ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន​កំពុង​វាយលុក​អចលនទ្រព្យ​នៅ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ តម្លៃ​ដីធ្លី និង​សំណង់​អគារ​នានា​នៅ​ក្រុង​បា​វិត កំពុង​ហក់​ឡើង​យ៉ាង​លឿន ជា​ពិសេស​តំបន់​ទីប្រជុំជន​ក្នុង​សង្កាត់​បា​វិត​តែ​ម្ដង ដោយ​មាន​ជនជាតិ​ចិន​បាន​មក​ដេកចាំ​ទិញ​ដី​សាងសង់​អគារ​ខ្ពស់​ៗ​សម្រាប់​ធ្វើ​អាជីវកម្ម ដូច​ជា ខុន​ដូ សណ្ឋាគារ…

ខេត្តស្វាយរៀង ៖ តម្លៃ​ដីធ្លី និង​សំណង់​អគារ​នានា​នៅ​ក្រុង​បា​វិត កំពុង​ហក់​ឡើង​យ៉ាង​លឿន ជា​ពិសេស​តំបន់​ទីប្រជុំជន​ក្នុង​សង្កាត់​បា​វិត​តែ​ម្ដង ដោយ​មាន​ជនជាតិ​ចិន​បាន​មក​ដេកចាំ​ទិញ​ដី​សាងសង់​អគារ​ខ្ពស់​ៗ​សម្រាប់​ធ្វើ​អាជីវកម្ម ដូច​ជា ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លិប​កម្សាន្ដ ផ្សារ​ទំនើប និង​តូប​លក់ដូរ​ជាដើម ។

សព្វ​ថ្ងៃនេះ អាជីវកម្ម​ជនជាតិ​ចិន​បាន​បើក​ដំណើរការ​ជា​បន្ដបន្ទាប់ ដោយ​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ព្រោងព្រាត​នៅ​តាម​ដងផ្លូវ​តូច​ធំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ប្រវត្តិសាស្ត្រ មិន​ធ្លាប់​មាន​សម្រាប់​ទឹកដី​ខេត្តស្វាយ​រៀង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កំពុង​ធ្វើ​ដំណើរ​យ៉ាង​មមាញឹក​ចេញចូល​មិន​ដាច់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ដែល​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ ។

អ្វី​ដែល​មហាជន​ចាប់អារម្មណ៍ និង​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​ស្លាក​យីហោ​អាជីវកម្ម និង​ប៉ាន​ណូ​កាត់​ផ្លូវ​ខ្វាត់ខ្វែង​ជា​អក្សរ​ខ្មែរ និង​ចិន ធំ​ៗ​ដាក់​ឈ្មោះ​ថា « ទីក្រុង​ហេង​ហេង » ហើយ​កាន់តែ​ពិសេស​ទៀត​នោះ ពី​មុន​ភូមិសាស្ត្រ​ខេត្ត​នេះ​ធ្លាប់តែ​ចាយ​លុយ​ដុ​ង​វៀតណាម លុយ​រៀល និង​លុយ​ដុល្លារ​អា​មេ​រិ​ក តែ​ឥឡូវ​ក៏​មាន​ចរាចរ​លុយ​យន់​ចិន​ព្រោងព្រាត​ពេញ​ហាង​ចិន​នៅ​តំបន់​នោះ​ដែរ ។

មន្ត្រី​អាជ្ញាធរ​ក្រុង​បា​វិត បាន​និយាយ​ថា ក្រុង​បា​វិត​សព្វថ្ងៃ​មានការ​អភិវឌ្ឍ​ខ្លាំង ខុស​ពី​មុន​ដូច​មេឃ​និង​ដី ពិសេស​បន្ទាប់​ពី​ជនជាតិ​ចិន​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រីក​ចម្រើន​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់ ។

ជាក់ស្ដែង លោក​ថា ៖« ពី​មុន ក្រុង​បា​វិត គេ​ចាយ​លុយ​ដុ​ង​វៀតណាម​ច្រើន បន្ទាប់​មក​លុយ​រៀល និង​លុយ​ដុល្លារ ដោយសារ​ទំនិញ​ភាគច្រើន​នាំ​ចូល​ពី​វៀតណាម និង​មាន​ជនជាតិ​វៀតណាម​ចូល​មក​លេង​កាស៊ីណូ​ច្រើន គេ​ទើប​លំហូរ​រូបិយប័ណ្ណ​ប្រទេស​គេ​នៅ​តំបន់​នេះ​ក៏​ច្រើន​ដែរ តែ​បន្ទាប់​ពី​វិនិយោគិន​ចិន​ចូល​មក​វាយលុក​ខ្លាំង គេ​ឃើញ​មានការ​ចរាចរ​លុយ​យន់​ចិន​មាន​កំណើន​ខ្ពស់ ពិសេស​នៅ​តាម​ហាង​លក់ទំនិញ​ចិន​តែ​ម្ដង »​។

លោក​បន្ថែម​ថា ៖« ការ​ចរាចរ​លុយ​យន់​ចិន​នេះ ភាគច្រើន​តែ​នៅ​តាម​ហាង និង​អាជីវកម្ម​របស់​ជនជាតិ​ចិន​ទេ ព្រោះ​ផ្សារ​ចិន​គឺ​មាន​តែ​ជនជាតិ​ចិន​ប៉ុណ្ណោះ​ដែល​ចូល​ទិញ ។ ចំណែក​យើង​បើ​ទោះជា​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ទាំងនេះ​មែន តែ​ក៏​បាត់បង់​ផលប្រយោជន៍​ខ្លះ​ដែរ​ពី​ការ​ចាយវាយ​រូបិយប័ណ្ណ​បរទេស​​បែប​នេះ​»​។

លោក សេង សិលា អភិបាលក្រុង​បា​វិត ក៏​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ កន្លង​មក​ថា ការ​រីក​ចម្រើន​នៃ​ក្រុង​បា​វិត ដោយសារ​តែ​មាន​ជនជាតិ​ចិន​ចូល​មក​ច្រើន ។ ជាក់ស្ដែង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ហេង​ហេង ដែល​ជា​គម្រោង​របស់​លោក​ឧកញ៉ា លឹ​ម ហួ លើ​ផ្ទៃដី​ប្រមាណ​ជិត​១០​ហិ​កតា ភាគច្រើន​សាងសង់​ជួល​ឲ្យ​ជនជាតិ​ចិន និង​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ចិន​។ លោក​ថា ៖« បើ​គ្មាន​ចិន​ចូល​មក​វិនិយោគ ឬ​ជួល​និង​ទិញ​ទេ ក៏​មិន​អាច​ដំណើរការ​បាន​ដែរ »​។

លោក​បញ្ជាក់​ថា ៖« ដី​និង​អចលនទ្រព្យ​មាន​តម្លៃ​ហក់​ឡើង​ខ្ពស់ គឺ​ដោយសារ​មាន​ចិន​មក​ប្រមូល​ទិញ ហើយ​ចិន​ទិញ​តែ​ក្នុង​ទីប្រជុំជន​ក្នុង​សង្កាត់​បា​វិត​ទេ ជា​ពិសេស​ជិត​កាស៊ីណូ​ក្បែរ​ព្រំដែន ដូច​ជា នៅ​បរិ​វេន​កាស៊ីណូ​ម៉ុ​ក​ប៉ាយ តម្លៃ​ចាប់ពី​១​លាន​ដុល្លារ​ទៅ​៣​លាន​ដុល្លារ​ក្នុង​១​ហិ​កតា​, ដី​ជាប់​កាស៊ីណូ ឡឺ​ម៉ា​កាវ តម្លៃ​៤​លាន​ដុល្លារ​ក្នុង​១​ហិ​កតា »​។

លោក​បញ្ជាក់​បន្ថែម​ថា ៖« សម្រាប់​ដី​ទំនេរ ឬ​ដីស្រែ ក៏​កើនឡើង​ដែរ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ក្នុង​នោះ បើ​ដី​មិន​ទាន់​ចាក់​បំពេញ ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​១០​ទៅ​២០​ដុល្លារ​, ដី​ក្រវាត់ក្រុង​តាម​ដងផ្លូវ​វាង ផ្លូវ​កុងតឺន័រ តម្លៃ​៣០​​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​, ដី​ជាប់​ផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ តម្លៃ​៨០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ និង​ដី​ជាប់​ថ្នល់ជាតិ​លេខ​១ ក្នុង​សង្កាត់​បាទី សង្កាត់​ច្រក​ម្ទេស ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​២០​ដុល្លារ ។

ចំណែក​សកម្ម​ភាព​អាជីវកម្ម​ពុះ​ដី​ឡូត៍​ក៏​កំពុង​មាន​ទីផ្សារ​ដែរ គឺ​ចាប់ផ្ដើម​ស្ទុះ​ឡើង ក្រោយ​ពី​បោះ​ឆ្នោត​អាណត្តិ​ទី​៦​នេះ​រួច​មក ពិសេស​បន្ទាប់​ពី​មាន​ជនជាតិ​ចិន​ចូល​មក​វិនិយោគ​និង​ស្នាក់​នៅ​រកស៊ី​លក់ដូរ និង​ធ្វើ​ការងារ​ច្រើន​នៅ​ទី​នេះ ។

លោក ស៊ូ ឡាំង​ស៊ឹង តំណាង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហេង ហ៊ី គ្រប់ ដែល​កំពុង​អភិវឌ្ឍន៍​ទីក្រុង​រណប​ហេង​ហេង បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​បោះទុន​១.៧០០​លាន​ដុល្លារ នៅ​លើ​ផ្ទៃដី​ប្រមាណ​២​ពាន់​ហិ​កតា សម្រាប់​សាងសង់​សណ្ឋាគារ កន្លែង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តពោធិ៍សាត់ ហើយ​នៅ​ក្នុង​ក្រុង​បា​វិត​នេះ ក្រុមហ៊ុន​មាន​ផ្ទៃដី​កំពុង​សាងសង់​ចំនួន​៧​ហិ​កតា សម្រាប់​សាងសង់ សណ្ឋាគារ កាស៊ីណូ អគារ​ការិយាល័យ អា​ផាត​ម៉ិ​ន និង​ផ្សារ​ទំនើប និង​ក្លិប​កម្សាន្ដ​ជាដើម ដើម្បី​រួមចំណែក​ការ​អភិវឌ្ឍ​ក្នុង​ក្រុង​បា​វិត ។

លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​កន្លង​មក​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ទីក្រុង​បា​វិត មាន​សកម្មភាព​អភិវឌ្ឍន៍​ច្រើន ដោយសារ​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ចំនួន​៥​នៅ​ក្នុង​ទីក្រុង​នេះ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់​សិប​ម៉ឺន​នាក់ ពិសេស​ការ​ចូល​ទៅ​វិនិយោគ​របស់​ជនជាតិ​ចិន កាន់តែ​ច្រើន​នៅ​ក្នុង​ទីក្រុង​នេះ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​មាន​ភាព​រស​រវើក ។

លោក​បន្ត​ថា ៖« ជាមួយនឹង​សកម្មភាព​អភិវឌ្ឍន៍ និង​កំណើន​នៃ​ការ​វិនិយោគ​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ទ្វេ​ដង ធៀប​នឹង​ឆ្នាំ​មុន និង​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​នេះ​កំពុង​រីករាយ​នឹង​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុង​ជាយ​ដែន​មួយ​នេះ »​។

បច្ចុប្បន្ន​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​រកស៊ី និង​វិនិយោគ​នៅ​ខេត្តស្វាយរៀង​មាន​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់ ក្នុង​នោះ​មក​ពី​ជប៉ុន​, កូរ៉េ​, វៀតណាម​, ហ្វី​លី​ពី​ន​, ឥណ្ឌូ​ណេ​ស៊ី និង​ចិន ជាដើម ប៉ុន្ដែ​ការ​គ្រប់គ្រង​នៅ​ស្មុគស្មាញ​នៅឡើយ ។ ទោះបី​យ៉ាងនេះ​ក្ដី រដ្ឋបាល​ក្រុង​បា​វិត​កំពុង​មាន​ផែនការ​ជំរឿន​ជនបរទេស​ផង​ដែរ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ។

បើ​តាម​លោក សេង សិលា អភិបាលក្រុង​បា​វិត បាន​បញ្ជាក់ ៖« អាជ្ញាធរ​ក្រុង​បា​វិត​មាន​គម្រោង​ធ្វើ​រដ្ឋបាល​ជំរឿន​ជន​បររទេស​មក​ស្នាក់​នៅ​ក្នុង​ក្រុង​បា​វិត​ក្នុង​១​ស​ប្តា​ហ៍​ឬ​២​ស​ប្តា​ហ៍ម្ត​ង »​។ លោក​ថា ៖« បើ​រក​ឃើញ​មានការ​ស្នាក់​នៅ ប្រកប​មុខរបរ និង​ធ្វើ​ការងារ​គ្មាន​ប​ណ្ណ័​ឬ​សៀវភៅ​ការងារ​ទេ នឹង​ចាត់ការ​ទៅ​តាម​ច្បាប់»។

នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​កំណត់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​៣ គឺ​ក្រុងព្រះសីហនុ ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ជា​តំបន់​ស្នូល​សម្រាប់​ការ​សម្រួល​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​នៅ​ប្រទេស​ជិតខាង ហើយ​ប្រើប្រាស់​ទីក្រុង​នេះ​ជាទី​តាំង​ស្តុក​ទំនិញ និង​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ