ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! ផ្លូវ​ណា​ជង្ហុក​ច្រើន​ពិបាកធ្វើ​ដំណើរ​រាយការណ៍​ភ្លាម​ៗ​ឱ្យ​ក្រសួង​តាម​រយៈ App នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី (App) មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដោ​ន​ឡូត​លើ​ទូរស័ព្ទ​ដៃ សម្រាប់​រាយការណ៍​ដោយ​ផ្ទាល់​ពី​ស្ថាន​ភាព​ផ្លូវ​ខូច​ដូច​ជា ផ្លូវ​ជង្ហុក ផ្លូវ​សំបុកមាន់​ជាដើម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី (App) មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដោ​ន​ឡូត​លើ​ទូរស័ព្ទ​ដៃ សម្រាប់​រាយការណ៍​ដោយ​ផ្ទាល់​ពី​ស្ថាន​ភាព​ផ្លូវ​ខូច​ដូច​ជា ផ្លូវ​ជង្ហុក ផ្លូវ​សំបុកមាន់​ជាដើម ដើម្បី​ឲ្យ​អាជ្ញាធរ​ជួសជុល​បាន​ទាន់​ពេលវេលា ។

កម្មវិធី​ថែទាំ​ផ្លូវ​នេះ ឈ្មោះ​ថា «ROAD CARE mobile app» ដែល​នឹង​ដាក់​ឱ្យ​សាធារណជន​ដោ​ន​ឡូត​នៅ​លើ App Store និង Play Store ក្នុង​ទូរស័ព្ទ​ដៃ ចាប់ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ​នេះ ។

ក្រសួង​សាធារណការបាន​ឲ្យ​ដឹង​ទៀត​ថា រាល់​ព័ត៌មាន​ទាំងអស់​អំពី​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បង្ហោះ​ជា​រូបថត និង​វី​ដេ​អូ​នៅ​ក្នុង​កម្​មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុមការងារ​ទទួល​បន្ទុក​របស់​ក្រសួង មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​នៅ​ទូ​ទាំង​២៥ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ជួសជុល ។

កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងគុណភាព​ផ្លូវ ដែល​ទាមទារ​ឲ្យ​មានការ​ជួស​ជុល និង​ថែទាំ​ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​រាយការណ៍​ពី​ស្ថានភាព​ជង្ហុក សំបុកមាន់ និង​ផ្លូវ​ខូច​ដោយ​អ្នក​ប្រើប្រាស់ និង​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង និង​ថែទាំ​ផ្លូវថ្នល់​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ ។

កម្មវិធី​នេះ នឹង​ក្លាយជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ជួសជុល​ថែទាំ​ផ្លូវ​ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​២៥ ។

ក្រសួង​បញ្ជាក់​ថា ៖«​កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​គ្របដណ្តប់​ទៅ​លើ​ការ​ជួសជុល​ថែទាំ​ផ្លូវជាតិ​ទាំង​៧៥​ខ្សែ គ្រប់​ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ផ្លូវ​ក្នុង​ក្រុង​របស់​ខេត្ត​ទាំង​២៤​ ។ កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​កើតឡើង​ដោយសារ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព» ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ដាក់​ឱ្យ​ដំណើរការ App​នេះ ដើម្បី​ឱ្យ​បងប្អូន​ពលរដ្ឋ​ទាំងអស់​បាន​ចូលរួម​ថែរក្សា​ផ្លូវ ពេល​ឃើញ​សំបុកមាន់ អាច​ថត​ហើយ​ផ្ញើ​មក​ក្រសួង ហើយ​ក្រសួង​នឹង​ផ្ញើ​ព័ត៌មាន​នេះ ទៅ​តាម​មន្ទីរ​ចុះ​ធ្វើការ​ត្រួតពិនិត្យ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ដ​ថា ៖« App​នេះ ពេល​បញ្ជូន​រូបភាព​ផ្លូវ​សំបុកមាន់​មក​ភ្លាម វា​ចេញ​ជា​រូប​ពណ៌​ក្រហម យើង​ដឹង​ទីតាំង​ពិតប្រាកដ​ថា​តើ​ថត​នៅ​កន្លែង​ណា ហើយ​ម៉ោង​ណា​គាត់​ថត​ផ្ញើ​មក​។ ពេល​បាន​នូវ​ព័ត៌មាន​នេះ​ហើយ​យើង​ផ្តល់​ជូន​ទៅ​មន្ទីរ​ឬ​មន្ត្រី​ជំនាញ​របស់​យើង​ចុះ​ទៅ​ពិនិត្យ​ឬ​ជួសជុល​ផ្លូវ​សំបុកមាន់​នោះ »​។

លោក​ទេស​រដ្ឋមន្ត្រី​បន្ថែម​ថា ៖« រូបថត​ដែល​ផ្ញើ​មក​នោះ វា​នឹង​បង្ហាញ​ជា​ពណ៌​បៃតង វិញ នៅ​ពេល​យើង​ជួសជុល​ចប់​សព្វគ្រប់ ។ ដូចនេះ​ពេល​បញ្ចេញ App​នេះ​ទៅ អត់​មាន​លាក់លៀម​ផ្លូវ​សំបុកមាន់​ណា យើង​មិន​ធ្វើ​នោះ​ទេ ឱ្យ​តែ​ប្រជាពលរដ្ឋ​ផ្ញើ​មក យើង​នឹង​ដឹង​លឺ​ទាំងអស់​គ្នា ហើយ​ខ្ញុំ​នឹង​ដាក់​រូបថត​ប្រធាន​មន្ទីរ​សាខា​ទាំង​២៥​ខេត្ត​ក្រុង​នេះ​ឱ្យ​ប្រជាពលរដ្ឋ​ស្គាល់​មុខ​ថែម​ទៀត »​។

លោក​ថា ៖« ខ្ញុំ​មិន​អាច​តាម​មើល​ការងារ​ទាំង​២៥​ខេត្ត​ក្រុង​ទេ យើង​ពឹងផ្អែក​ទៅ​លើ​សេនាធិការ​របស់​យើង គឺ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក្រុង​ទាំងអស់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ