ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ខំដាំបានហើយ តែបែរជាពិបាករកទីផ្សារលក់ទៅវិញ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​គ្រួសារ​នៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ប្រមូល​ផល ខណៈ​ឆ្នាំ​នេះ​ម្នាស់​របស់​គាត់​ទទួល​បាន​ទិន្នផល​ល្អ គ្រាន់តែ​តម្លៃ​ធ្លាក់​ចុះ​បន្ដិច ។ បើ​តាម​អ្នកស្រី…

ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​គ្រួសារ​នៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ប្រមូល​ផល ខណៈ​ឆ្នាំ​នេះ​ម្នាស់​របស់​គាត់​ទទួល​បាន​ទិន្នផល​ល្អ គ្រាន់តែ​តម្លៃ​ធ្លាក់​ចុះ​បន្ដិច ។

បើ​តាម​អ្នកស្រី ម៉ី ដា ម្ចាស់​ចម្ការ​ម្នាស់​រូប​នេះ បាន​រៀបរាប់​ប្រាប់​កោះសន្ដិភាព​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា​ថា អ្នកស្រី​ដាំ​ម្នាស់​ចំនួន​៣​ម៉ឺន​គុម្ព ដែល​ទទួលផល​២​លើក​មក​ហើយ ។ អ្នកស្រី​ថា ៖« ឆ្នាំ​នេះ ម្នាស់​ទទួល​បាន​ទិន្នផល​ខ្ពស់ គុណភាព​ល្អ តែ​តម្លៃ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្ដិច » ។ អ្នកស្រី​បន្ថែម​ថា ៖« ម្នាស់​ជាង​៣​ម៉ឺន​គុម្ព​នេះ ខ្ញុំ​ដាំ​រយៈពេល​២​ឆ្នាំ​ហើយ ហើយ​ក៏​ប្រមូល​ផល​២​លើក​ដែរ ឃើញ​ថា​ផល​ឆ្នាំ​នេះ​ល្អ តែ​ដោយសារ​ឈ្មួញ​នាំ​ម្នាស់​ចូល​ច្រើន​ពេក ធ្វើ​ឲ្យ​តម្លៃ​ម្នាស់​ក្នុងស្រុក​ធ្លាក់​ចុះ ដោយ​ក្នុង​១​ផ្លែ​តម្លៃ​ត្រឹមតែ​៥០០​ទៅ​១.០០០​រៀល​ទៅ​តាម​តូច​ធំ​ប៉ុណ្ណោះ »​។ អ្នកស្រី​បាន​បន្ដ​ថា ដំណាំ​នេះ ងាយស្រួល​ដាំ មិន​ត្រូវការ​ថែទាំ​ច្រើន​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ ជម្រះ​ស្មៅ និង​ស្រោច​ទឹក​ពេល​រដូវ​រាំង​ស្ងួត​ប៉ុណ្ណោះ លុះ​ដុះ​លូតលាស់​ល្អ គ្រាន់តែ​បាញ់​ជាតិ​ថ្ម​ស្អុយ​ដើម្បី​ឱ្យ​ម្នាស់​ចេញ​ផ្កា នោះ​ជា​ការ​ស្រេច ។

អ្នកស្រី​បញ្ជាក់​ថា ៖« ចម្ការ​ម្នាស់​របស់ខ្ញុំ​មិន​បាន​ប្រើ​ថ្នាំ​គីមី​បំប៉ន​ទេ គឺ​ទុក​ឱ្យ​ដុះ​លូតលាស់​តាម​ធម្មជាតិ ដូច្នេះ​ហើយ​ទើប​ផ្លែ​មិនសូវ​ធំ ដូច​ជា​ម្នាស់​ដែល​ឈ្មួញ​នាំ​ចូល ។ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ៖« តម្លៃ​ដែល​ខ្ញុំ​លក់​នេះ បើសិន​មាន​អ្នកទិញ​យក​ទៅ​លក់​បន្ដ​ទៅ​តាម​ផ្សារ ខ្ញុំ​បញ្ចុះតម្លៃ​ថែម​ទៀត ព្រោះ​សព្វថ្ងៃ​ទីផ្សារ​ម្នាស់​សម្បូរ​ណាស់ ហើយ​ឈ្មួញ​នាំ​ចូល​មក​ពី​តំបន់​ផ្សេង​ៗ​ច្រើន​ដែរ ដូច្នេះ​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង ដោយ​ម្នាស់​គេ​ធំ​ៗ​ល្អ ចំណែក​ម្នាស់​ខ្ញុំ​ដាំ​ដោយ​ធម្មជាតិ​បែប​នេះ ផ្លែ​មិនសូវ​ធំ​នោះ​ទេ »​។

អ្នកស្រី​លើក​ឡើង​ថា ៖« ប្រ​សិន​សិន​ជា​ឆ្នាំ​ក្រោយ ពិបាក​ក្នុង​ការ​រក​ទីផ្សារ​ទៀត ខ្ញុំ​ប្រហែលជា​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ​ហើយ ដូច​ជា​ពោត ឬ​ដំឡូង​មី​ជាដើម ព្រោះ​កសិផល​នេះ​កំពុង​មាន​តម្លៃ និង​ទីផ្សារ​ល្អ បើ​នៅ​ដាំ​ម្នាស់​ទៀត គ្រួសារ​ខ្ញុំ​នឹង​ប្រឈម​បញ្ហា​ជីវភាព »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ