ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ខោល​កម្ពុជា​» និង​«​ខូ​ន​ថៃ​» ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក តើ​មាន​តម្លៃ​ជាង​គ្នា​ឬ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​«​ល្ខោនខោល​»​របស់​កម្ពុជា​បាន​ចុះ​ក្នុង​«​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវ​អភិរក្ស​បន្ទាន់​» កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០១៨ និង​ថៃ​បាន​ចុះ​«​ខូ​ន​»​ក្នុង​«​បញ្ជី​បេតិកភណ្ឌ​អរូបី​តំណាង​» អ្នក ជំនាញ​វប្បធម៌​លោក​ហួត សៅរ៍​សិក្ខា​រិ​ទ្ធ​(Saosekharith Huot…

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​«​ល្ខោនខោល​»​របស់​កម្ពុជា​បាន​ចុះ​ក្នុង​«​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវ​អភិរក្ស​បន្ទាន់​» កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០១៨ និង​ថៃ​បាន​ចុះ​«​ខូ​ន​»​ក្នុង​«​បញ្ជី​បេតិកភណ្ឌ​អរូបី​តំណាង​» អ្នក ជំនាញ​វប្បធម៌​លោក​ហួត សៅរ៍​សិក្ខា​រិ​ទ្ធ​(Saosekharith Huot )​បាន​បំភ្លឺ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ជា​បន្តបន្ទាប់ ។

សំ​ណេ​រ​របស់​លោក​ហួត សៅរ៍​សិក្ខា​រិ​ទ​៖ ការណ៍​ដែល​មិន​យល់​ពី​អត្ថន័យ និង​គោលដៅ​នៃ​ការ​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​បាន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ពាក្យ​សំដី​រវាង​ជន​ខ្មែរ​ខ្លះ និង​ជន​ថៃ​ខ្លះ ។ សង្គ្រាម​​ពាក្យ​សំដី​ដែល​មិន​បាន​នាំ​ប្រយោជន៍​អ្វី​ដល់​ជាតិ​សាសន៍​ទាំង​២ និង​ធ្វើ​ឱ្យ​ជន​ឆក់​ឱកាស ពិសេស​អ្នកនយោបាយ​ទាំង​សងខាង​កេង​ចំណេញ​ពី​ទំនោរ​ជាតិនិយម​ដ៏​ងងឹតងងល់​ទាំង​សងខាង ។ ការ​ផ្សព្វ​ផ្សាយ​ឱ្យ​សាធារណជន​ទាំង​សងខាង​ឱ្យ​បាន​យល់​ច្បាស់​ពី​អត្ថន័យ និង​គោលដៅ​នៃ​ការ​បង្កើត​បញ្ជី​បេតិកភណ្ឌ​ទាំង​រូបី ទាំង​អរូបី គឺជា​ការ​រួមចំណែក​ទប់ស្កាត់​ជម្លោះជាតិសាសន៍ និង​ការ​កេង​ចំណេញ​ពី​ការ​យល់​ឃើញ និង​ទ​ង្វើ​ដ៏​លេលា​របស់​ប្រជាជន​ទាំង​សងខាង ។ ខាងក្រោម​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​យល់​ដឹង​ពី​ការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​អង្គការ UNESCO ៖

អង្គការ​ UNESCO មក​ពី​ពាក្យកាត់ United Nations Educational Scientific and Cultural Organization ដែល​អាច​ប្រែ​ថា «​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ »​។ អង្គការ​នេះ​មិនមែន​ជា​ស្ថាប័ន​ទទួល​បន្ទុក​ផ្នែក​«​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី ទាំង​អរូបី​»​ទេ ឬ​និយាយ​សម​ញ្ញ​ថា UNESCO មិនមែន​ជា​ស្ថាប័ន​តុលាការ​ដែល​កំណត់ ឬ​កាត់សេចក្តី​ថា​ជាតិ​សាសន៍​ណា​ជា​ម្ចាស់​ស្នាដៃ​សម្បត្តិ​វប្បធម៌​នោះ​ទេ ។ អ្វី​ទៅ​ជា​«​សម្បត្តិ​បេតិកភណ្ឌ​អរូបី​» (Intangible Cultural Heritage or ICH)​?

ការ​កំណត់​និយម​ន័យ​នៃ​ពាក្យ​ថា «​មរតក​វប្ប​ធ​ម៌ ឬ Cultural Heritage ត្រូវ​អង្គការ UNESCO ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ មរតក​វប្បធម៌​មិន​ស​ម្តៅ​តែ​ទី​បុរាណ​ដ្ឋា​ន (Monuments) មាន​ដូច​ជា​សំណង់​ប្រាសាទ​ជាដើម និង​ឧបករណ៍ ឬ​វត្ថុ​នានា​ពី​បុរាណ​នោះ​ទេ ។ មរតក​វប្បធម៌​មាន​រាប់​បញ្ចូល​ទាំង​ប្រពៃណី ឬ​ការ​សម្តែង​នានា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​យើង​ស្នង ឬ​ទទួល​ពី​ដូនតា​របស់​យើង និង​ផ្ទេរ​ទៅ​ឱ្យ​កូនចៅ​ជា​ច្រើន​តំណ​មក រួម​មាន​៖

១-Oral Traditions: ប្រពៃណី​ដែល​ចាំ​ពី​មាត់​មួយ​ៗ​ទៅ​មាត់​មួយ មាន​ដូច​ជា​កម្រង​ភាសា រឿងនិទាន កំណាព្យ ឬ​បទ​ចម្រៀង ពាក្យ​សូត្រ​ដើម្បី​បន់ស្រន់ ។​ល​។

២-Performing Arts: ជា​ការ​សម្តែង​សិល្បៈ មាន​ជា​អាទិ៍ ការ​សម្តែង​ជា​របាំ ការ​ច្រៀង​ចម្រៀង​ដោយ​មាន​តន្ត្រី​អម និង​ការ​សម្តែង​ល្ខោន​ជាដើម ។​ល​។

៣-Social Practice, ritual and festival: ជា​ការ​ប្រតិបត្តិ​របស់​សហគមន៍ មាន​ដូច​ជា​ពិធី​បន់ស្រន់ ឬ​បួងសួង​អ្វីមួយ ពិធីបុណ្យ​ដែល​មានការ​រៀបចំ​ចូលរួម​ពី​សហគមន៍​មួយ ឬ​ច្រើន​ជាដើម ។​ល​។

៤-Knowledge and practices concerning nature and universe: ជា​ចំណេះដឹង ជា​ជំនាញ និង​ជា​សមត្ថភាព ជា​ការ​ប្រតិបត្តិ និង​ជា​ការ​សម្តែង​ទាំងឡាយ​ដែល​បាន​បង្កើត​ឡើង​ដោយ​សហ​គមន៍​នានា ហើយ​មានការ​ទាក់ទង​ជា​ធម្មជាតិ និង​បរិស្ថាន ។ ការ​គិត ឬ​ការ​យល់​ឃើញ​ពី​ធម្មជាតិ និង​សាកលលោក​នេះ​អាច​ស្តែង​ជា​ភាសា អារម្មណ៍​ដែល​ភ្ជាប់​ទៅ​នឹង​ទីកន្លែង​នានា​ជាដើម ។

៥-ចំណេះដឹង និង​ជំនាញ​ក្នុង​ការ​ផលិត​ឧបករណ៍ ឬ​វត្ថុ​ប្រពៃណី​អ្វីមួយ ។

មរតក​វប្បធម៌​អរូបី ឬ​ក៏​សម្បត្តិ​បេតិកភណ្ឌ​អរូបី​(Intangible Cultural Heritage) អាច​មាន​ភាព​ស្រ​ដៀង​គ្នា​រវាង​សហគមន៍​នានា ដូច​ជា​រវាង​ស្រុកភូមិ​នៅ​ជិត​គ្នា ក្រុង និង​ក្រុង ប្រទេស និង​ប្រទេស ដែល​ពួក​គេ​ទទួលយក​ពី​មនុស្ស​ដែល​បាន​ផ្ទា​ស់​ប្តូរ​ទីលំនៅ ឬ​ការ​ធ្វើ​អន្តរ​ប្រវេសន៍​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​មត​រក​វប្បធម៌​អរូបី​នេះ​បាន​ផ្ទេរ​ពី​មនុស្ស​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​ដោយ​មានកា​រវិ​វ​ឌ្ឍ​ប្រែប្រួល​ឱ្យ​ត្រូវ​ទៅ​តាម​ស្ថានភាព និង​បរិស្ថាន​របស់​ស្រុក​ទេស​ទាំងនោះ​។

ភាព​ខុស​គ្នា​ដោយ​ការ​ប្រែប្រួល​តម្រូវ​ទៅ​តាម​ស្ថានភាព និង​បរិស្ថាន​របស់​ស្រុក​ទេស​ទាំងនេះ​ស្តែង​ឱ្យ​ឃើញ​ពី​លក្ខណៈ​ដាច់​ដោយឡែក និង​ជា​អត្តសញ្ញាណ​របស់​សហគមន៍​នានា និង​ជា​ចំណង​ភ្ជាប់​ពួក​គេ​ពី​អតីត​កាល​​មក​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ ។

មរតក​វប្បធម៌​អរូបី ឬ​ក៏​សម្បត្តិ​បេតិកភណ្ឌ​អរូបី​(Intangible Cultural Heritage) ក្នុង​ន័យ​តម្លៃ​ជា​រួម មិន​ចោទ​ជា​សំនួរ​ដែល​ថា​តើ​ការ​ប្រតិបត្តិ​នានា ឬ​ប្រពៃណី​នានា​ជា​របស់​ជាតិ​សាសន៍ ឬ​ជា​របស់​វប្បធម៌​ណា​មួយ​ជា​ពិសេស​ឡើយ (​ល្មម​ឈប់​លេលា​ប្រើ​ពាក្យ​ថា UNESCO ព្រម​ទទួល​ថា​ជា​របស់​ខ្មែរ​ទៅ​) ។ វា​ជា​ការ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​មាន​សមា​ហរ​ន្ត​កម្ម ឬ​សាមគ្គីភាព​ក្នុង​សង្គម (Social Cohesion) រួម​ចំណែក​​លើកតម្កើង​ការ​យល់​ដឹង​ពី​អត្តសញ្ញាណ និង​ការ​ទទួលខុសត្រូវ​ដែល​ជួយ​ឱ្យ​បុគ្គល​ទាំងឡាយ​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​ចំណែក​ក្នុង​សហគមន៍​ទាំងនោះ​ដែរ ។

សម្បត្តិ​បេតិកភណ្ឌ​អរូបី ក្នុង​ន័យ​ជា​តំណាង (Representative) មិនមែន​មាន​ន័យ​ជា​ការ​ផ្តល់​តម្លៃ​វប្ប​ធម៌​មួយ​ថា​ល្អ​ដោយ​ប្រៀបធៀប​លក្ខណៈ​មូលដ្ឋាន​របស់​វា​នោះ​ទេ ។ គេ​កំណត់​ដោយ​ពិនិត្យ​តម្លៃ​ជា​រួម (exclusivities) ឬ​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក (Exceptional value) ។ សម្បត្តិ​បេតិកភណ្ឌ​អរូបី វា​រីក​ដុះដាល​ដោយ​ជោគជ័យ​ក្នុង​សហគមន៍​នានា ហើយ​វា​អាស្រ័យ​ទៅ​លើ​ការ​ផ្ទេរ​ចំណេះដឹង​ក្នុង​ប្រពៃណី​ទាំងនោះ ជំនាញ​ទាំងនោះ និង​ទំនៀមទម្លាប់​ទាំងនោះ​ទៅ​ឱ្យ​អ្នក​ដទៃ​ទៀត​ក្នុង​សហគមន៍ ការ​ផ្ទេរ​ចំណេះដឹង និង​ជំនាញ​ទាំងនោះ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត ឬ​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​ដទៃ​ផ្សេង​ទៀត ។

ត្រង់​កន្លែង​នេះ ការណ៍​ដែល​ថៃ​សុំ​ចុះបញ្ជី​«​ខូ​ន​» របស់​គេ​ទៅ​ក្នុង​បញ្ជី​តំណាង (Representative list) របស់​បញ្ជី​បេតិកភណ្ឌ​អរូបី​នៅ​អង្គការ UNESCO មិនមែន​មាន​ន័យ​ថា​គេ​សុំ​ឱ្យ UNESCO សម្រេច​ទទួល​ស្គាល់​ថា​ជាតិ​សាសន៍​គេ​ជា​អ្នក​បង្កើត ឬ​វា​ជា​របស់​គេ​ផ្តាច់មុខ​នោះ​ទេ ។

អង្គការ UNESCO បង្កើត​បញ្ជី​តំណាង (Representative list) ឡើង​ក្នុង​គោលដៅ​ចង់​បង្ហាញ​ពី​ភាព​សំបូរ​បែប ឬ​លក្ខណៈ​ចម្រុះ​របស់​វប្បធម៌​មនុស្សជាតិ និង​ក្នុង​គោលដៅ​បង្កើន​ការ​យល់​ដឹង​ពីសារ​សំខាន់​របស់​បេតិកភណ្ឌ​អរូបី​ទាំងនោះ ។ គេ​សុំ​ឱ្យ UNESCO ទទួល​ដឹង​ថា​ខូ​ន​មាន​សារសំខាន់​ក្នុង​សង្គម​គេ​ណាស់ ។ គេ​ចង់​បង្ហាញ​ថា​គេ​បាន​ខំ​ថែរក្សា អភិវឌ្ឍន៍ លើក​ស្ទួយ និង​ផ្ទេរ​ចំណេះដឹង និង​ជំនាញ​ក្នុង​ «ល្ខោន​​ខូ​ន​»​របស់​គេ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ និង​ផ្សព្វផ្សាយ​ទៅ​ប្រជាជន​គេ​គ្រប់​ស្រទាប់វណ្ណៈ​ឱ្យ​បាន​យល់​​ដឹង (​ជា​ន័យ​រួម​របស់​ខ្សែ​វី​ដេ​អូ​របស់​គេ​ផលិត​)​។

អង្គការ UNESCO បង្កើត​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​ការ​អភិរក្ស​ជា​បន្ទាន់ (The List of Intangible Cultural Heritage in Need of Urgent Safeguarding) ក្នុង​គោលដៅ​ដាក់​មរតក​វប្បធម៌ ឬ​បេតិកភណ្ឌ​ទាំងឡាយ​ណា​ដែល​ថ្នាក់​សហគមន៍ ថ្នាក់​ជាតិ​កំណត់​ថា​វា​ប្រឈម​នឹង​ការ​បាត់បង់ ហើយ​ត្រូវការ​ការ​វាយតម្លៃ​ជា​បន្ទាន់ និង​ត្រូវ​កិច្ចសហការ​ពី​ម្ចាស់​ស្រុក ទាំង​ថ្នាក់​មូលដ្ឋាន ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​ឱ្យ​មរតក​ទាំងនោះ​អាច​នៅ​គង់វង្ស​ស្ថិត​ស្ថិរ​បាន ។

ដូច្នេះ​ការ​ស្នើ​សុំ​របស់​កម្ពុជា​សុំ​ឱ្យ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​បាន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ដែល​ត្រូវការ​ការ​អភិរក្ស​ជា​បន្ទាន់ គឺ​មិនមែន​មាន​ន័យ​ថា​កម្ពុជា​សុំ​ឱ្យ​អង្គការ UNESCO ទទួលស្គាល់​ថា​ខ្មែរ​ជា​អ្នក​បង្កើត​​វា ឬ​វា​ជា​របស់​ខ្មែរ​ដូច​ពួក​លេលា​យក​ទៅ​បំផុស​ឱ្យ​ពុល​ពេញ​សង្គម​នោះ​ទេ ។ គឺ​យើង​ត្រូវការ​កិច្ច​សហការ​ទាំងនោះ ទាំង​ជាតិ ទាំង​អន្តរជាតិ​ដើម្បី​ទ្រទ្រង់​ឱ្យ​ប្រពៃណី​ល្ខោន​វត្ត​ស្វាយ​អណ្តែត​នៅ​គង់វង្ស​តទៅ​មុខ​ទៀត​បាន តែ​មិនមែន​«​ការ​ទ្រទ្រង់​បែប​ពួក​អវិជ្ជា​យក​តួ​ទៅ​លុតជង្គង់​សំពះ​ដូច​អ្នក​សុំទាន​នោះ​ទេ» ។

ន័យ​របស់​ខ្សែ​វី​ដេ​អូ​ដែល​ខាង​កម្ពុជា​ផលិត គឺ​ចង់​បញ្ជាក់​ពីសារ​សំខាន់​របស់​ល្ខោនខោល​ក្នុង​សហគមន៍​វត្ត​ស្វាយ​អណ្តែត និង​កត្តា​ប្រឈម​នឹង​ការ​បាត់បង់ ដូចដែល​គ្រូបង្រៀន​ល្ខោន​ក្នុង​សហគមន៍​នោះ​ថ្លែង​ថា បើ​អស់ពី​ពួក​គាត់​ទៅ មិនដឹង​មាន​អ្នក​អាច​មក​បង្រៀន​ទៀត​ទេ ?

បើ​ពួក​ខ្មែរ​រត់​ទៅ​នៅ​អា​គាំង នាំ​របាំ​ខ្មែរ​មួយ​ទៅ ហើយ​ល្បី​ដល់​កូន​អា​គាំង​ចូល​ហាត់ ។ ២០០​ឆ្នាំ​ក្រោយ របាំ​នោះ​ល្បី​នៅ​អា​គាំង ហើយ​អា​គាំង​សុំ UNESCO ចុះបញ្ជី តើ​ពួក​អ្នក​ស្នេហា​ជាតិ​នៅ​ស្រុក​ខ្មែរ​នឹង​ស្រែក​ជេរ​អា​គាំង​ថា​លួច​ចម្លង ថា​អា​គាំង​ជា​ចោរលួច​វប្បធម៌​ខ្មែរ​ទេ? ក្រោយ​ពេល​វាយលុក​ចូល​ក្រុង​អង្គរ សៀម​បាន​ចាប់​កេណ្ឌ​អ្នកក្រុង​អង្គរ​យ៉ាងច្រើន​បញ្ជូន​ទៅ​នគរ​សៀម ។

បើ​គេ​ចម្លង ឬ​យក​លំនាំ​អ្វីមួយ​ពី​យើង មក​ពី​គេ​ឱយ​តម្លៃ​ថា​របស់​យើង​ល្អ ។ យើង​គួរ​មាន​មោទនភាព​ពេល​ឃើញ​គេ​យក​លំនាំ​អ្វីមួយ​ពី​យើង​។ បើ​គេ​យក​ទៅ​ធ្វើ​បាន​ល្អ​ជាង យើង ៗ​គួរ​កោតសរសើរ​គេ ។ ប្រឹង​ជេរ ប្រឹង​ដៀល​គេ​មិន​អាច​នាំ​ឱ្យ​អ្វី​ដែល​យើង​មាន​រីក​ចម្រើន​បាន​ឡើយ ។

សេចក្តី​សង្ខេប​ក្រៅផ្លូវការ​ពី​កិច្ចប្រជុំ​របស់​គណៈកម្មការ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ UNESCO ស្តី​ពី​កា​រស​ម្រ​ច​ចុះ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (​សុំ​កែ​ឃ្លា​ត្រង់នេះ​ថា ថ្វីបើ​យើង​មិន​ប្រើ​ពាក្យ​ល្ខោនខោល​ទាំងមូល ឬ​ល្ខោនខោល​ទូទៅ​មែន តែ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ជា​តំណាង​ល្ខោនខោល​នៅ​កម្ពុជា​ទាំងមូល ។​) ក្នុង​បញ្ជី​បេតិកភណ្ឌ​ដែល​ត្រូវការ​ការ​អភិរក្ស​ជា​បន្ទាន់​មុន​បើក​កិច្ច​ពិភាក្សា គណៈកម្មការ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ UNESCO ដែល​ជា​តំណាង​របស់​រដ្ឋាភិបាល​នានា​ដែល​ជា​សមាជិក បាន​លើក​រំលឹក​ឡើង​វិញ​ពី​និយម​ន័យ និង​លក្ខណៈ​វិនិច្ឆ័យ​ដទៃ​ទៀត​របស់​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​ការ​អភិរក្ស​ជា​បន្ទាន់ ។

តាម​ពិត​គណៈកម្មការ​បាន​ព្រាង​សេចក្តីសម្រេច​លើ​ករណី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ដែល​ខាង​កម្ពុជា​ស្នើ​ទៅ​រួច​ហើយ ។ ក្នុង​សេចក្តី​ព្រាង​នោះ គេ​បាន​ពិនិត្យ​ឃើញ​ថា​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ត្រូវ​គ្រប់​លក្ខណៈ​វិនិច្ឆ័យ​ស្ទើរតែ​ទាំងអស់​ដើម្បី​បាន​ទទួល​ការ​គាំទ្រ​ឱ្យ​ចុះបញ្ជី ។ មាន​ចំណុច​មួយ​ដែល​ខាង​គណៈ​កម្មការ​នៅ​អល់ឯក​មិន​ទាន់​សម្រេច​ចុះបញ្ជី ។ ចំណុច​នោះ​គឺ​ក្នុង​ពាក្យ​ស្នើ​សុំ​របស់​កម្ពុជា មិន​មាន​បង្ហាញ ឬ​បញ្ជាក់​ពី​គម្រោង​ថវិកា​ជាក់លាក់​ណាមួយ​ក្នុង​ការ​អភិរក្ស ឬ​ទ្រទ្រង់​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ។ គេ​បាន​ស្នើ​ឲ្យ​កម្ពុជា​យើង​ដាក់​ពាក្យ​ស្នើ​សុំ​ឡើង​វិញ ។

ខាង​ភាគី​តំណាង​មក​ពី​ហ្វ៊ី​លី​ពី​ន​បាន​ស្នើ​កែ​សេចក្តី​ព្រាង​សម្រេច​នេះ​ថា​ខាង​កម្ពុជា​មិន​ចាំបាច់​ដាក់​ពាក្យ​ស្នើ​ម្តងទៀត​ទេ ។ គណៈកម្មការ​គួរ​សម្រេច​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​តែ​ម្តង ដោយ​គ្រាន់តែ​ឱ្យ​ភាគី​កម្ពុជា​ឡើង​ឆ្លើយ​បំភ្លឺ​ពី​រឿង​គម្រោង​ថវិកា​ដើម្បី​ស្រោចស្រង់​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​នេះ ។

ភាគី​តំណាង​មក​ពី​រដ្ឋាភិបាល​ចិន បាន​បន្ថែម​ថា គេ​បាន​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​របស់​កម្ពុជា​ច្រើន​ដង ហើយ​គេ​បាន​រក​ឃើញ​ថាបើ​ទោះជា​គ្មាន​គម្រោង​ថវិកា​ដើម្បី​ស្រោចស្រង់​ក្រុម​ល្ខោន​ជាក់លាក់​មែន តែ​ក្នុង​នោះ​ខាង​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​អភិរក្ស ឬ​ទ្រទ្រង់​ក្រុម​ល្ខោន​នោះ​មានការ​ចូលរួម​ពី​អ្នកស្រុក​ដោយ​ផ្ទាល់ និង​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែរ ។ ដូច្នេះ គណៈកម្មការ​គ្រាន់តែ​ផ្តល់​ឱកាស​ឱ្យ​តំណាង​ភាគី​កម្ពុជា​បញ្ជាក់​ពី​រឿង​ថវិកា​នេះ ។ សមាជិក​របស់​គណៈកម្មការ​ភាគច្រើន (​តំណាង​មក​ពី​ប្រទេស​ខ្លះ​និយាយ​អា​រ៉ាប់ ខ្ញុំ​ស្តាប់​អត់​យល់​) គាំទ្រ​សេចក្តី​កែប្រែ​របស់​ហ៊្វី​លី​ពី​ន ។

ប្រធាន​កិច្ចប្រជុំ​បាន​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​បកស្រាយ​រឿង​គំរោង​ថវិកា​នេះ ។ ខាង​ភាគី​កម្ពុជា​បាន​បក​ស្រាយ​ថា ក្នុង​ពាក្យ​ស្នើ​សុំ កម្ពុជា​ពិតជា​មិន​បាន​បញ្ជាក់​ពី​គម្រោង​ថវិកា​ទ្រទ្រង់​នោះ​មែន​។ ការណ៍​នេះ​នាំ​ឱ្យ​មានការ​បកស្រាយ​ខុស​។ តាម​ពិត​ខាង​រដ្ឋាភិបាល ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចំណាយ​ថវិកា​មិន​តិច​ជាង​៧៥០០០​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ជួយ​ដល់​សហគមន៍​វត្ត​ស្វាយ​អណ្តែត​ក្នុង​កិច្ចការ​អភិរក្ស​ល្ខោន​ខោល​​នេះ ។ ហើយ​ខាង​ភាគី​កម្ពុជា​បាន​រៀបចំ​របាយការណ៍​លំអិត​ស្តី​ពី​គំរោង​ថវិកា​ទ្រទ្រង់​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​នេះ​ក្នុង​ផែនការ​៥​ឆ្នាំ​របស់​ខ្លួន ពី​២០១៨​ដល់​២០២២ (​បាត់​មួយ​ឆ្នាំ​) ដើម្បី​ដាក់​ជូន​គណៈ​ក​ម្មារ បន្ថែម​ពីលើ​ពាក្យ​ស្នើ​សុំ ។

ក្រោយ​ពី​បាន​ស្តាប់​ការ​បំភ្លឺ​របស់​តំណាង​កម្ពុជា គណៈកម្មការ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ បាន​បោះ​ឆ្នោត​សម្រេច​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ដែល​ត្រូវការ​អភិរក្ស​ជា​បន្ទាន់ ទៅ​តាម​សេចក្តី​ស្នើ​របស់​តំណាង​មក​ពី​ហ្វី​៊​លី​ពី​ន ដោយ​គ្មាន​សំ​ឡេ​ជំទាស់​ឡើយ ។

ការ​ចុះបញ្ជីរ​នេះ មិនមែន​មាន​ន័យ​ថា UNESCO ទទួលស្គាល់​ថា​ល្ខោនខោល​ជា​របស់​ខ្មែរ ឬ​ក៏​ថា​ខ្មែរ​ជា​អ្នក​បង្កើត​ដូច​ក្រុម​ចំកួត​លេលា​ជា​ច្រើន​យក​ទៅ​បំផុស​នោះ​ទេ ។ ការ​ចុះបញ្ជីរ​នេះ​មាន​ន័យ​ថា​អន្តរជាតិ​ទទួលស្គាល់​ថា​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ប្រឈម​នឹង​ការ​បាត់បង់​បើ​ទុក​ណា​ជា​អ្នកស្រុក​ផ្ទាល់ និង​រដ្ឋអំណាច​ព្យាយាម​ថែរក្សា​ក៏​ដោយ ។ ដូច្នេះ រឿង​មិនមែន​ចប់​ត្រឹម​ចុះបញ្ជី​នេះ​ទេ ។ នេះ​គ្រាន់តែ​ជា​ជំហាន​មួយ​នៃ​ចាប់ផ្តើម​នៃ​កិច្ចការ​ថែរក្សា ទ្រទ្រង់​ឱ្យ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​បាន​នៅ​គង់វង្ស ។

កិច្ចការ​អភិរក្ស ទ្រទ្រង់​ក្រុម​ល្ខោន​នេះ​មិនមែន​ជា​កត​ព្វ​កិច្ច​របស់​សហគមន៍​វត្ត​ស្វាយ​អណ្តែត​តែឯង ឬ​ជា​កត​ព្វ​កិច្ច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នោះ​ទេ ។ វា​ជា​កត​ព្វ​កិច្ច​របស់​ជន​កម្ពុជា​គ្រប់​រូប និង​មនុស្ស​ជាតិ​ទូទៅ​ផង​ដែរ ។ នេះ​គ្រាន់តែ​ជា​ការ​សង្ខេប​ក្រៅផ្លូវការ​ទេ ។ វា​អាច​មាន​ចំនុច​ខ្វះចន្លោះ និង​ល្អៀង​ច្រើន។ ដើម្បី​យល់​ច្បាស់ សូម​ទស្សនា​កិច្ច​ពិភាក្សា​របស់​គណៈកម្មការ​បេតិកភណ្ឌ​អរូបី​ក្នុង​ខ្សែ​វី​ដេ​អូ​ដែល​ទាញ​ចេញពី​គេហទំព័រ UNESCO ។ មាន​កិច្ចការ​ជា​ច្រើន​ដែល​អាច​ទាក់ទាញ​ប្រជាប្រិយ​ក្រៅពី​សំដី​ធូរ​ថ្លៃ​ដែល​នាំ​ឱ្យ​គេ​មើលងាយ​មួយ​ប្រទេស ។

សូម​ជម្រាប​ថា​តម្លៃ​របស់​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​ដែល​អង្គការ​UNESCO កំណត់ មិនមែន​ស្ថិត​លើ​រូបថត ឬ​ខ្សែ​វី​ដេ​អូ​ដែល​គេ​ថត​ទេ ។ នេះ​ជា​ជោគជ័យ​លើក​ទី​៥​ហើយ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​កិច្ចការ​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​នៅ​អង្គការ​យូ​ណេ​ស្កូ ។ រីឯ​ថៃ​ទើប​ស្គាល់​ជាតិ​បាន​ម្តងនេះ​ទេ ។ អ្នកតំណាង​ថៃ​ឡើង​ថ្លែងអំណរគុណ អាន​អង់គ្លេស តាក់​តុ​ប​ៗ ។

ខូ​ន​ថៃ​ត្រូវ​បាន​គណៈកម្មការ​បេតិកភណ្ឌ​អរូបី​បោះ​ឆ្នោត​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ (representative list) ។ ល្ខោនខោល​កម្ពុជា​យើង​ក៏​បាន​ចូល ខូ​ន​ថៃ​ក៏​បាន​ចូល ។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​បញ្ជី​មរតក​វប្បធម៌​ត្រូវ​អភិរក្ស​ជា​បន្ទាន់​គ្រាន់បើ​ជាង​បញ្ជី​តំណាង ឬ​ផ្ទុយ​ពី​នេះ​ទេ ។ សូម​ចូលរួម​អប​អរ​ទាំងអស់​គ្នា ! ទាំង​ល្ខោនខោល​ខ្មែរ ទាំង​ខូ​ន​ថៃ សុទ្ធ​ជា​មរតក​វប្បធម៌​អរូបី​របស់​មនុស្សជាតិ​ទាំងអស់​គ្នា ។ កម្ពុជា​បាន​ស្នើ​សុំ​ចុះ​«​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​»​ក្នុង​«​បញ្ជី​មរតក​វប្បធម៌​ដែល​ត្រូវ​អភិរក្ស​បន្ទាន់​»​។ ថៃ​បាន​ស្នើ​សុំ​ចុះ​«​ខូ​ន​ក្នុង​បញ្ជី​តំណាង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ