ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្វាយកែវ​រមៀត​នៅ​ចុងរដូវ​ហាក់​ធ្លាក់​ថ្លៃ​បន្ដិច

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តម្លៃ​ស្វាយកែវ​រមៀត​ចុងរដូវ​នៅ​ឆ្នាំ​នេះ​ហាក់​ធ្លាក់​ចុះ​បន្តិច បើ​ធៀប​នឹង​តម្លៃ​ពេល​ចាប់​ប្រមូល​ផល​ដំបូង ខណៈ​ការ​ដឹក​ចេញ​ទៅ​ប្រទេស​ថៃ ត្រូវ​បង់ថ្លៃ​សេវា​ទាំង​ខាង​សត​ម្ថ​កិច្ច​ខ្មែរ និង​ខាង​ភាគី​ថៃ​ផង​ដែរ ។ អ្នក​ដើរ​ម៉ៅ​ស្វាយ​តាម​ចម្ការ​របស់​កសិករ​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ តម្លៃ​ស្វាយកែវ​រមៀត​ចុងរដូវ​នៅ​ឆ្នាំ​នេះ​ហាក់​ធ្លាក់​ចុះ​បន្តិច បើ​ធៀប​នឹង​តម្លៃ​ពេល​ចាប់​ប្រមូល​ផល​ដំបូង ខណៈ​ការ​ដឹក​ចេញ​ទៅ​ប្រទេស​ថៃ ត្រូវ​បង់ថ្លៃ​សេវា​ទាំង​ខាង​សត​ម្ថ​កិច្ច​ខ្មែរ និង​ខាង​ភាគី​ថៃ​ផង​ដែរ ។

អ្នក​ដើរ​ម៉ៅ​ស្វាយ​តាម​ចម្ការ​របស់​កសិករ​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្លែស្វាយ​កែវ​រមៀត​នៅ​ចុងរដូវ​នេះ មានការ​ធ្លាក់​ចុះ​ជាង​នៅ​ដើមរដូវ ដោយ​១​គីឡូក្រាម តម្លៃ​៦​បាតប្រាក់​ថៃ ឬ​ស្មើនឹង​ជាង​៦០០​រៀល និង​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ បាន​១​គីឡូក្រាម តម្លៃ​៨​បាត ឬ​ស្មើនឹង​ជាង​៨០០​រៀល​ទេ ។

អ្នកស្រី ម៉ៅ ធឿ​ន អ្នក​ដើរ​ម៉ៅ​ចម្ការ​ស្វាយ​រូប​នេះ​បន្ដ​ថា ៖« កាលពី​ដើមរដូវ ផ្លែស្វាយ​កែវ​រមៀត អាច​លក់​បាន​រហូត​ដល់​១​គីឡូក្រាម តម្លៃ​ពី​២០​ទៅ​២៥​បាត​ឯណោះ ប៉ុន្ដែ​អាស្រ័យ​លើ​ស្វាយ​ល្អ ឬ​ស្វាយ​អន់​ដែរ ។ ទោះ​យ៉ាងនេះ​ក្ដី ក៏​នៅ​តែ​ខ្ពស់​ជាង​តម្លៃ​សព្វថ្ងៃ​ដែរ »​។ អ្នកស្រី​បន្ថែម​ថា ៖« នៅ​ចុងរដូវ​នេះ ថ្វីបើ​តម្លៃ​ធ្លាក់​ចុះ តែ​តម្លៃ​ឈ្នួល​កម្មករ​នៅ​ដដែល ។ ជា​ស្ដែង ថ្ងៃនេះ (​ថ្ងៃ​ទី​៨ ធ្នូ​) ខ្ញុំ​ជួល​កម្មករ​ឱ្យ​បេះ​ស្វាយ​បាន​ចំនួន​ជាង​២​តោន ដោយ​កម្មករ​ម្នាក់​ជួល​ថ្លៃ​៤​ម៉ឺន​រៀល ទាំង​បេះ និង​ច្រក​ដាក់​ថង់ »​។ អ្នកស្រី​កត់​សម្គាល់ថា នៅ​ឆ្នាំ​នេះ បើ​ទោះជា​តម្លៃ​ធ្លាក់​ចុះ តែ​នៅ​តាម​ចម្ការ​នីមួយ​ៗ សង្កេត​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ដាំ​ដំណាំ​ផ្លែ​ស្វាយកែវរ​មៀតច្រើន ដោយ​ម្នាក់​ៗ​រំពឹង​ថា ទីផ្សារ​កសិផល​មួយ​នេះ​នឹង​ប្រសើរ​នៅ​ឆ្នាំ​ខាង​មុខ ខណៈ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​គ្រោង​នាំ​ចេញ​ស្វាយ​ទៅ​កូរ៉េ និង​អឺរ៉ុប​ជាដើម ។ អ្នកស្រី​ថា ៖« ប្រសិនបើ​យើង​មាន​លទ្ធភាព​នាំ​ចេញ​ដោយ​ខ្លួនឯង នោះ​ទីផ្សារ​ស្វាយ​នឹង​ល្អ ហើយ​ខ្ញុំ​ក៏​ចង់ឱ្យ​តម្លៃ​វា​មាន​លំនឹង​ដែរ ព្រោះ​មិន​ចង់ឱ្យ​ឈ្មួញ​ថៃ​ដាក់​តម្លៃ​ឡើង​ចុះ​ស្រេច​តែ​ចិត្ត »​។

បច្ចុប្បន្ន​នេះ ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ចម្ការ​ស្វាយ​ជាង​១០​ម៉ឺន​ហិ​កតា ក្នុង​នោះ​គ្រាន់តែ​នៅ​ខេត្តកំពង់ស្ពឺ​មានផ្ទះ​ដី​ដំណាំ​ស្វាយ​ជាង​៤៥.០០០​ហិ​កតា ហើយ​ក្នុង​១​ឆ្នាំ កម្ពុជា​អាច​ផលិត​ស្វាយ​បាន​ពី​៧០​ម៉ឺន​ទៅ​១​លាន​តោន ។

ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ លោក អុ​ិ​ន ឆៃ​វ៉ា​ន បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្លែស្វាយ​របស់​កសិករ មាន​ឡើង​មាន​ចុះ​ទៅ​តាម​ដូ​វ ហើយ​មាន​ពេល​ខ្លះ​ទៀត ដោយសារ​តែ​ពួក​ឈ្មួញ​ខិលខូច ចង់​ទម្លាក់​តម្លៃ​ទីផ្សារ ក៏​បាន​យក​ស្វាយ​អន់​ៗ ឬ​ផ្លែ​ដែល​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​ខ្ពស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជិត ហើយ​នៅ​ពេល​គេ​មិន​ទទួលយក ក៏​យក​ស្វាយ​ទាំងនោះ​ទៅ​ចាក់ចោល រួច​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​មហាជន​យល់​ច្រ​លំ​ថា​ស្វាយ​កម្ពុជា​គ្មាន​ទីផ្សារ ។

បើ​តាម​អ្នកជំនាញ​និយាយ​ថា ដើម្បី​រក្សា​តម្លៃ​ផ្លែស្វាយ​ឲ្យ​នៅ​ខ្ពស់​លើ​ទីផ្សារ កសិករ ឬ​កម្មករ​ត្រូវ​ប្រមូល​ផល​ដោយ​ប្រុង​ប្រយ័ត្ន​។ ជាក់ស្ដែង នៅ​ពេល​បេះ​ត្រូវ​តែ​ថ្នម និង​ស្ទើរតែ​មិន​ឲ្យ​ប៉ះ​ផ្ទាល់​នឹង​ដី ឬ​ប៉ះទង្គិច​គ្នា ព្រោះ​នៅ​ពេល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ឆ្ងាយ​ៗ គឺ​ស្វាយ​ខ្ចី​មិន​ទាន់​ទុំ តែ​នៅ​ពេល​ទៅ​ដល់​ប្រទេស​នោះ ស្វាយ​នឹង​ទុំ​ល្មម​។ ដូចនេះ បើសិនជា​ស្វាយ​នោះ​ប៉ះ​ដោយ​ប្រើ​កម្លាំង​ខ្លាំង ប៉ះទង្គិច​គ្នា ឬ​ធ្លាក់​ផ្ទាល់​ដី វា​នឹង​ត្រូវ​ជាំ​សាច់ ហើយ​គេ​នឹង​លែង​ទិញ ឬ​ក៏​អាច​វាយតម្លៃ​ផលិតផល​យើង​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ