ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មេ​សហជីព​បី​នាក់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​វេ​ង​ស្រេង និង​បង្ហាញ​សាក្សី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា មេ​សហជីព​ចំនួន​៣​នាក់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​កើតឡើង​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ឆ្នាំ​២០១៣ កន្លង​មក​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា មេ​សហជីព​ចំនួន​៣​នាក់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​កើតឡើង​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ឆ្នាំ​២០១៣ កន្លង​មក​នោះ​ទេ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​នៅ​ចំពោះ​កម្មករ​កម្មការិនី​ប្រមាណ​២​ម៉ឺន​នាក់ នៅ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​សូម​អះអាង​ថា មេ​សហជីព​៣​នាក់ គឺ អាន់ ធន់ , ប៉ា​ស៊ី​ណា ,​ជា មុនី មិន​ពាក់ព័ន្ធ​នឹង​រឿង​នៅ​ផ្លូវ​វេ​ង​ស្រេង​នោះ​ទេ » ។ សម្តេច​បាន​អះអាង​ទៀត​ថា មូលហេតុ​ដែល​មេ​សហជីព​ទាំង​បី​នាក់​មិន​ចូល​ពាក់ព័ន្ធ​នោះ ដោយសារ​តែ​សម្តេច​មាន​សាក្សី​ដោយ​ឲ្យ​លោក កែវ រ៉េ​មី ប្រាប់​ទៅ​លោក ជា មុនី កុំ​ឲ្យ​ចូលរួម​នៅ​នៅ​ផ្លូវ​វេ​ង​ស្រេង ។

លោក សយ សុភាព ប្រាប់​ទៅ​លោកប៉ា ស៊ី​ណា ហើយ​សម្តេច​បាន​វាត់​អាប់​ទៅ​កាន់​លោក អាត់ ធន់ ផ្ទាល់​ថា កុំ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង ។ សម្តេច​បាន​បន្ថែម​ថា​ប៉ុន្មាន​អាទិត្យ​មុន​នេះ​ខ្ញុំ​បាន​ឲ្យ​ក្រសួង​ការងារ និង​ក្រសួងយុត្តិធម៌​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សហជីព​ដែល​ជាប់​ពាក្យបណ្តឹង ។ ព​ន្លឿ​ន​នេះ​មាន​ន័យ​លើកលែង​ចោទប្រកាន់​ទេ «​ខ្ញុំ​បាន​ស្នើ​សុំ​ថា រឿង​ណា​ត្រូវ​ជម្រះ​ជម្រះ​ទៅ រឿង​ណា​ទុក​មិន​ចាត់ការ​អាហ្នឹង​ទុក​ទៅ នេះ​ជា​សមត្ថកិច្ច​តុលាការ​! » ។ នេះ​ការ​បញ្ជាក់​ជា​ថ្មី​របស់​សម្តេច​តេ​ជោ ។

សម្តេច​បាន​លើក​ឡើង​ថា «​ម្សិលមិញ​(១១​ធ្នូ​) តុលាការ​បាន​ប្រកាស​សាលក្រម​៦​នាក់​ជាប់​ទោស ប៉ុន្តែ​ទោស​នោះ​ត្រូវ​បាន​ព្យួរទោស ។ ចំណុច​នេះ​ខ្ញុំ​សូម​បញ្ជាក់​ក៏​ដូច​ជា សារ​មួយ​ទៅ​កាន់​សហជីព ឬ​ក៏​ទៅ​កាន់​អ្នក​ទទួល​ផ្នែក​ច្បាប់ (​ខ្ញុំ​គ្មាន​សិទ្ធិ​បញ្ជា​ផ្នែក​ច្បាប់​ទេ​) ។ ករណី បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​ជា​អង្គហេតុ និង​អង្គច្បាប់​ចំពោះ​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជាប់​ពាក់ព័ន្ធ​ត្រូវ​មានទោស (​រឿង​ផ្លូវច្បាប់​) ព្រោះ​ផ្លូវ​វេ​ង​ស្រេង គឺជា​រឿង​ធ្ងន់ធ្ងរ​ណាស់​មានការ​ស្លាប់​មនុស្ស មានការ​ខូចខាត់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​ឯកជន​ដែល​ត្រូវ​មានទោស​ដាច់ខាត់​នេះ​ជា​អង្គហេតុ​រួម ព្រោះថា ជា​អង្គហេតុ​នៃ​ដំណើរ​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​ករណី​ដល់​រំលាយ​គណបក្ស ហើយ​មនុស្ស​មួយ​ចំនួន​ត្រូវ​ជាប់​ឃុំឃាំង​» ។

សម្តេច​សង្កត់​ទៀត​ចំពោះ​ករណី​រឿង​វេ​ង​ស្រេង​យ៉ាង​ដូច្នេះ​ថា​«​ប៉ុន្តែ​ករណី​បុគ្គល​ខ្ញុំ​ហ៊ាន​អះអាង​ថា ករណី​នេះ​មាន​មនុស្ស​បី​នាក់​មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ទី​១- អាត់ ធន់ ទី​២- ប៉ាវ ស៊ី​ណា ទី​៣- ជា មុន្នី មាន​ភស្តុ​តាង​ថា ៣​នាក់​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ។ ត្រង់​រឿង​៣​នាក់ ផ្សេង​ទៀត​ខ្ញុំ​មិន​ហ៊ាន​អះអាង​ទេ​រឿង​ជា​មុន្នី គឺ​កែវ រ៉េ​មី អាច​ធ្វើ​សាក្សី​ដោយសារ តែ​ពេល​ម៉ោង​ប្រមាណ​១២​ខ្ញុំ​បាន​ទាក់ទង​ទៅ​កែវ​រ៉េ​មី​ឲ្យ​ទាក់ទង​ទៅ​ជា មុន្នី កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ទេ អាត់ ធន់​ត្រូវ​ខ្ញុំ​បញ្ជូន​សារ​តាម​វ៉ា​ត់​អាប់ ហើយ​ប៉ា​ស៊ី​ណា​ត្រូវ​ខ្ញុំ​បាន សយ សុភាព​ថា កុំ​ឲ្យ​ចូល​ពាក់ព័ន្ធ​។ អី​ញ្ចឹ​ង​ប៉ា ស៊ី​ណា , អាត់ ធន់ និង​ជា មុន្នី អត់​ជាប់​ពាក់ព័ន្ធ​តាំងពី​អើយ ហ្នឹង​ខ្ញុំ​អាច​ហ៊ាន​បញ្ជាក់​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​មានការ​អះអាង​ក្តី ប៉ុន្តែ​រឿង​ច្បាប់​មិន​អាច​ឲ្យ​តុលាការ​សាល​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ឡើង​វិញ​ទេ គឺ​ទាំង​អាត់ ធន់ ប៉ា​ស៊ី​ណា និង​ជា​មុន្នី ឬ​អ្នក​ដទៃ​ទៀត អាច​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ហៅ​ទាំង​លោក កែ រ៉េ​មី សួរ​រឿង ជា​មុន្នី សយ សុភាព សួរ​ពាក់ព័ន្ធ​នឹង​ប៉ាវ ស៊ី​ណា ។ ប៉ុន្តែ​ខ្ញុំ​ឲ្យ​អ្នក​ទាំងឡាយ​អាច​រក​ភស្តុ​តាង ដើម្បី​បញ្ជាក់​ប្រាប់​តុលាការ​អំពី​ការ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​របស់​ខ្លួន ។

សម្តេច​ក៏​បាន​អះអាង​សម្តេច​មិន​ចង់​ឲ្យ​មេ​សហជីព​៣​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ដែល​មាន​ភាពស៊ាំ​ញាំ​ស្មុគស្មាញ​ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ ។ សម្តេច​តេ​ថា​«​បី​នាក់​ទៀត​ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​នេះ​ខ្ញុំ​ហ៊ាន​ធានា​អី​ញ្ចឹ​ង​ឲ្យ​អ្នក​ទាំង​បី​នេះ «..» ប៉ុន្តែ​តុលាកា រ​បាន​កាត់ក្តី​រួច​ហើយ ។ ប៉ុន្តែ​កាត់​យ៉ាងណា​ក្តី​បើ​មិន​យុត្តិធម៌​ត្រូវ​ប្តឹង​តវ៉ា បើ​យើង​មិន​ជាប់​ពាក់ព័ន្ធ​ផង យើង​ថា ជាប់​ពាក់ព័ន្ធ​ដែរ គឺ​មិន​យុត្តិធម៌​ទេ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ ។ មិន​ចោទ​តុលាការ ដំបូង​រាជធានី​ភ្នំពេញ​ថា មិន​យុត្តិធម៌​នោះ​ទេ​» ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​គូសបញ្ជាក់​ថា «​ខ្ញុំ​អាច​បញ្ជូន កែ រ៉េ​មី ទៅ​តុលាការ​សាកសួរ​ទាក់ទង​រឿង ជា​មុន្នី បញ្ជូន​សយ សុភាព ពាក់ព័ន្ធ​នឹង​ប៉ា​ស៊ីវ​ណា និង​អាត់ ធន់ ហើយ​អាត់ ធន់ រក្សា​វាត់​អាប់​បាន​ដែរ ឬទេ​» ។ យ៉ាងណា​ក្តី​សម្តេច​តេ​ជោ​បាន​អះអាង​ចំពោះ​រឿង​ផ្តួ​រ​រំលំ​រដ្ឋាភិបាល​មិន​អត់ឱន​ឲ្យ​នោះ​ទេ ទោះបីជា​ប្រការ​ណា​ក៏​ដោយ​ក៏​ធ្វើ​បែប​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ