ចាប់​បាន​ហើយ​មាន​អ្នក​ចេញ​អន្តរាគមន៍​ឱ្យ​ដោះ​លែង​ទៀត​…​អី​ក៏​គឃ្លើន​ម្ល៉េះ !


ខេត្តរតនគិរី ៖ រថយន្ត​បា​កុង​ចំនួន​៤​គ្រឿង​ដឹក​ជញ្ជូន​សម្ភារ​កែ​ច្នៃ​ឈើ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ​ស្ទាក់​ចាប់​ឃាត់​បញ្ជូន​ឱ្យ​រដ្ឋ​បាន​ព្រៃឈើ ។ ការ​ឃាត់​រថយន្ត​បា​កុង​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ នៅ​ត្រង់​ចំណុច​ភូមិ​តា​អងកា​តែ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ឃាត់​រថយន្ត​បា​កុង​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក សាយ ចំរើន អភិបាលរង​ស្រុក​កូន​មុំ​ឲ្យ​ចុះ​ឃាត់​រថយន្ត​បា​កុង​ចំនួន​៤​គ្រឿង​ដែល​ដឹក​សម្ភារ​កែ​ច្នៃ​ឈើ​មួយ​ចំនួន​ធំ ។

ប្រភព​បន្ត​ថា រថយន្ត​បា​កុង​ទាំង​៤​គ្រឿង​នោះ​ដឹក​ជញ្ជូន​សម្ភារ​ឈើ​មាន​ដូច​ជា រណារ​យន្ត​កែ​ច្នៃ​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ ជា​ច្រើន​គ្រឿង​សម្រាប់​កាប់​ផ្តួល​ឈើ​ផង​ដែរ ហើយ​ធ្វើការ​បើកបរ​ចេញពី​ភូមិសាស្ត្រ​នៃ​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ស្រុក​កូន​មុំ និង​ស្រុក​លំ​ផាត់​ខេត្តរតនគិរី​ឆ្ពោះទៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ។

មុន​ពេល​បង្ក្រាប​នោះ​លោក​អភិបាលស្រុក​កូន​មុំ​បាន​រាយការណ៍​ទៅ​អភិបាលខេត្ត​ហើយ​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​លោក​អភិបាលស្រុក​ឃាត់​រថយន្ត​បា​កុង​ខាងលើ​នោះ​តែ​ម្តង ។ ក្រោយ​ពី​ឃាត់​រថយន្ត​បា​កុង​នេះ ភ្លាម​ៗ​នោះ​ក៏​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​ឲ្យ​ដោះ​លែង​វិញ​ដែរ ប៉ុន្តែ​លោក​អភិបាលស្រុក​មិន​ដោះ​លែង​ឡើយ​ព្រោះ​ជា​បទបញ្ជា​ពី​អភិបាលខេត្ត ។

លោក សេក ហៃ អភិបាលស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ ថា​រថយន្ត​បា​កុង​ទាំង​៤​គ្រឿង​នេះ លោក​នឹង​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ជា​អ្នកចាត់ការ​បន្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ