រាជធានីភ្នំពេញ ៖ ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ក្រុមហ៊ុន ឬអ្នកអភិវឌ្ឍន៍វិស័យសំណង់ទាំងអស់ មុនធ្វើការសាងសង់សំណង់អគារអ្វីមួយត្រូវមានការសម្របសម្រួលជាមួយម្ចាស់ផ្ទះឬអ្នកជិតខាងជាមុនសិន ដើម្បីជៀសវាងមានការប្តឹងជំទាស់ ធ្វើឱ្យខកខានដំណើរការសាងសង់ ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ដើម្បីឱ្យការសាងសង់មានក្បូនខ្នាត មានច្បាប់ទម្លាប់ ក្រសួងបានរៀបចំឱ្យមានច្បាប់សាងសង់ ដែលអាចឱ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់សាងសង់ ដោយរក្សាគម្លាតឱ្យបានសមរម្យទៅតាមលិខិតបទដ្ឋានដែលបានផ្សព្វផ្សាយ ។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ៖« មុននឹងធ្វើការសាងសង់ សុំឱ្យមានការសម្របសម្រួលជាមួយអ្នកជិតខាងសិន ។ ខ្ញុំមិនចង់លឺថា សាងសង់បុកគ្រឹះរួចហើយ អ្នកជិតខាងមានការប្តឹងជំទាស់នោះទេ ព្រោះអ្នកជិតខាងជួនកាលក៏ជាអ្នករំខានដែរ ទោះបីគាត់ដឹងថាសំណង់នេះត្រូវទៅតាមលិខិតបទដ្ឋានក្ដី»។
លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា និងជានាយកក្រុមហ៊ុន Century 21 Fortuna Investment មានប្រសាសន៍ថា ៖« ការប្តឹងជំទាស់រវាងផ្ទះនៅជិតគ្នា ខ្ញុំគិតថា វិធីសាស្ត្រក្នុងការដោះស្រាយគឺផ្អែកលើប្លង់ ឬឯកសារសម្គាល់កម្មសិទ្ធិត្រឹមត្រូវ វាអត់មានជាបញ្ហានោះទេ ហើយក្រសួងត្រូវខិតខំប្រឹងប្រែងដោះស្រាយ ឬចេញប្លង់ឱ្យបានឆាប់ និងច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន»។
លោកបន្តថា នៅពេលមានការប្រគល់ប្លង់កម្មសិទ្ធិទៅឱ្យម្ចាស់គ្រប់គ្រាន់ អាចថា ជម្លោះស្ទើរតែកាត់បន្ថយទាំងអស់ ព្រោះមុននឹងចេញប្លង់ គេហៅគ្រប់ភាគីមកពិនិត្យ និងផ្តិតមេដាយឯកភាពនៅលើលិខិតយល់ព្រម ។ ទោះបីយ៉ាងណា ភាពខ្វះការយោគយល់គ្នា អធ្យាស្រ័យគ្នា ក៏ជាកត្តាចំបាច់ដែរសម្រាប់ការរស់ ។
លោកលើកឡើងថា ៖« តាមការកត់សម្គាល់ ករណីជម្លោះ ឬការប្តឹងជំទាស់លើការសាងសង់នេះមានច្រើនគួរសម អ្នកខ្លះធ្វើឡើងក្នុងលក្ខណៈបំពានលើគេតែម្តង ដោយអាងទៅលើចំណុចផ្សេងៗ ។ អ្នកខ្លះទៀត ដោយសារការមិនចេះយោគយល់គ្នា ហើយនៅពេលសាងសង់មានការខុសត្រូវគ្នាតិចតួច មិនចេះអត់ធ្មត់ និងធ្វើតាមតែអារម្មណ៍ជាដើម »។
យ៉ាងនេះកី លោកបានផ្ដល់យោបល់ថា ៖« ដើម្បីដោះស្រាយ ឬជៀសវាងការកើតឡើងនៅជម្លោះនេះគឺយើងធ្វើទៅតាមច្បាប់ ដោយផ្អែកលើប្លង់កម្មសិទ្ធិបញ្ជាក់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ និងត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាជាចម្បង ទើបអាចដោះស្រាយ និងរស់នៅជិតគ្នាប្រកបដោយសេចក្តីសុខក្នុងនាមអ្នកជិតខាងបាន » ៕
ចែករំលែកព័តមាននេះ