ទីក្រុងប៉េកាំង ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រកន្លងមកថា ប្រទេសចិននឹងផ្អាកការបន្ថែមពន្ធ២៥%ទៀតលើរថយន្ត និងគ្រឿងរថយន្តដែលផលិតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩តទៅ ។
ក្រសួងហិរញ្ញវត្ថុបាននិយាយក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួនថា ពួកគេសង្ឃឹមថា ប្រទេសចិននិងសហរដ្ឋអាមេរិកអាចពន្លឿនការចរចាដើម្បីលុបបំបាត់រាល់ពន្ធដែលបានបន្ថែមលើផលិតផលគ្នាទៅវិញទៅមក ខណៈដែលពួកគេកាត់បន្ថយពន្ធពី៤០% មកស្មើ១៥%វិញ ។ ការផ្អាកនេះនឹងមានប្រសិទ្ធភាពរយៈពេល៣ខែ ។
លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) បាននិយាយលើ Twitter ថា ៖«ប្រទេសចិនទើបតែប្រកាសថាសេដ្ឋកិច្ចរបស់ពួកគេកំពុងតែលូតលាស់បានទាបជាងការគិតទុកព្រោះតែសង្គ្រាមពាណិជ្ជកម្ម ។ ពួកគេទើបតែផ្អាកការបង្កើនពន្ធ ។ សហរដ្ឋអាមេរិកកំពុងតែស្ថិតក្នុងស្ថានភាពយ៉ាងល្អ ។ ប្រទេសចិនចង់សម្រេចបានកិច្ចព្រមព្រៀងដែលធំ និងស៊ីជម្រៅ។ វានឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ »។
មិនយូរប៉ុន្មាន បន្ទាប់ពីការប្រកាសខាងលើ ក្រុមហ៊ុន Tesla Inc បាននិយាយថា ពួកគេបានកាត់បន្ថយតម្លៃរថយន្ត Model S និង Model X របស់ខ្លួនក្នុងប្រទេសចិនផងដែរ ។
លោក Wang Cun ប្រធានគណៈកម្មាធិការនាំចូលរបស់សមាគមអ្នកលក់យានយន្តក្នុងប្រទេសចិនបានឲ្យដឹងថា ៖« វាជាសញ្ញាល្អបង្ហាញថាប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងតែខិតជិតការដោះស្រាយសង្គ្រាមពាណិជ្ជកម្មនេះ។ ក្រុមហ៊ុនលក់យានយន្តអាចនឹងកុម្មង់រថយន្តនាំចូលជាច្រើននាពេលបច្ចុប្បន្ន »។
ជាមួយគ្នានេះផងដែរ លោក Joe Hinrichs ប្រធានក្រុមហ៊ុន Ford Motor Co ក៏ស្វាគមន៍ការសម្រេចចិត្តនេះដែរ និងកត់សម្គាល់ថា ក្រុមហ៊ុនលោកនាំចេញរថយន្តផលិតក្នុងសហរដ្ឋអាមេរិកប្រមាណ៥០.០០០គ្រឿងឯណោះទៅកាន់ប្រទេសចិនកាលពីឆ្នាំ ២០១៧ ៕
ចែករំលែកព័តមាននេះ