ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ បានកើតឡើងកាលពីវេលាម៉ោង៩និង៥១នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ ស្ថិតនៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ពៅ ប៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ ។
ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា ស្គូពីអាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១L-១០៨៤ បើកបរដោយឈ្មោះ យឹម យូម៉ុង ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់។
យោងតាមប្រភពពីសមត្ថកិច្ចដែលស្រង់សំដី និងការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ អាល់ហ្វា ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស៊ីញ៉ូបត់ឆ្វេង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា ស្គូពីអាយ បើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច ក្នុងល្បឿនលឿនបានបុកម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វាចំពាក់កណ្តាលម៉ូតូពេញទំហឹង បណ្តាលឱ្យដួល និងរងរបួសធ្ងន់ទាំងសងខាងតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានសាច់ញាតិ និងសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
ចំណែកទាំង២គ្រឿងខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងរង់ចាំភាគីទាំង២ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ចែករំលែកព័តមាននេះ