ខេត្តព្រះវិហារ ៖ នៅរដូវប្រមូលផលស្រូវឆ្នាំនេះ កសិករផលិតដំណាំស្រូវនៅខេត្តព្រះវិហារបានសម្តែងក្ដីសប្បាយរីករាយយ៉ាងខ្លាំង ខណៈបរិមាណផលស្រូវឆ្នាំនេះទទួលបានទិន្នផលខ្ពស់ គុណភាពល្អ ស្របពេលតម្លៃក៏ខ្ពស់ជាងឆ្នាំមុន ។
លោក ប៉ិល ថាន កសិករនៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន បានលើកឡើងថា ក្រោយពេលប្រមូលផលស្រូវ ឃើញថា ទិន្នផលមានការកើនឡើង រីឯតម្លៃវិញក៏ខ្ពស់ដែរ ដោយស្រូវសើមប្រភេទរំដួលក្នុង១គីឡូក្រាម ចន្លោះពី១.១០០ទៅ១.១៣០រៀល ហើយឈ្មួញបានដើរប្រមូលទិញដល់កន្លែងផ្ទាល់តែម្តង បើធៀបនឹងឆ្នាំមុន តម្លៃស្រូវបានត្រឹមតែ៩០០រៀលប៉ុណ្ណោះ កើនឡើងពី២២%ទៅ២៥% ។ លោកបន្តថា ៖« ខ្ញុំបានធ្វើស្រែទំហំ២ហិកតា ក្រោយពេលប្រមូលផលរួច ខ្ញុំនឹងលក់ឲ្យឈ្មួញកណ្តាលដែលដើរប្រមូលទិញតាមភូមិឃុំ ព្រោះខ្ញុំមិនស្ថិតក្នុងសមាជិកនៅក្នុងសហគមន៍កសិកម្មដែលធ្វើស្រែតាមកិច្ចសន្យាជាមួយក្រុមហ៊ុននោះទេ ដោយសារតែដីស្រែនេះខ្ញុំជួលគេធ្វើ »។ យ៉ាងនេះក្តី លោកថា ៖« ប្រសិនបើខ្ញុំមានដីកសិកម្មផ្ទាល់ ខ្ញុំក៏ចូលជាសមាជិករបស់សហគមន៍កសិកម្មនៅក្នុងភូមិដែរ ព្រោះមិនបារម្ភពីតម្លៃ និងទីផ្សារ »។
ដោយឡែកអ្នកស្រី ជា ស្រីយ័ន្ត កសិកររស់នៅទីរួមស្រុកគូលែន ក៏បានលើកឡើងដែរថា ឆ្នាំនេះពួកគាត់អាចដាំដុះស្រូវទទួលបានទិន្នផលជាងឆ្នាំមុន ដោយទុកសម្រាប់ហូបក្នុង១ឆ្នាំ និងសល់បានលក់មួយចំនួនទៀត ។ បើធៀបនឹងឆ្នាំមុន អ្នកស្រីខំធ្វើដែរ តែមិនបានផលខ្ពស់ដូចឆ្នាំនេះឡើយ ។អ្នកស្រីបញ្ជាក់ថា ៖« ឆ្នាំនេះ មិនត្រឹមតែស្រូវផ្តល់ទិន្នផលខ្ពស់ទេ តម្លៃក៏ខ្ពស់ដែរ ហើយមិនពិបាកស្វែងរកទីផ្សារទៀត »។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ពឹង ទ្រីដា បានឲ្យដឹងថា ដំណាំស្រូវសរីរាង្គឆ្នាំនេះសម្រាប់ខេត្តព្រះវិហារ មានការលូតលាស់ល្អជាងឆ្នាំមុន ដោយសារតែកម្រិតទឹកភ្លៀងបានធ្លាក់មកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ការលូតលាស់ ជាពិសេសទៀតនោះ ឆ្នាំនេះមិនមានទឹកជំនន់ជនលិចស្រែចម្ការរបស់កសិករដូចឆ្នាំមុនៗឡើយ ដូច្នេះហើយ ការខូចខាតស្រែស្រូវរបស់ពួកគាត់មិនមានឡើយ ។ លោកប្រធានមន្ទីរបញ្ជាក់ថា ៖« គិតមកដល់បច្ចុប្បន្ននេះ កសិករនៅទូទាំងខេត្តព្រះវិហារ កំពុងតែមមាញឹកក្នុងការច្រូតកាត់ ប្រមូលផលស្រូវជាបន្តបន្ទាប់បានប្រមាណ៣០%ហើយ ដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយដោយសារតែទទួលបានទិន្នផលខ្ពស់ និងតម្លៃល្អប្រសើរជាងឆ្នាំមុន »។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានបង្ហាញថា នៅក្នុងឆ្នាំ២០១៨នេះ កសិករទូទាំងខេត្តបានផលិតដំណាំស្រូវនៅលើផ្ទៃដីប្រមាណជិត៩ម៉ឺនហិកតា បើធៀបនឹងឆ្នាំមុន កើនឡើងជាង១ពាន់ហិកតា ដែលសុទ្ធសឹងតែជាស្រូវធម្មជាតិសុទ្ធសាធ មានដូចជា ស្រូវស ស្រូវផ្ការំដួល ស្រូវនាងអុក-នាងអំ ជាដើម ៕
ចែករំលែកព័តមាននេះ