ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ ៖​តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​លក់​បាន​ថ្លៃ តែ​សោកស្តាយ​ទិន្នផល​ធ្លាក់​ចុះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កសិករ​បាន​អះអាង​ថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​លក់​បាន​ថ្លៃ តែ​សោកស្តាយ ដោយសារ ទិន្នផល​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ប្រទះ​បញ្ហា​ថ្មី គឺ​គ្មាន​ផលិតផល សម្រាប់​លក់​ឲ្យ​ឈ្មួញ…

ខេត្តមណ្ឌលគិរី ៖ កសិករ​បាន​អះអាង​ថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​លក់​បាន​ថ្លៃ តែ​សោកស្តាយ ដោយសារ ទិន្នផល​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ប្រទះ​បញ្ហា​ថ្មី គឺ​គ្មាន​ផលិតផល សម្រាប់​លក់​ឲ្យ​ឈ្មួញ ។
កត្តា​នេះ​ត្រូវ​បាន​ជំនាញ​លើក​ឡើង​ថា បណ្តាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន នឹង​កសិករ​មិន​ផ្លាស់​ប្តូរ មុខ​ដំណាំ ដាំ​ដុះ​ថ្មី​លើ​ដី​ចាស់​ដែល​ខ្សោះ​ជីវជាតិ ។

កសិក​ឈ្មោះ ញ៉ា​ញ់ ដាំ​ដំណាំ​ដំឡូង​មី នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំ​នេះ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន តែ​ចំពោះ​តម្លៃនៅលើទីផ្សារ គឺ​អាច​ទទួលយក​បាន ។ លោក​បន្ត​ថា ឆ្នាំ​មុន​ៗ ការ​ប្រមូល​ផល​ដំឡូង​មី​របស់​លោក​អាច​ទទួល​បាន​ផល​ប្រហែល​១៥​តោន ទៅ​២៥​តោន តែ​ផ្ទុយ​ទៅ​វិញ​ឆ្នាំ​នេះ គឺ​ពុំ​សូវ​មាន​មើម​នោះ​ទេ ពោល គឺ​ខុស​គ្នា​ដាច់​ស្រឡះ​ពី​ឆ្នាំ​មុន​តែ​ម្តង ដោយ​ក្នុង​មួយ​ហិ​កតា​បាន​ផល​ត្រឹមតែ​៨​ទៅ​១០​តោន​ប៉ុណ្ណោះ ។

ចំពោះ​តម្លៃ​វិញ បើ​អ្នក​ប្រមូល​ផល​មុន​អាច​លក់​បាន​រហូត​ទៅ​ដល់​៣៩០​រៀល ដល់​៤១៥​រៀល ដែល​តម្លៃ នេះ​អាច​ចំនេញ​បាន​សម​ល្មម ហើយ​លោក​សង្ឃឹមថា តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​នឹង​មិន​ធ្លាក់​ចុះ​វិញ​ទេ នៅ​ពេល​ដែល​ដំឡូង​មី​ដល់​រដូវ​ប្រមូល​ផល​ពេញលេញ​នោះ ។

ថៅកែ ស៊ុ ជី​វ័​ន្ត ដែល​ជា​ម្ចាស់​ដេប៉ូ​ទទួល​ទិញ​ដំឡូង​មី​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា តម្លៃ​ដំឡូង មី​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន​ៗ បច្ចុប្បន្ន​តាម​ដេប៉ូ​ទទួល​ទិញ​ដំឡូង​មី​ក្នុង​តម្លៃ​ចន្លោះ​ពី​៣៩០​រៀល ទៅ​៤១៥​រៀល​ក្នុង​១​គីឡូក្រាម ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ទូ​ទាំង​ខេត្តមណ្ឌលគិរី​មាន​ប្រមាណ​១​ម៉ឺន​២​ពាន់​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​មុន គឺ​ប្រហាក់ ប្រហែល​គ្នា ហើយ​នៅ​ខេត្តមណ្ឌលគិរី​ក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​៥​មានស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ដែល​មាន​កសិករ​ដាំដំឡូង​មី​ច្រើន ។

លោក​ថា ពាក់ព័ន្ធ និង​កត្តា​ដែល​នាំ​ឱ្យ​ដំឡូង​មី​ឆ្នាំ​នេះ​មិនសូវ​មាន​មើម គឺ​មក​ពី​កត្តា​ដី​ខ្វះ​ជីជាតិ ព្រោះ តែ បងប្អូន​កសិករ​ដាំ​ដំណាំ​ដដែល​ៗ​លើ​ដី​ចាស់​ដែល​រិច​រិល​អស់​ជីវជាតិ ហើយ​ករណី​នេះ​ខាង​មន្ទីរ​ជំនាញ ក៏​ធ្លាប់​បាន​ចុះ​ណែនាំ ប្រជា​កសិករ​ឲ្យ​ផ្លាស់​ប្តូរ​មុខ​ដំណាំ​ដែរ ដើម្បី​ប្រែក្លាយ​ដី​ឲ្យ​មាន​ជីវជាតិ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ