ប្រលងក្របខណ្ឌនគរបាលជ្រើសរើស​តែ​៦០​រូប​មែន តែ​បេក្ខជន​៣០៥​នាក់​ប្រលងប្រជែង​គ្នា​មិន​បន្ធូរ​ដៃ


ខេត្តបន្ទាយមានជ័យ ៖ បេក្ខជន​ចំនួន​៣០៥​នាក់​ក្នុង​នោះ​មាន​ស្រី​៩៤​នាក់​បាន​ដាក់​ពាក្យ និង​ប្រឡង​ប្រជែង​ជ្រើសរើស​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តបន្ទាយមានជ័យ សម្រាប់​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​មន្ត្រី​ថ្មី​ក្នុង​ក្របខ័ណ្ឌ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​៦០​រូប ដើម្បី​បំពេញបន្ថែម​នគរបាល​ដែល​ចូល​និវត្តន៍ និង​ទទួល​មរណៈ ។

ការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍​ឯក ហាវ ចាន់​សិ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក ជា​អនុប្រធាន​គណៈកម្មការ​កណ្តាល​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​ឲ្យ​បំរើ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​, លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​, លោក​ឧត្តមសេនីយ៍ត្រី អ៊ួ​ន សុ​ភី អនុប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល ជា​អនុប្រធាន​បណ្ឌិតសភា​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​បេក្ខជន​ទាំង​២​ភេទ​ដែល​មានឈ្មោះ​សរុប​ចំនួន​៣០៥​នាក់ ស្រី​៩៤​នាក់ តែ​មាន​វត្តមាន​ថ្ងៃ​ប្រឡង​តែ​៣០២​នាក់ ស្រី​៩៣​នាក់​ប៉ុណ្ណោះ អវត្តមាន​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ចំនួន​៣​នាក់ ស្រី​១​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ការ​ប្រឡងប្រជែង​ជ្រើសរើស​ឲ្យ​បំរើ​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​គឺ​ត្រូវ​អនុវត្ត​ទៅ​តាម​គោលការណ៍​មិន​ខុស​ទៅ​នឹង​ការ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​នោះ​ទេ​គឺ​មានការ​ត្រួតពិនិត្យ ឆែកឆេរ​តឹង​រឹង​ដូច​គ្នា ដោយ​មិន​ឲ្យ​មានការ​នាំ​យក​ឯកសារ​ផ្សេង​ៗ ទូរស័ព្ទ ចូល​ក្នុង​បន្ទប់​ប្រឡង និង​មិន​ឲ្យ​មានការ​លួច​មើល លួច​ចម្លង​គ្នា និង​ការ​លួច​បោះ​ព្រី​យ៉ុ​ង​ពី​ក្រៅ​ចូល​ក្នុង​បន្ទប់​ប្រឡង​នោះ​ឡើយ ការ​ប្រឡង​នេះ​បើ​បេក្ខជន​ណា​ចេះ​គឺ​ជាប់ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ