រាជធានីភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា នៅថ្ងៃពិធីសម្ភោធវិមានឈ្នះឈ្នះនៅថ្ងៃមួយក្នុងចំណោម៣ថ្ងៃ គឺពិតជាមានសារៈសំខាន់ណាស់ គឺការបាញ់កាំជ្រួចដែលពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ពិសេស នោះនៅក្នុងពិធីបុណ្យធំរបស់ជាតិតែម្តង ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៧ ធ្នូ នៅវិមានឈ្នះឈ្នះយ៉ាងដូច្នេះថា «កម្មវិធីនឹងធ្វើឲ្យអ្នកទស្សនាចាប់ពីព្រលឹមរហូតដល់ព្រលប់ ហើយនៅពេលព្រលប់ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកទស្សនា គឺការបាញ់កាំជ្រួចលំអ នៅក្នុងវិមានឈ្នះឈ្នះ ។ កាំជ្រួចនេះសោធ គឺហ៊ាក់ដូចជា យើងមានគម្រោងគំរូទី១ នៅកម្ពុជា គឺជាប្រវត្តិសាស្ត្រវាស្អាតរបៀបណាទ្រង់ទ្រាយធំរបៀបណា ។
ខ្ញុំសូមនិយាយយ៉ាងខ្លីថា «បើអ្នកណាមិនបានមកមើល គឺស្តាយក្រោយ» ។ សម្តេចបានបន្តថានៅបរិវេណវិមានឈ្នះឈ្នះ គឺនៅពេលថ្ងៃ គឺមួយបែប ហើយនៅពេលយប់ គឺមួយបែប គឺនៅពេលនឹងមានស្រស់បំព្រងលំអដោយភ្លើងពណ៌ចម្រុះគ្រប់ប្រភេទ ។ អ្នកដែលបានមកឃើញហើយនឹងមានការជក់ចិត្តជាមិនខាន ។ សម្តេចបន្ថែមថា ក្រៅពីការបាញ់កាំជ្រួចក៏មានកម្មវិធីផ្សេងទៀតដូចជា ការប្រកួត កីឡា ការសម្តែងសិល្បៈបញ្ចាំងរឿងទាំងពេលថ្ងៃ និងពេលយប់ ។
សម្តេចថ្ងៃពិសេសនៅយប់ថ្ងៃទី៣១ ធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំនោះនឹងមានកម្មវិធីតាំងពីព្រលប់ ហើយនៅពេលឆ្លងឆ្នាំ គឺកាំជ្រួចនឹងបាញ់រជួយមេឃជាមិនខាន ។ សម្រាប់កម្មវិធីសម្ភោធវិមានឈ្នះឈ្នះនេះសម្តេចក៏បានឲ្យដឹងថា ក៏មានការតាំងបង្ហាញសម្ភារៈជាច្រើនស្តង់រហូតដល់ប្រមាណជាង៦០០ស្តង់មកពីក្រុមហ៊ុនវិស័យឯកជន និងក្រសួងស្ថាប័នរដ្ឋជាច្រើន ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចពិជ័យសេនាទៀ បាញ់ ខណៈសម្តេចតេជោហ៊ុន សែន បានកំណត់យកថ្ងៃទី២៩ ធ្នូ ដល់ថ្ងៃទី៣១ ធ្នូ ជាថ្ងៃសម្ភោធដាក់ដំណើរការវិមានឈ្នះឈ្នះ ៕
សូមរំលឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ