ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ស្វាយព្រៃ​១​ដើម​នេះ​អាយុ​១៣០​ឆ្នាំ​… ត្រូវ​គេ​គាស់​ហើយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ខេត្តព្រៃវែង​បាន​ផ្ទុះ​រឿង​ដ៏​រសើប​មួយបន្ទាប់​ពី​ក្រុម​ឈ្មួញ​នាំ​គ្នា​គាស់​ផ្តួល​ដើម​ស្វាយព្រៃ​មួយ​ដើម ដែល​មាន​អាយុកាល​រហូត​ដល់​១៣០​ឆ្នាំ នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​បានដឹក​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ក្រោយ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចុះ​ទៅ​ឃើញ…

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ខេត្តព្រៃវែង​បាន​ផ្ទុះ​រឿង​ដ៏​រសើប​មួយបន្ទាប់​ពី​ក្រុម​ឈ្មួញ​នាំ​គ្នា​គាស់​ផ្តួល​ដើម​ស្វាយព្រៃ​មួយ​ដើម ដែល​មាន​អាយុកាល​រហូត​ដល់​១៣០​ឆ្នាំ នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​បានដឹក​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ក្រោយ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចុះ​ទៅ​ឃើញ ប៉ុន្តែ​បាន​ត្រឹម​ធ្វើ​កំណត់ហេតុ តែ​គ្មាន​ចំណាត់ការ​។

ដើម​ស្វាយព្រៃ​អាយុ​១៣០​ឆ្នាំ​នេះ ត្រូវ​បាន​គេគាស់​ផ្តួល​កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ដោយ​មនុស្ស​មួយ​ក្រុម​ដែល​គេ​អះអាង​ថា បាន​ទិញ​ពី​ម្ចាស់​ដើម​ស្វាយ​នេះ​រួច​ហើយ ក្នុង​គោលបំណង​យក​ទៅ​ដាំលម្អ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​ក្នុង​ទីប្រជុំជន​អ្នក​លឿង ។

ប៉ុន្តែ​នៅ​ពេល​ផ្តួលរំលំ​ដើម​ស្វាយ​នេះ​បាន​ហើយ​បម្រុង​ដឹក​ចេញ ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ទៅ​ទាន់ និង​បាន​ថត​ចុះ​ផ្សាយ​ពី​សកម្មភាព​នេះ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ខេត្ត ។ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​៤ ខែធ្នូ លោក ឃឹម អូន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង ក៏​បាន​ទៅ​ពិនិត្យ​វាស់វែង​ធ្វើ​កំណត់ហេតុ រួច​ក៏​ត្រឡប់​ទៅ​វិញ ដោយ​ទុក​ដើម​ស្វាយ​នោះ​នៅ​ទីតាំង​ដដែល និង​គ្មាន​ការ​ការពារ​អ្វី​នោះ​ទេ ។

អ្នក​ភូមិ​ឫស្សី​ជួរ​បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ គេ​បានឃើញ​ក្រុម​ឈ្មួញ​នាំ​គ្នា​មក​ដឹក​ដើម​ស្វាយព្រៃ​នោះ​យក​ចេញ​ទៅ​យ៉ាង​រលូន ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ឡើយ ។

ក្រោយ​ពី​ទទួល​បាន​ព័​ត៌មាន​នេះ​ភ្លាម អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​សាកសួរ​ទៅ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ហើយ​ជា​លទ្ធផល​ក៏​លេច​ចេញ​នូវ​លិខិត​អនុញ្ញាត​មួយ ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ក្រោយ​ពេល​ដែល​ដើម​ស្វាយព្រៃ​នោះ​ត្រូវ​បាន​គាស់​ផ្តួល​៣ថ្ងៃ ដែល​បាន​ចុះហត្ថលេខា​ឯកភាព និង​អនុញ្ញាតដោយ​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្ត ។

ក្នុង​លិខិត​នេះ​គឺ​អនុញ្ញាត​ឱ្យ​បុរស​ឈ្មោះ ស៊ិ​នសុ​វ​ណ្ណា អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧ផ្លូវ​លេខ​២១១ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ៧​មក​រា រាជធានី​ភ្នំពេញ និង​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទិញ​ដើម​ស្វាយ​ចំនួន​៣​ដើម ពី​ឈ្មោះ ជួប សែន ជា​បី្ត និង​ប្រពន្ធ​ឈ្មោះ ទិ​ត្យហ៊ី​ម មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ក្នុង​តម្លៃ​១​លាន​៧​សែន​រៀល​ក្នុង​១​ដើម ។

ការ​ទិញ​ដើម​ស្វាយ​នេះ​ដាក់​ថា​ដើម្បី​យក​ទៅ​ដាំ​លម្អ​សោភ័ណ​ភាព​នៅ​មុខ​រោងចក្រ​ទិញ​-​លក់​គ្រាប់​ឈូក​៩៩៩ នៅ​ទីប្រជុំជន​អ្នក​លឿង ប៉ុន្តែ​ទើបតែ​កាប់​ដឹក​ចេញ​បាន​១​ដើម ក៏​មានរឿង​នេះ​ផ្ទុះ​ឡើង​តែ​ម្តង ។

ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​ទៅ​ថត​យក​រូបភាព​ដើម​ស្វាយព្រៃ​ដែល​គេ​ដឹក​ចេញ​នោះ គឺ​ពិតជា​ត្រូវ​បាន​ដឹក​យកមក​ទុក​នៅ​ក្នុង​បរិវេណ​រោងចក្រ​ទិញ​-​លក់​គ្រាប់​ឈូក​៩៩៩​នោះ​មែន ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្បែ​នោះ​ប្រាប់​ថា រោងចក្រ​នោះ​បាន​បិទទ្វារ​ជាង​២​ខែ​មក​ហើយ ដោយសារ​រកស៊ី​មិន​ចំណេញ ។

នៅ​ក្នុង​បរិវេណ​រោងចក្រ​នោះ​ពុំ​មាន​អ្វី​ទាំងអស់ ក្រៅពី​ដើម​រាំងជា​ច្រើន​ដើម​ដែល​គេ​ប្រមូលទិញ​ពី​តាម​ភូមិ យក​មក​ស្តុក​ទុក​នៅ​ទី​នេះ ហើយ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​ដែល​មាន​ឈ្មួញ​វៀតណាម​ត្រូវការ ។ ឯ​ដើម​ស្វាយព្រៃ​ដែល​គេ​យក​មក​រក្សា​ទុក​នេះ ត្រូវ​បាន​សង្ស័យ​ថា​អាច​នឹង​មានជោគ​វាសនា​ដូច​ដើម​រាំង​ទាំងនោះ​ដែរ គឺ​ដេក​រង់ចាំ​ឈ្មួញ​ទិញ​ទៅ​នៅ​ស្រុក​យួន​តែ​ប៉ុណ្ណោះ ៕ ​

អត្ថបទសរសេរ ដោយ