណាត…

បេ​ក្ខ​នារី​ម្ចាស់​មកុដ​បវរកញ្ញា​ចក្កវាឡ ២០១៨ គឺ​នាង ​Catriona Gray ជនជាតិ​ហ្វ៊ី​លី​ពី​ន អាយុ​២៤​ឆ្នាំ ។ ចំណែក​កញ្ញា​រឿ​ន ណាត របស់​កម្ពុជា​មិន​បាន​សម​តាម​បំណង​ទេ ។

លំដាប់​ទី​២ គឺ​នាង​ Tamaryn Green ជនជាតិ​អាហ្វ្រិក​ខាងត្បូង អាយុ​២៣​ឆ្នាំ និង​ទី​៣​នាង​ Sthefany Gutiérrez ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា អាយុ​១៩​ឆ្នាំ ។

នាង ​Catriona Gray ជា​តារា​បង្ហាញ​ម៉ូ​ដ​កូនកាត់​អូស្ត្រាលី​-​ហ្វ៊ី​លី​ពី​ន កាលពីមុន​ធ្លាប់​ចូលរួម​ប្រកួត​បវរកញ្ញា Miss World Phillipines 2016 និង​បវរកញ្ញា​ពិភពលោក​២០១៦ (Miss World 2016) ឆ្លង​ចូល​ដល់​ជុំ​៥​នាក់​ចុង​ក្រោយ ។

នាង ​Catriona Gray ​ជា​តារា​បង្ហាញ​ម៉ូ​ដ ពិធី​ការិនី​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​ជា​តារាចម្រៀង​ដ៏​លេចធ្លោ​នៅ​ក្នុង​ប្រទេស ។ ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ ជ័យ​លា​ភី​ឈុត​តំណាង​ជាតិ​បាន​ទៅ​លើ​បេ​ក្ខ​នារី​ប្រទេស​ឡាវ ។

ចំពោះ​កញ្ញា ​រឿ​ន ណាត ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​វិញ​មិន​បាន​ជាប់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​នោះ​ក៏​ដោយ ប៉ុន្តែ​នាង​មាន​មោទនភាព​ចំពោះ​ការ​ទទួល​បាន​បទ​ពិសោធន៍​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​វា​ក៏​ចាត់​ទុក​ថា​នាង​បាន​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ផង​ដែរ ។

រឿ​ន ណាត បាន​ចាត់​ទុក​ការ​ចូលរួម​របស់​ខ្លួន​នា​ពេល​នេះ​គឺជា​ការងារ​ដ៏​សំខាន់​មួយ​ដែល​នាង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ ហើយ​អ្វី​ដែល​ពិសេស​នាង​នឹង​យក​បទ​ពិសោធន៍​ដែល​ទទួល​បាន​នេះ ដើម្បី​បង្ហាត់បង្ហាញ​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ ។

មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកួត​ផ្តាច់​ព័​ត្រ បវរកញ្ញា​កម្ពុជា​ រឿ​ន ណាត បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ទោះជា​លទ្ធផល​ចេញ​មក​បែប​ណា​ក៏​ដោយ ក៏​រូប​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្តនឹង​ទទួលយក​ខ្លាំង​ជាទី​បំផុត​ពីព្រោះ​តែ​នាង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​មោទនភាព​មក​លើ​រូប​នាង​ខ្ញុំ ហើយ​ជា​ពិសេស​នោះ​គឺ​នាង​ខ្ញុំ​បាន​បំពេញ​ក្តី​ស្រមៃ​ដ៏​ធំ​បំផុត នោះ​គឺ​នាង​ខ្ញុំ​បាន​នាំ​យក​ប្រទេស​កម្ពុជា​ឲ្យ​គេ​ស្គាល់​ជុំវិញ​ពិភពលោក​ផង​ដែរ ។

ខណៈ​ពេល​ដែល​នាង​ខ្ញុំ​ហៅ​ឈ្មោះ​របស់​ខ្លួន​និង​ប្រទេស​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ វា​ពិតជា​អស្ចារ្យ​ណាស់ និង​ហាក់បីដូចជា​ក្តី​សុបិន តែ​ជា​ការណ៍​ពិត នាង​ខ្ញុំ​តស៊ូ​ព្យាយាម​យ៉ាង​ខ្លាំង​មិន​គ្រាន់តែ​សម្រាប់​ក្តី​សុបិន​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ជាតិ​កម្ពុជា​ខ្ញុំ​ទាំងមូល »​។

តាម​រយៈ​សកម្មភាព​នានា​ដែល ​រឿ​ន ណាត បាន​ធ្វើ​លើ​វេទិកា​ប្រកួតប្រជែង នាង​បាន​ទទួល​ការ​សរសើរ និង​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ពី​ជនរួមជាតិ​ខ្មែរ ។ មិន​ត្រឹមតែ​សម្រស់​ទេ​កញ្ញា ​រឿ​ន ណាត បាន​នាំ​យក​តំណាង​ចិត្ត​ក្លាហាន​របស់​នារី​កម្ពុជា ស្នាមញញឹម និង​ចរិត​សុភាព​រាបសា ទន់​ភ្លន តែ​រឹង​មាំ​របស់​នារី​កម្ពុជា ព្រមទាំង​ឈុត​តំណាង​ជាតិ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា បង្ហាញ​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​នេះ ។

អ្វី​ជា​រឿង​ដ៏​មាន​មោទនភាព​ចំពោះ​ប្រទេស​ជាតិ​កម្ពុជា​ទៀត​នោះ បវរកញ្ញា ​រឿ​ន ណាត ឆ្លៀតពេល​ទំនេរ​ជួយ​ផ្សព្វផ្សាយ​ក្រមា​ខ្មែរ តាម​រយៈ​ការ​យក​ក្រមា​ខ្មែរ​ធ្វើ​ជា​កាដូ​ជូន​ដល់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​ប្រកួត ។ ក្រមា​ខ្មែរ​ជា​ច្រើន ត្រូវ​បាន​ប្រគល់​ជូន​បវរកញ្ញា​ជាតិ​សាសន៍​ដទៃ និង​ក្រុម​អ្នក​ផលិតកម្ម​វិធី​ពាក់​បង់ក ហើយ​ថត​បង្ហោះ​ប្រកបដោយ​ស្នាមញញឹម ។

អ្វី​ដែល​ រឿ​ន ណាត បាន​ធ្វើ​នោះ​បាន​ទទួល​ការ​លើក​សរសើរ​យ៉ាង​ខ្លាំង​ពី​មហាជន​កម្ពុជា ដ្បិត​ក្រមា គឺ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដែល​មាន​វប្បធម៌​ថ្លៃថ្លា ព្រមទាំង​បង្ហាញ​អំពី​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់​ជនជាតិ​ខ្មែរ​តាំងពី​បុរាណកាល​មក ។ មិនតែប៉ុណ្ណោះ​ក្រមា​ខ្មែរ​ទើបតែ​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ក្រមា​វែង​ជាងគេ​បំផុត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ