ក្មេង​ល្ហក់​នេះ​…​ក្លាយជា​មេខ្យល់​ជួញ​មនុស្ស​ទៅ​ហើយ


ខេត្តក្រចេះ ៖ ស្ត្រី​ជា​មេខ្យល់​ម្នាក់​ក្នុង​អំពើ​ជួញដូរ​មនុស្ស​ខុសច្បាប់​ ឱ្យ​ទៅ​ធ្វើការនៅ​ក្រៅប្រទេស ត្រូវ​បាន​តុលាការខេត្ត​ សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​ក្រោម​បទចោទប្រកាន់ ការ​នាំ​យក​​​ចេញ ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន ។

ស្ត្រី​ជា​មេខ្យល់​ក្នុង​អំពើ​ជួញដូរ​មនុស្ស​នេះ​ ក៏​ធ្លាប់​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ឈប់​ក្រុមហ៊ុន មិន​ឲ្យ​ធ្វើ​អា​ជី​កម្ម​ទើប​ស្ត្រី​រូប​នេះ​បាន​ប្រើ​ល្បិច​កល់​ខ្លួនឯង​បន្ត​ការ​នាំ​មនុស្ស​ចេញ ។ ស្ត្រី​រូប​នេះ​ឈ្មោះ ផូ មឿ​ន អាយុ​៣១​ឆ្នាំ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក ញិ​ល ប៊ុ​ន​លី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ សម្រេច​ចោទប្រកាន់​និង​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ។

ស្នងការ​រង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​លោកស្រី វរសេនីយ៍ឯក នៅ រតនា បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជា​មេខ្យល់​រូប​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ។ ការ​ចាប់ខ្លួន​ស្ត្រី​រូប​នេះ​ពី​កម្លាំង​សមត្ថកិច្ច​គឺ​បាន​ធ្វើ​ឡើង ទៅ​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​២៧​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ដែល​ស្ត្រី​រូប​នេះ​បាន​បោក​បញ្ឆោត​នាង​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​តាំងពី​ឆ្នាំ​២០១៤ ហើយ​រហូត​មក​ទល់​និង​ពេល​នេះ​ក៏​បាន​បាត់​ដំណឹង ។

បើ​តាម​លោកស្រី​ស្នងការ​រ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​សាកសួរ​បាន​រក​ឃើញ​ថា ក្រោយ​បញ្ចប់​ការងារ​ពី​បុគ្គលិក​ក្រុមហ៊ុន​នាំ​ពលករ ដែល​រាជរដ្ឋាភិបាល​បាន​បិទ​មិន​ឲ្យ​មាន​អាជីវកម្ម​បែប​នេះ​ទៀត ស្ត្រី​ជា​មេខ្យល់​រូប​នេះ​និង​បក្សពួក​២​នាក់​ផ្សេង​ទៀត នៅ​តែ​បន្ត​លួច​ធ្វើ​ជំនួញ​នាំ​នារី​ទៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់​បន្ត​ទៀត ។

លោកស្រី​បញ្ជាក់​ថា មាន​នារី​ចំនួន​ជាង​៣០​នាក់ ដែល​ត្រូវ​បាន​ស្ត្រី​ជា​មេខ្យល់​រូប​នេះ និង​បក្សពួក​ពីរ​នាក់​ដែល​គេចខ្លួន​បាន​បោក​បញ្ឆោត​ពួក​គេ​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​ខុសច្បាប់ ។ នារី​ដែល​រង​គ្រោះ​ទាំង​ចំនួន​ជាង​៣០​នាក់​ដែល​ត្រូវ​បាន​ពួក​គេ​បាន​នាំ​យក​ចេញ​ក្រៅប្រទេស ក្នុង​នោះ​ភាគច្រើន​ជា​អ្នក​រស់នៅ​ខេត្តក្រចេះ ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ ។

លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​អះអាង​ថា ចំពោះ​ជន​២​នាក់​ប្តី​ប្រពន្ធ​ផ្សេង ទៀត​ដែល​នៅ​ពីក្រោយ​ខ្នង​ស្ត្រី​សង្ស័យ​រូប​នេះ​លើ​ជំនួញ​ជួញដូរ​មនុស្ស​ឆ្លង​ដែន ពេល​នេះ​ពួក​គេ​កំពុង​តែ​គេចខ្លួន ហើយ​នគរបាល​កំពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ពួក​គេ​ផង​ដែរ ព្រោះ​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ចាំ​មើល​គេច​ទៅ​ពួន​ដល់​ទីណា ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ